ព័ត៌មាន
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៖ កម្ពុជាកំពុងខិតខំពង្រីកកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងកម្ពុជា-អាមេរិក
កម្ពុជាបាននឹងកំពុងកិច្ចខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក និងការដោះស្រាយកត្តាដែល មានឥទ្ធិពលអវិជ្ជមាន ចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី, ការប្ដេជ្ញាចិត្តបង្ការ និងបង្រ្កាបបទល្មើស និងទប់ស្កាត់ការ ក្លែងបន្លំដើមកំណើតទំនិញដើម្បីជំរុញការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ នេះបានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Bridgette Walker ភារៈធារីស្តីទីនៃស្ថានទូតសហរដ្ឋ- អាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យបានកាន់តែស៊ីជម្រៅ និងល្អ ប្រសើរថែមទៀត ដែលរួមចំណែកយ៉ាងធំធេង ក្នុងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពើគោលដៅកម្ពុជា ក្នុងការចាកចេញពីប្រទេសដែល មានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ និងគោលដៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ក្នុងការសម្រេចគោលដៅ នេះ, កម្ពុជាត្រូវការរក្សាឲ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ពិពិធកម្មសេដ្ឋកិច្ច និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ពិសេសការទាញយក សក្តានុពលនៃមូលធនឯកជនពីអ្នកវិនិយោគបរទេស និងដៃគូវិនិយោគ ដោយក្នុងនោះសហអាមេរិក ជាដៃគូសហការដ៏ល្អប្រសើរ និង ទីផ្សារដ៏ធំរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយបង្កើនកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីករណីអត្រាពន្ធគយបដិការ រវាងកម្ពុជានិងសហរដ្ឋអាមេរិក, ក្នុងនោះឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានជម្រាបជូនថា កម្ពុជាបានខិតខំរៀបចំ និងដោះស្រាយកត្តាដែលមានឥទ្ធិពលអវិជ្ជមាន ចំពោះទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិកដូចជា៖ បានបង្កើតក្រុមការងារចំពោះកិច្ច សម្របសម្រួលទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក។ បន្ថែមលើនេះ, រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹង នីតិវិធី បង្ការ និងបង្រ្កាបបទល្មើស និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាព សម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ ជាក់ស្តែង, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ ប្រកាសអន្តរក្រសួង ស្តីពីវិធានការសម្រាប់បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅ កាន់ទីផ្សារអាមេរិក និងប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើត ទំនិញ សម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារអាមេរិក ដើម្បីជំរុញទាក់ទាញវិនិយោគិនបរទេស ឱ្យមកបណ្តាក់ទុន។

លោកស្រី Bridgette Walker បានសម្តែងនូវការសាទរចំពោះកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពិសេសកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មប្រភពវិនិយោគឯកជន។ ជាមួយគ្នានេះ, លោកស្រី ក៏បានចែករំលែកនូវការ ព្រួយបារម្ភអំពីបទល្មើសឆបោកអនឡាញ (Scams), សន្តិសុខអ៊ីនធឺណែត (Cyber Security) និងហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធឺណែត ដែលជះឥទ្ធិពលអវិជ្ជមានដល់បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចនៅកម្ពុជាក៏ដូចជានៅក្នុងតំបន់។ លោកស្រីក៏បានជម្រាបជូនថា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានបង្ហាញជំហរផ្ដល់ការគាំទ្រជាជំនួយបច្ចេកទេសដល់កម្ពុជា ពាក់ព័ន្ធទៅនឹងការពង្រឹងសមត្ថភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងបង្កើនភាពធន់ នៃវិស័យហិរញ្ញវត្ថុ៕អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
PR NEWS23 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ