ព័ត៌មាន
សម្ដេចធិបតីបញ្ជាក់ការគាំទ្រយ៉ាងខ្លាំងរបស់កម្ពុជាចំពោះសមាជិកភាពពេញលេញរបស់ទីម័រឡេស្តេក្នុងអាស៊ាន
នៅក្នុងឱកាសចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» ជាមួយមេដឹកនាំអាស៊ាន កាលពីថ្ងៃទី ២៥-២៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានរំលឹកឡើងវិញនូវការគាំទ្រយ៉ាងខ្លាំង និងជាប់លាប់របស់កម្ពុជាចំពោះសមាជិកភាពពេញលេញរបស់ទីម័រឡេស្តេក្នុងអាស៊ាននៅឆ្នាំនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ប្រកាសដោយក្រសួងការបរទេសកម្ពុជា។

តាមរយៈសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» ជាមួយមេដឹកនាំអាស៊ាន សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា ការចូលជាសមាជិកពេញលេញរបស់ទីម័រឡេស្តេនៅក្នុងអាស៊ាន មិនត្រឹមតែពង្រឹងឯកភាព និងបរិយាបន្នរបស់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសមត្ថភាពរួមរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមដែលទាំងកំពុងកើតមាន និងកើតមានថ្មីៗនេះផងដែរ។
សម្ដេចធិបតីបានបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលនេះថា សារៈសំខាន់ដូចគ្នា គឺការចូលជាសមាជិកពេញលេញរបស់ទីម័រ នឹងអាចឱ្យទីម័រឡេស្តេចូលរួម និងទទួលបានអត្ថប្រយោជន៍ពីសមាហរណកម្មនៅក្នុងតំបន់។ នៅពេលដែលយើងមកដល់ចំណុចដ៏សំខាន់មួយដែលយើងត្រូវគូសផែនទីបង្ហាញផ្លូវសម្លឹងឆ្ពោះទៅអនាគតសម្រាប់រយៈពេលពីរទសវត្សរ៍ខាងមុខ សម្តេចធិបតីបានរំលេចថា ចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ រួមទាំងផែនការយុទ្ធសាស្ត្រ នឹងដើរតួរជាត្រីវិស័យសម្រាប់នាំផ្លូវរួមសម្រាប់អាស៊ានឆ្ពោះទៅកាន់អនាគតប្រកបដោយភាពធន់ នវានុវត្តន៍ ថាមវន្ត និងផ្ដោតលើប្រជាជនជាចម្បង។
ក្នុងឱកាសកិច្ចប្រជុំនេះ ប្រមុខដឹកនាំអាស៊ាន ក៏បានគូសបញ្ជាក់ផងដែរពីសារៈសំខាន់នៃសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងការបង្កើនឡើងបន្ថែមទៀតនៃលំហូរពាណិជ្ជកម្ម និងការវិនិយោគក្នុងអាស៊ាន ដោយផ្ដោតលើកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព ដែលមិនទុកនរណាម្នាក់ និងកន្លែងណាមួយចោលដើម្បីដោះស្រាយភាពមិនប្រាកដប្រជានៃភូមិសាស្ត្រសេដ្ឋកិច្ចដែលកំពុងកើនឡើង។ ប្រមុខដឹកនាំបានបញ្ជាក់ជាថ្មីនូវការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីសេរី បើកចំហ ស្មើភាព បរិយាបន្ន និងផ្នែកលើច្បាប់។
ក្នុងនោះសម្តេចធិបតីបានសង្កត់ធ្ងន់ថា នៅចំពោះមុខនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង ជម្លោះប្រដាប់អាវុធ អូសបន្លាយ ការថយចុះនៃកិច្ចសហប្រតិបត្តិការពហុភាគី និងការកើនឡើងនៃការគំរាមកំហែងពីបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី អាស៊ានត្រូវតែមានការឯកភាពគ្នាលើគោលដៅយុទ្ធសាស្ត្រលើចក្ខុវិស័យ និងភាពច្បាស់លាស់លើសកម្មភាពរួម។ សម្តេចធិបតី បានគូសបញ្ជាក់ពីភាពចាំបាច់នៃការធ្វើសមាហរណកម្មតំបន់ឱ្យស៊ីជម្រៅ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានចំណាប់អារម្មណ៍ ដើម្បីធានាថាអាស៊ាននៅតែជាតំបន់ដែលមានស្ថិរភាព និងអាចព្យាករណ៍ទុកជាមុន អំឡុងពេលពិភពលោកកាន់តែមានភាពមិនច្បាស់លាស់។ ហើយដើម្បីបង្កើនពាណិជ្ជកម្មក្នុងអាស៊ាន សម្តេចធិបតីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្រួលដំណើរការនីតិវិធីឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពការដកចេញនូវរបាំងនានា ការបន្សំក្របខ័ណ្ឌបទបញ្ញត្តិ និងការទទួលយកអន្តរកាលឌីជីថល និងបរិស្ថានបៃតងក្នុងការបង្កើតទីផ្សារ តំបន់ដែលគ្មានរបាំង និងមានភាពធន់ផងដែរ៕

-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម