ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់បេសកកម្មចូលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅម៉ាឡេស៊ី ប្រកបដោយផ្លែផ្កា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី ២៥-២៧ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ បេសកកម្មរយៈពេល៣ថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធចំនួន ៧ ជំនួបត្រីភាគី ទ្វេភាគី និងជំនួបសម្តែងការគួរសមជាមួយប្រមុខរដ្ឋាភិបាលចំនួន៧ និងបានអនុញ្ញាតឱ្យក្រុមហ៊ុនធំៗចំនួន៣ចូលជួបសម្តែងការគួរសម និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមមូលបទ «បរិយាបន្ន និងចីរភាព»។ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ ប្រមុខដឹកនាំអាស៊ានបានពិនិត្យវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានលើការបញ្ចប់ប្រកបដោយជោគជ័យ នូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ សម្តេចធិបតី ក៏បានអញ្ជើញចូលរួមជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងតំណាងអន្តរសភាអាស៊ាន ជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងតំណាងយុវជនអាស៊ាន ជំនួបរវាងប្រមុខដឹកនាំអាស៊ាននិងតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រលើកទី២ កិច្ចប្រជុំកំពូលអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ-ចិន និងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍គូឡាឡាំពួស្តីពីអាស៊ានឆ្នាំ២០៤៥ «អនាគតរួមគ្នារបស់យើង»។


ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាននេះ សម្តេចធិបតី បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍រៀបចំដោយ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រម៉ាឡេស៊ី នៅព្រះបរមរាជវាំង Istana Negara ដើម្បីទទួលស្វាគមន៍ប្រមុខថ្នាក់ដឹកនាំអាស៊ាន។ ទន្ទឹមគ្នានេះ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ក៏បានអញ្ជើញចូលរួមពិធីជប់លៀង រៀបចំដោយ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង លោកជំទាវបណ្ឌិត។

ជំនួបត្រីភាគីកម្ពុជា-ឡាវ-វៀតណាម៖ ក្នុងជំនួបអាហារពេលព្រឹកការងារ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា, ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងឯកឧត្តម ផាម មិញ ជីញ នាយករដ្ឋមន្ត្រី វៀតណាម បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។ ជាមួយគ្នានេះប្រមុខរដ្ឋាភិបាលទាំងបី បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសក្ដានុពលជាច្រើន រួមមាន វិស័យពាណិជ្ជកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ថាមពល (អគ្គិសនី) ទេសចរណ៍ សន្តិសុខ និងការពារជាតិ ព្រមទាំងបានផ្លាស់ប្ដូរមតិយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ។

ក្នុងជំនួបទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី៖ សម្ដេចធិបតី បានអបអរសាទរ និងកោតសរសើរចំពោះការរៀបចំបានយ៉ាងល្អប្រសើរនូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានការវិវត្តរីកចម្រើនជាបន្តបន្ទាប់។ ជាការឆ្លើយតប ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា វិស័យថាមពល និងហាឡាល់ ដោយបានលើកទឹកចិត្តដល់ក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជានិងម៉ាឡេស៊ី បន្តពិភាក្សាគ្នាឱ្យបានស៊ីជម្រៅបន្ថែមទៀត។

ជំនួបទ្វេភាគី កម្ពុជា-ចិន៖ សម្តេចធិបតី បានសម្តែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ដែលតាមរយៈដំណើរទស្សនកិច្ចនេះ ចំណងមិត្តភាពកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកកាន់តែខ្លាំងក្លាថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានគូសបញ្ជាក់ថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ឆ្លុះបញ្ចាំងពីភាពរឹងមាំ និងការរីកចម្រើននៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងជាមិត្តដែកថែបកម្ពុជា-ចិន។

ជំនួបទ្វេភាគី កម្ពុជា-ហ្វីលីពីន៖ សម្ដេចធិបតី បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង កម្ពុជា-ហ្វីលីពីន ព្រមទាំងបានស្វាគមន៍ចំពោះការបន្តស្វែងរកកាលានុវត្តភាពថ្មីៗថែមទៀត ដើម្បីបន្តពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ។ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើរនៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់អំពីបំណងពង្រឹង និងពង្រីកទំនាក់ទំនងផ្នែកពាណិជ្ជកម្មបន្ថែមទៀត។ ប្រមុខថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីវិស័យសក្ដានុពលសំខាន់ៗមួយចំនួន ជាអាទិ៍ ឌីជីថល បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) សហគ្រាសមីក្រូធុនតូច និងមធ្យម (MSMEs) ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេវាកម្មថែទាំសុខភាព ទេសចរណ៍ ព្រមទាំងវិស័យសន្តិសុខនិងការពារជាតិ។

ជំនួបទ្វេភាគី កម្ពុជា-បារ៉ែន៖ សម្ដេចធិបតី បានជម្រាបជូនព្រះអង្គម្ចាស់រជ្ជទាយាទ អំពីការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមទាំងតំបន់មជ្ឈិមបូព៌ា ដោយកម្ពុជាកំពុងពង្រីកការតភ្ជាប់ និងប្រព័ន្ធឡូជីស្ទីករបស់ខ្លួន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន និងការអភិវឌ្ឍសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីក និងមានសមត្ថភាពទទួលនាវាដឹកទំនិញពីទូទាំងពិភពលោក។

ជំនួបសម្តែងការគួរសម កម្ពុជា-កូវ៉ែត៖ ព្រះអង្គម្ចាស់ Sheikh Sabah Khaled Al-Hamad Al-Sabah បានគូសបញ្ជាក់ពីបំណងក្នុងការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសការត្រៀមខ្លួនរបស់កូវ៉ែត ដើម្បីចែករំលែកបទពិសោធជាមួយកម្ពុជា ក្នុងវិស័យថាមពល (ប្រេង)។ ព្រះអង្គម្ចាស់ Sheikh បានសង្កត់ធ្ងន់អំពីការបន្តការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ដែលនឹងបើកផ្លូវជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ជំនួបសម្តែងការគួរសម កម្ពុជា-អូម៉ង់៖ សម្ដេចធិបតី បានថ្លែងអំពីសុខដុមនីយកម្មសាសនានៅកម្ពុជា និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធានាដល់ការប្រតិបត្តិជំនឿសាសនាទាំងអស់នៅកម្ពុជា។ សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា-អូម៉ង់ មានសក្ដានុពលច្រើនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត ហើយក្រសួងពាណិជ្ជកម្មកម្ពុជាបាននិងកំពុងខិតខំស្វែងរកឱកាស និងការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀត ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែមពីតំបន់មជ្ឈិមបូព៌ា រួមទាំងប្រទេសអូម៉ង់។
សូមបញ្ជាក់ថា នេះជាដំណើរបំពេញបេសកកម្មការងារនៅក្រៅប្រទេសលើកទី១៩ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី សម្តេច បានអញ្ជើញបំពេញទស្សនកិច្ចប្រកបដោយជោគជ័យដ៏ធំធេងក្នុងតំបន់អាស៊ី អាម៉េរិក អឺរ៉ុប និងមជ្ឈិមបូព៌ា នាពេលកន្លងមក។ ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ីរបស់ សម្តេចធិបតី នាពេលនេះ គឺជាព្រឹត្តិកាណ៍ថ្មីមួយទៀតដែលបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងឆាកតំបន់និងអន្តរជាតិ។ នេះក៏ជាសមិទ្ធផលការងារការទូតដ៏ធំមួយទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេលជិត២ឆ្នាំមកនេះ ក្នុងចំណោមសមិទ្ធផលធំៗជាច្រើនទាំងក្នុងនិងក្រៅប្រទេស ដែលធ្វើឱ្យប្រជាពលរដ្ឋមានមោទនភាព និងមានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា៕
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ថៃធ្លាប់ប្រកាសថាស្រឡាញ់សន្ដិភាព ប៉ុន្តែបែរជាប្រកាសប្រើប្រាស់កម្លាំង មិនដោះស្រាយសន្តិវិធី