ព័ត៌មាន
សម្ដេចតេជោ៖ រុស្ស៊ីបានដើរតួនាទីសំខាន់ជួយដល់កម្ពុជា ជាពិសេសអំឡុងពេលកម្ពុជាជួបការលំបាកពីអតីតកាល
នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អ៊ីហ្ក ក្រានូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីរីករាយ ស្វាគមន៍ដោយបានជួប ឯកឧត្តម អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចរបស់ ឯកឧត្តម អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សី នៅកម្ពុជានាពេលនេះ គឺបានគូសបញ្ជាក់ពីទំនាក់ទំនងរឹងមាំរវាងប្រទេសទាំងពីរ ទាំងនៅក្នុងស្ថាប័ន នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។
សម្ដេចសង្ឃឹមយ៉ាងមុតមាំថា ទស្សនកិច្ចរបស់ ឯកឧត្តម អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សី នាពេលនេះនឹងជួយត្រួសត្រាយផ្លូវក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី ក្នុងការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌បន្ថែមទៀត រួមទាំងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-រុស្ស៊ី។
ក្នុងឱកាសនោះសម្ដេចតេជោ ក៏សម្ដែងនូវការអបអរសាទរចំពោះ ឯកឧត្តមអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សី និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ីដែលបានរៀបចំព្រឹត្តិការណ៍ជាប្របវត្តិសាស្រ្ដ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ដើម្បីរំលឹកខួបលើកទី៨០ នៃជ័យជម្នះរបស់សហភាពសូវៀតលើក្រុមណាហ្ស៊ីក្នុងសង្គ្រាមលោកលើកទី២។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សី បានសម្ដែងនូវក្ដីរីករាយ និងអរគុណក្រៃលែងចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តមបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមក៏បាននាំមកនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតីរុស្ស៊ី ពូទីន ចំពោះសម្ដេចតេជោផងដែរ។ ឯកឧត្តមបានរលឹកនៅពាក្យរបស់ឯកឧត្តមប្រធានាធិបតី ពូទីន ចំពោះសម្ដេចតេជោ ដោយឯកឧត្តមបញ្ជាក់ថាឯកឧត្តមប្រធានាធិបតី ពូទីន ចាត់ទុកសម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់នៃការរួមចំណែកទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សី បានជម្រាបជូនសម្ដេចតេជោថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជានេះ ឯកឧត្តមបានជួបជាមួយថ្នាក់ដឹកនាំកម្ពុជាមួយចំនួន ជាពិសេសជួបជាមួយឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ដោយបានជជែក និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាមួយគ្នាទាក់ទងទៅនឹងវិស័យច្បាប់ និងការបណ្ដុះបណ្ដាល។ នៅក្នុងនោះឯកឧត្តមក៏បានបញ្ជាក់អំពីការគ្រោងរៀបចំវគ្គបណ្ដុះបណ្ដាលដល់មន្រ្ដីកម្ពុជានៅក្នុងក្រសួងយុត្តិធម៌ពាក់ព័ន្ធទៅនឹងវិស័យច្បាប់ទាំងនៅក្នុងប្រទេសកម្ពុជា ទាំងនៅក្នុងទឹកដីនៃប្រទេសរុស្ស៊ី រួមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអបរ់រំផងដែរ ដែលភាគីទាំងពីរគ្រោងនឹងធ្វើជាមួយគ្នា។
នៅក្នុងឱកាសនោះសម្ដេចតេជោបានសម្ដែងនូវក្ដីរីករាយចំពោះការបំពេញការងាររបស់ ឯកឧត្តមអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សី នៅក្នុងប្រទេសកម្ពុជា ហើយសម្ដេចតេជោ ក៏បានផ្ដាំត្រលប់ទៅតាមរយៈ ឯកឧត្តមអគ្គរដ្ឋអាជ្ញាដោយផ្ញើសួរសុខទុក្ខចំពោះឯកឧត្តមប្រធានាធិបតី រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងឯកឧត្តម ឌីមីទ្រី មេដវេឌេវ ប្រធានគណបក្សរុស្ស៊ីរួបរួម ផងដែរ។
ក្នុងឱកាសនោះ សម្ដេចតេជោ បានរំលឹកឡើងនូវគុណបំណាច់របស់រុស្ស៊ីដែរ ដោយសម្ដេចបានបញ្ជាក់ថា រុស្ស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់កម្ពុជា ជាពិសេសនៅក្នុងអំឡុងពេលដែលកម្ពុជាជួបការលំបាកកាលពីអតីតកាល ដោយរុស្ស៊ីតែងតែផ្ដល់ជំនួយដល់កម្ពុជា។ បន្ថែមពីលើនោះ រុស្ស៊ីក៏បានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលដល់និស្សិតកម្ពុជាជាច្រើន ហើយមកដល់ពេលនេះធនធានមនុស្សកម្ពុជាដែលបានទៅសិក្សានៅរុស្ស៊ីបានត្រលប់មកកាន់កម្ពុជា និងបានចូលរួមចណែកក្នុងការអភិវឌ្ឍជាមួយរដ្ឋាភិបាលកម្ពុជា ដែលគុណបំណាច់នេះកម្ពុជាចង់ចាំជានិច្ច។
ក្នុងឱកាសនោះសម្ដេចតេជោ ក៏បានលើកឡើងផងដែរអំពីការពង្រីកទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា ពោលគឺសម្ដេចបានស្នើ ក៏ដូចជាជំរុញបន្ថែមទៀតឱ្យរុស្ស៊ីបង្កើតនូវជើងហោះសើរត្រង់ពីមូស្កូលមកកាន់ប្រទេសកម្ពុជាឱ្យបាននៅពេលដ៏ឆាប់ខាងមុខ។ សម្ដេចតេជោបញ្ជាក់ថា នៅពេលដែលរុស្ស៊ីមានជើងហោះហើរត្រង់មកកាន់កម្ពុជានឹងជាកត្តាជំរុញបន្ថែមទៀតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងបង្កើនទេសចរផងដែរ។ ក្នុងឱកាសនោះសម្ដេចតេជោ ក៏បានជំរុញលើការធ្វើវិនិយោគ ពាណិជ្ជកម្ម រវាងកម្ពុជា រុស្ស៊ី ឱ្យមានការកើនឡើងបន្ថែមទៀត៕




-
ព័ត៌មាន2 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន5 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoកម្ពុជា បន្តតវ៉ាជំទាស់ នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងការកាន់កាប់ទឹកដីកម្ពុជា ដាក់របាំងកុងតឺន័រ និងសាងសង់ផ្លូវចូលទៅតំបន់មួយចំនួន ក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់
-
កីឡា6 days agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
កីឡា1 week agoជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម
-
ព័ត៌មាន1 week agoពិធីចាប់ត្រីឡើងមាឃ អ្នកស្រុកអង្គរ នៅតែបន្ដធ្វើរៀងរាល់ឆ្នាំ ខណៈទិន្នផលត្រីឆ្នាំនេះ កើនឡើងច្រើន
-
ព័ត៌មាន4 days agoសម្ដេចធិបតី និងលោកជំទាវបណ្ឌិត សួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលី
-
ព័ត៌មាន6 days ago រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុលដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា