ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខសពកងកម្លាំងមួកខៀវ ពលីក្នុងពេលបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយឧបាសិកា ដួង ចំរើន ព្រមទាំងក្រុមគ្រួសារសព ចំពោះមរណភាព អនុសេនីយ៍ឯក ដួង ម៉ាហ្គាលី ប្រធានក្រុមប្រតិបត្តិការ ប្រចាំតំបន់ម៉ាឡាកាល់ នៃកងអនុសេនាធំ រាជអាវុធហត្ថលេខ៨៧២ មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលបានពលីកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ២០:៥០នាទី ក្នុងជន្មាយុ ៣៤ឆ្នាំ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ សពត្រូវបានដឹកត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ និងកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងវេលាដ៏សែនក្ដុកក្ដួលបំផុតនេះ ឯកឧត្តមអគ្គលេខាធិការរងទី២ បានប្រគល់នូវសាររំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនក្រុមគ្រួសារនៃសព ដែលមានខ្លឹមសារថា «ខ្ញុំ និងសហការី សូមចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យពន់ពេក ជាមួយនិងឧបាសិកា ចំពោះការបាត់បង់ កូនជាទីស្រឡាញ់ ដែលប្រកបដោយកតញ្ញូតាធម៌ គុណធម៌ ចរិយាធម៌ គោរពប្រណិប័តន៍ចំពោះ ឪពុក ម្តាយ ក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ ញាតិសន្តានទាំងអស់។ ការលាចាករបស់ វរសេនីយ៍ឯក ដួង ម៉ាហ្គាលី ជាការបាត់បង់វីរៈយុទ្ធនារីកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានពលីជីវិតក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និង ប្រជាជនកម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកនាំសុខសន្តិភាព មិនត្រឹមតែជូនជាតិ ប្រជាជននៃសាធារណរដ្ឋស៊ូដង់ខាងត្បូងប៉ុណ្ណោះទេ តែមានគុណតម្លៃចំពោះសន្តិភាពពិភពលោកទាំងមូល។»
កាកបាទក្រហមកម្ពុជា បាននាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនចូលរួមរំលែកទក្ខជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធ វរសេនីយ៍ឯក ដួង ម៉ាហ្គាលី បានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕










-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម