ព័ត៌មាន
កិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជានិងថៃ បានពង្រឹងពង្រីកជាលំដាប់ ឆ្លើយតបតម្រូវការនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋទំាងសងខាង
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតជូន ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ (NATTACHA BOONCHAIINSAWAT) សមាជិករដ្ឋសភានៃព្រះរាជាណាចក្រថៃ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា ក្នុងពេលដែល ឯកឧត្តម បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា។
នៅក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីសប្បាយរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ មកកាន់កម្ពុជា ដែលបានឆ្លុះបញ្ចំាងពីទំនាក់ទំនងដ៏ល្អរវាងរដ្ឋសភាប្រទេសទំាងពីរ ជាពិសេសបានឆ្លើយតបនឹងអនុស្សរណៈនៃការយោគយល់គ្នាដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានចុះហត្ថលេខា កាលពីឆ្នាំកន្លងទៅ។ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យចំណងមិត្តភាពមិត្តភាពជាប្រពៃណីដែលមានតំាងពីយូរលង់ណាស់មកហើយ កិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានសម្រេច កាន់តែរឹងមាំ ស៊ីជម្រៅឡើង ក្នុងការការពារនិងបម្រើផលប្រយោជន៍ពលរដ្ឋនៃប្រទេសទំាងពីរ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រទេសភូមិផងរបងជាប់គ្នាទំាងពីរនេះ បានបម្រើដល់តម្រូវការនិងផលប្រយោជន៍ប្រជាជនទំាងសងខាង ហើយមានការចម្រើនជាលំដាប់ ទោះបីស្ថានការណ៍តំបន់និងពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី។ ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិនៅគ្រប់កម្រិត បានផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក ក៏ដូចជាបានជួបប្រាស្រ័យទាក់ទងជាប់ជាប្រចាំ ដោយបើកចំហរ ស្មោះត្រង់ និងជឿជាក់គ្នា។ ជាក់ស្តែងនៅក្នុងឱកាសខួប ៧៥ឆ្នាំ នៃចំណងការទូតប្រទេសទំាងពីរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៧បន្ថែមទៀត ព្រមទំាងបានសម្ពោធនិមិត្តសញ្ញារំលឹកខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសភូមិផងរបងជាមួយគ្នា នៅរាជធានីភ្នំពេញ នៅក្នុងដំណើរទស្សនកិច្ចរបស់ លោកជំទាវនាយករដ្ឋមន្រ្តីថៃ មកកាន់កម្ពុជា។ ព្រមជាមួយគ្នានេះ ព្រឹត្តិការណ៍ជាច្រើនក៏បានប្រារព្ធឡើង ដើម្បីអបអរសាទរដល់ខួប៧៥ឆ្នាំ នៃចំណងមិត្តភាពប្រទេសទំាងពីរ ដូចជាការលេងកីឡារួមគ្នាជាដើម។
ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតដល់គណៈប្រតិភូរដ្ឋសភាថៃ បានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ ឯកឧត្តម ក៏បានពាំនាំការផ្តាំផ្ញើនូវការសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ ឯកឧត្តមប្រធានរដ្ឋសភាថៃ ជូនសម្តេចប្រធានរដ្ឋសភាផងដែរ។ ឯកឧត្តមបានគួសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាថៃនិងកម្ពុជា មកកាន់កម្ពុជានាឱកាសនេះ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅឡើង។ ឯកឧត្តមបានយល់ស្របចំពោះប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ដែលថាទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទំាងពីរ បានឆ្លើយតបតម្រូវការ និងផលប្រយោជន៍របស់ពលរដ្ឋទំាងសងខាង។
ឯកឧត្តម ប្រធានក្រុមមិត្តភាពសភាថៃ-កម្ពុជា បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ពីលទ្ធផលនៃជំនួបពិភាក្សាការងាររវាង ឯកឧត្តម និងសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៦ ខែឧសភានេះ ទទួលបានលទ្ធផលជាទីមោទនៈ។ ភាគីទំាងពីរបានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ភាគីទំាងពីរក៏បានផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក និងបានបង្កើតបណ្តាញទំនាក់ទំនងជាមួយគ្នា សម្រាប់កិច្ចសហប្រតិបត្តិការជាទៀងទាត់មួយផងដែរ។
នៅក្នុងកិច្ចការពារនិងស្វែងរកផលប្រយោជន៍ជូនពលរដ្ឋទំាងសងខាង សម្តេចប្រធានរដ្ឋសភានិង ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ បានផ្លាស់ប្តូរយោបល់គ្នានៅក្នុងការជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ ទេសចរណ៍ ជាដើម។ ថៃជាប្រទេសមួយដែលឈរនៅក្នុងលេខរៀងទី៥ក្នុងចំណោមប្រទេសដែលបានវិនិយោគនៅកម្ពុជា។ ថ្នាក់ដឹកនាំប្រទេសទំាងពីរ បានប្តេជ្ញាចិត្ត ក្នុងការជំរុញទំហំពាណិជ្ជកម្មប្រទេសទំាងពីរឱ្យឈានដល់ទំហំ១៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៧ខាងមុខនេះ។ ចំណែកវិស័យទេសចរណ៍វិញ រដ្ឋសភាប្រទេសទំាងពីរ បានគំាទ្រចំពោះគំនិតផ្តួចផ្តើម “ប្រាំមួយប្រទេស ទិសដៅតែមួយ បន្ថែមលើគំនិតផ្តួចផ្តើម “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ ក្នុងបំណងលើកកម្ពស់វិស័យទេសចរណ៍សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល ឆ្ពោះទៅរកការរីកចម្រើនរួមគ្នា។
សម្តេចប្រធានរដ្ឋសភា មានសុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលថៃ ពិសេសរាជវង្សានុវង្សថៃ នឹងបន្តគំាទ្រដល់វិស័យអប់រំនៅកម្ពុជា ដោយនឹងបន្ថែមចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសថៃ។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយបន្តមកដល់ការដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែផ្តល់អាទិភាពខ្ពស់បំផុតចំពោះធនធានមនុស្ស ជាការសំខាន់នៅក្នុងការពន្លឿនការអភិវឌ្ឍន៍ប្រទេសជាតិ ឈានខ្ពស់ទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕









-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
PR NEWS17 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ