ព័ត៌មាន
សមយុទ្ធនាគមាសឆ្នាំ២០២៥ រវាងកងទ័ពកម្ពុជា និងចិនត្រូវបិទបញ្ចប់ថ្ងៃនេះ ប្រកបដោយភាពជោគជ័យ
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឧត្តមនាវីឯក WEI WENHUI មេបញ្ជាការរងតំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីបិទសមយុទ្ធ«នាគមាសឆ្នាំ២០២៥» បន្ទាប់ពីកងទ័ពកម្ពុជា និងចិន ជាងពីរពាន់នាក់ធ្វើសមយុទ្ធរួមគ្នារយៈពេល១៥ថ្ងៃពោលគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ទទួលលទ្ធផលយ៉ាងត្រចះប្រចង់ប្រកបដោយផ្លែផ្កានោះ។

សមយុទ្ធ «នាគមាស-២០២៥» រវាងកងទ័ពកម្ពុជា និងចិនលើកទី៧នេះបានប្រព្រឹត្តទៅក្រោមប្រធានបទ៖ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» នាមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយសមយុទ្ធនាគមាសឆ្នាំ២០២៥នេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម រួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំងពីរបានឯកភាពគ្នា កសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

សមយុទ្ធនាគមាស ឆ្នាំ២០២៥នេះ ត្រូវបានចែកចេញជា២ផ្នែក ដោយទី១៖ សមយុទ្ធលើគោក និងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រនិងអាកាស នៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ដោយមានកម្លាំងទ័ពកម្ពុជា-ចិន សរុបជាង ២ពាន់នាក់ចូលរួម ព្រមទាំងមានការប្រើប្រាស់សព្វាវុធ គ្រឿងបំពាក់កាន់តែទំនើបៗ ក្នុងនោះក៏មានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលជាការឆ្លើយតបទៅនឹងការធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវឌ្ឍន៍នាពេលបច្ចុប្បន្នផងដែរ។

ជាការកត់សម្គាល់ សមយុទ្ធនាគមាសបានក្លាយ ជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបាន រវាងកម្ពុជា និងចិន។ សមយុទ្ធនេះ ពិតជាផ្ដល់នូវសារសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមទៀតដល់កងទ័ពទាំងពីរប្រទេស ដូចជាការបង្ហាញអំពីសមត្ថភាព ការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក បង្កើនការយល់ដឹងពីការបញ្ញាចម្រុះ និងនីតិវិធីប្រតិបត្តិការចម្រុះ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ ហើយមួយវិញទៀត សមយុទ្ធនេះ ក៏បានធ្វើឱ្យកងទ័ពកម្ពុជា និងចិន ពង្រឹងបាននូវទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព ចេះសម្របសម្រួល អាចរស់នៅ និងធ្វើការងាររួមគ្នាជាមួយជាតិសាសន៍ដទៃក្នុងពេលធ្វើប្រតិបត្តិការរួម ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងប្រតិបត្តិការទាំងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងគោលបំណងចូលរួមទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតមានឡើងជាយថាហេតុណាមួយនោះ។

សូមបញ្ជាក់ថាសមយុទ្ធនាគមាសប្រចាំឆ្នាំរវាងកងយោធពលខេមរភូមិន្ទជាមួយកងទ័ពរំដោះប្រជាជនចិននៅឆ្នាំ២០២៥នេះ ត្រូវបានពង្រីកទំហំកាន់តែធំ ខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ខណៈមានកម្លាំងចូលរួមចម្រុះគ្នារវាងកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានជំនាញផ្សេងៗចូលរួមផងដែរ ដើម្បីឱ្យស្របទៅនឹងទំហំកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា-ចិន ដែលកាន់តែរីកចម្រើន និងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យនោះ៕ អត្ថបទ បាន ចក់
















-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា