ព័ត៌មាន
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ប្រោសព្រះរាជទាន គណៈប្រតិភូក្រសួងកសិកម្មចូលជួបសវនាការ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រតិភូអមដំណើរ ចូលជួបសវនាការ ដើម្បីទូលថ្វាយអំពីវឌ្ឍនភាពវិស័យកសិកម្ម ការងារអភិរក្សធនធានធម្មជាតិ និងសត្វផ្សោតទន្លេមេគង្គ នៅព្រះរាជដំណាក់គន្ធបុប្ផាក្នុងព្រះបរមរាជវាំង។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានទូលថ្វាយព្រះវររាជមាតាជាតិខ្មែរ អំពីការងារអភិរក្សធនធានធម្មជាតិ និងវឌ្ឍនភាពនៃសត្វផ្សោតទន្លេមេគង្គ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុត ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់តាមរយៈការបង្កើតក្រុមឆ្មាំទន្លេ ៧២រូប សហការជាមួយរដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង និងដៃគូនានា ដើម្បីចុះល្បាតជាប្រចាំ ស្រាវជ្រាវនិងតាមដានពីស្ថានភាពសត្វផ្សោត ជាពិសេសបានផ្តល់សកម្មភាពអប់រំផ្សព្វផ្សាយ និងណែនាំប្រជានេសាទជៀសវាងការប្រើឧបករណ៍នេសាទខុសច្បាប់និងឧបករណ៍នេសាទផ្សេងៗទៀតដែលបង្កហានិភ័យដល់សត្វផ្សោត។
ឯកឧត្តមរដ្ឋមន្រ្តី បានទូលថ្វាយបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការងារអភិរក្សនេះ និងបានចំណាយថវិកាក្នុងសកម្មភាពគ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គនេះផងដែរ។
ជាលទ្ធផលចំនួនសត្វផ្សោតមានភាពប្រសើរឡើងជាបន្តបន្ទាប់ កាត់បន្ថយអត្រាស្លាប់ឱ្យនៅទាបបំផុត ជាក់ស្តែងដើមឆ្នាំ២០២៥នេះ កូនផ្សោតកើតថ្មីមាន ៧ក្បាល និងពុំទាន់មានផ្សោតស្លាប់នៅឡើយទេ ដែលធ្វើឱ្យចំនួនផ្សោតកើនរហូតដល់ ១១១ក្បាល។ ប្រជាពលរដ្ឋមូលដ្ឋានកំពុងទទួលបានចំណូលពីការផ្តល់សេវាដល់ភ្ញៀវទេសចរណ៍ ដូចជាការនាំទេសចរណ៍ជិះទូកមើលផ្សោត ការលក់វត្ថុអនុស្សាវរីយ៍ ការស្នាក់នៅ និងការបម្រើម្ហូបអាហារផ្សេងៗ។
តាងនាមរាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានប្តេជ្ញាបន្តប្រឹងប្រែងឱ្យអស់លទ្ធភាពក្នុងកិច្ចការពារធនធានដ៏មានតម្លៃនេះសម្រាប់កិត្តិយសជាតិ ជួយដល់ប្រជាពលរដ្ឋនិងសហគមន៍មូលដ្ឋានទទួលបានប្រាក់ចំណូល លេីកកម្ពស់ជីវភាពឱ្យបានល្អប្រសើរ ជាពិសេសការការពារសត្វផ្សោតទន្លេមេគង្គកម្ពុជា ដែលជារតនសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋ និងជាកេរិ៍តដំណែលសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕







-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម