ព័ត៌មាន
មានការរិះគន់នគរបាលខេត្តឧត្តរមានជ័យ ឃាត់រថយន្តឈ្នួលត្រួតពិនិត្យលិខិតឆ្លងដែន និងទារប្រាក់ ស្នងការខេត្តបញ្ជាក់ថា កំពុងស្រាវជ្រាវ
ឧត្តរមានជ័យ ៖ ពលរដ្ឋដែលធ្វើដំណើររួមគ្នាជាមួយជនបរទេសតាមរយៈរថយន្តរត់ឈ្នួល មានការរិះគន់ចំពោះមន្រ្តីអនុវត្តច្បាប់ចរាចរាណ៍នៅដងផ្លូវជាតិលេខ៦៨ ត្រង់ចំណុចភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ថា បានធ្វើការឃាត់រថយន្តនៅពេលដែលពួកគាត់កំពុងធ្វើដំណើរតាមដងផ្លូវជាតិលេខ៦៨ ចេញពីច្រកព្រំដែនអូរស្មាច់ មកដល់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ហើយត្រូវបានកម្លាំងមន្រ្តីចរាចរណ៍ និងកម្លាំងនគរបាលអន្តោប្រវេសន៍ខេត្ត ដែលកំពុងអនុវត្តច្បាប់រួមគ្នានោះ បានឃាត់រថយន្តក្នុងគោលបំណងត្រួតពិនិត្យលិខិតឆ្លងដែនលើជនបរទេស និងបានទារប្រាក់ពីជនបរទេសដែលមិនមានលិខិតឆ្លងដែននៅជាប់នឹងខ្លួន។ បញ្ហានេះត្រូវបានចែកចាយតាមបណ្ដាញសង្គម ហើយមានការរិះគន់មន្ដ្រីផងដែរ។
ពាក់ព័ន្ធបញ្ហានេះដែរ ស្នងការនគរបាលខេត្តឧត្តរមានជ័យលោកឧត្តមសេនីយ៍ទោ ខូវ លី បានបញ្ជាក់តាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឲ្យទូរទស្សន៍ BTV ដឹងថា ករណីកម្លាំងនគរបាលចុះអនុវត្តច្បាប់ចរាចរណ៍ដោយមានការឃាត់រថយន្តរត់ឈ្នួល ត្រួតពិនិត្យលើលិខិតឆ្លងដែនរបស់ជនបរទេស ដែលកំពុងធ្វើដំណើរត្រង់ចំណុចកំពុងអនុវត្តច្បាប់នោះលោកនឹងធ្វើការស្រាវជ្រាវ ប្រសិនបើមានមន្រ្តីណា ឬក៏បុគ្គលមួយណាបានអនុវត្តខុស និងមានការយកប្រាក់មែននោះលោកនឹងហៅមកសួរនាំ និងដាក់ពិន័យទៅតាមច្បាប់របស់នគរបាលជាតិផងដែរ។
ទាក់ទិនបញ្ហានេះដែរ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺព័ត៌មានជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជន ឲ្យដឹងដែរថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១០ និង៤៨នាទី មានរូបភាព និងសារសម្លេង បានបង្ហោះចែកចាយព័ត៌មានតាមគណនី Facebook និងប្រព័ន្ធ Telegram មានខ្លឹមសាររៀបរាប់របស់ប្រជាពលរដ្ឋ ដែលចោទប្រកាន់មកលើសមត្ថកិច្ចខេត្តឧត្តរមានជ័យ គោលដៅចរាចរណ៍ផ្លូវឡើងអូរស្មាច់ យកលុយពីជនបរទេសចំនួន ៥០០ដុល្លា ព្រោះជនបរទេស ទាំងនោះមានលិខិតឆ្លងដែនក្នុងទូរស័ព្ទ ចំណែករបស់ហ្ស៊ីនពួកគាត់នៅឯក្រុមហ៊ុនរក្សាទុក។
ពាក់ព័ន្ធការផ្សព្វផ្សាយខាងលើ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យបញ្ជាក់ថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញចរាចរណ៍ខេត្តចំនួន ០៤នាក់ បានដាក់គោលដៅត្រួតពិនិត្យរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំនុចភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមសហការពីកម្លាំងជំនាញនគរបាលនៃផែនការងារអន្តោប្រវេសន៍ ចំនួន ០១នាក់ ដើម្បីត្រួតពិនិត្យជនបរទេស ដោយយោងតាមលិខិតលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ ក្នុងបំណងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់អន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ។ ពាក់ព័ន្ធការចោទប្រកាន់ដូចបានចុះផ្សព្វផ្សាយខាងលើ ស្នងការនគរបាលខេត្តបានធ្វើការកោះប្រជុំបន្ទាន់ និងចាត់ឲ្យកម្លាំងជំនាញចុះស្រាវជ្រាវករណីនេះ កោះហៅសាម៉ីខ្លួនដែលជាប់ពាក់ព័ន្ធ មកធ្វើការបំភ្លឺ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ គោលដៅអនុវត្តច្បាប់របស់នគរបាលខេត្តឧត្ដរមានជ័យ ដែលមានការចែកចាយតាមបណ្ដាញសង្គមនោះ មិនឃើញមានដាក់អនុវត្តទៀតនោះទេ៕
ដោយ ៖ ឃិន សារិទ្ធ





-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន7 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់