ព័ត៌មាន
ការដោះស្រាយបានបញ្ចប់, កម្មករនៃក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត បានវិលចូលធ្វើការវិញ ខណៈក្រសួងនឹងពិនិត្យមើលការអនុវត្តលក្ខខណ្ឌការងារឱ្យស្របតាមច្បាប់ដើម្បីធានាពីស្តង់ដាដែលរាជរដ្ឋាភិបាលបានដាក់ចេញ
ភ្នំពេញ ៖ ការដោះស្រាយសំណើរបស់កម្មករក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.ក ត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុងលើសំណើចំនួន១០ចំណុច ក្រោមការសម្របសម្រួលដ៏លឿនរហ័សរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង និងក្រុមជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈដែលបងប្អូនកម្មករនិយោជិតភាគច្រើនបានចូលធ្វើការវិញហើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកឧត្តម ស៊ុន មេសា ដែលបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ។
ឯកឧត្តម ស៊ុន មេសា បានថ្លែងថា៖«ករណីសំណើរបស់បងប្អូននៃក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត ត្រូវបានដោះស្រាយបញ្ចប់តាំងពីល្ងាចមិញមកម៉្លេះ គឺទាំងក្រុមហ៊ុន ទាំងកម្មករបានយល់ព្រមសម្របសម្រួលគ្នា បើទោះណាចំណុចខ្លះមានភាពលើស និងខ្វះមួយចំនួនដែលមិនមានចែងក្នុងច្បាប់ក៏ដោយ ប៉ុន្តែការឈរលើប្រយោជន៍រួម ក្រុមការងារបានសម្រេចលទ្ធផលប្រកបដោយផ្លែផ្កា»។
ឯកឧត្តមបានបន្តថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការដោះស្រាយសំណើរបស់បងប្អូនកម្មករនៃក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័តដើម្បីធានាថា កម្មករទទួលបានលក្ខខណ្ឌការងារល្អប្រសើរស្របតាមច្បាប់ដែលរដ្ឋាភិបាលបានដាក់ចេញ ហើយភាគីនិយោជកត្រូវអនុវត្តឱ្យបាន១០០% ដើម្បីធានាពីអត្ថប្រយោជន៍របស់កម្មករ។ ជាមួយគ្នានេះ ក្រសួងក៏មិនអនុញ្ញាតឱ្យភាគីណាមួយយកកម្មករធ្វើជាលេស ដើម្បីទាញយកប្រយោជន៍ដែលផ្ទុយពីច្បាប់ផងដែរ។
ចំពោះសំណើ ១០ចំណុចនោះរួមមាន ការថែមម៉ាស៊ីនស្គែនវត្តមានឱ្យច្រើនជាងមុន, សំណើរៀបចំរោងអាហារ, ការសម្រួលម៉ោងពេលដល់ស្រ្តីមានផ្ទៃពោះ និងស្ត្រីមានកូនខ្ចី, ការសម្អាតអនាម័យក្នុងបន្ទប់ទឹក, ការផ្តល់ប្រាក់ថែទាំសុខភាព, ការផ្តល់ប្រាក់ជំនាញ, និងការបើកប្រាក់ឈ្នួលទៀងទាត់ជាដើម។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា «ក្រសួងរីករាយណាស់ដែលក្រុមកម្មករ និងម្ចាស់រោងចក្រមានភាពចាស់ទុំក្នុងការដោះស្រាយ និងឈរលើប្រយោជន៍រួម ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនៃបរិយាកាសការងារ និងលក្ខខណ្ឌការងារព្រោះរាជរដ្ឋាភិបាលត្រូវការស្តង់ដាការងារមួយដើម្បីធានាពីសុខុមាលភាពរបស់បងប្អូនកម្មករ និងការធានាបាននូវសង្វាក់ផលិតកម្មនៃរោងចក្រ»។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនៗជាពិសេសអាណត្តិទី៧ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវអនុសាសន៍ចំនួន ១០ចំណុចដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីលើកកម្ពស់ដល់វិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនោះកម្មករនិយោជិត គឺជាអាទិភាពមួយសំខាន់ដែលរាជរដ្ឋាភិបាលបានគិតគូរ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនដែលនៅក្នុងនោះរួមមាន ការបន្តឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ប្រចាំឆ្នាំ ការផ្ដល់ការថែទាំសុខភាពដល់សមាជិកក្នុងបន្ទុក និងការបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ រួមទាំងការបណ្តុះបណ្តាលជាដើមដែលនេះគឺសុទ្ធសឹងតែជាយន្តការគន្លឹះសំខាន់ៗដើម្បកែប្រែជីវភាពកម្មករនិយោជិត និងលក្ខខណ្ឌការងារ។
ជាមួយនឹងដំណោះស្រាយដែលបានឯកភាពគ្នាកាលពីម្សិលមិញ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង រួមទាំងមន្ត្រីជំនាញរបស់ក្រសួង នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ បានផ្សព្វផ្សាយលទ្ធផលដំណោះស្រាយដែលបានឯកភាពទាំងស្រុងដើម្បីឱ្យបងប្អូនកម្មករជឿជាក់ និងទុកចិត្តហើយវិលចូលធ្វើការវិញ៕






-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យខេត្តកោះកុង ចុះបេសកម្មពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ
-
ព័ត៌មាន1 day agoឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដាក់បទបញ្ជាដល់នាយទាហានក្រោមឱវាទទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា និងថៃ បន្តកែសម្រួលយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់លើកទី២ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន
-
ព័ត៌មាន4 days agoអូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន បានប្រាប់មិត្តបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនត្រឹមតែផ្ដាច់ការតភ្ជាប់រវាងកម្ពុជា-ថៃ ទេ តែជាការកាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៊ីផងដែរ
-
ព័ត៌មាន5 days agoសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់យុទ្ធជនដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនៅរាជធានីភ្នំពេញ
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហែរអង្គកឋិនទានមហាសាមគ្គីទៅវត្តទួលអង្គញ់ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារ
-
ព័ត៌មាន4 days agoឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមសហការរៀបចំពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ រវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង