ព័ត៌មាន
ទស្សនកិច្ចនៅជប៉ុនថ្ងៃដំបូង សម្ដេចធិបតី បានអញ្ជើញជួបជាមួយសមាគម និងប្រធានក្រុមហ៊ុនជប៉ុនជាបន្តបន្ទាប់
ភ្នំពេញ ៖ បន្ទាប់ពីអញ្ជើញដល់ទឹកដីនៃប្រទេសជប៉ុន ក្នុងឱកាសបំពេញទស្សនកិច្ចការងារផ្លូវការតបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន និងអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី» នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបជាមួយ ប្រធានសមាគមកម្ពុជា-ជប៉ុន ប្រធានក្រុមហ៊ុន និងអ្នកវិនិយោគិនជប៉ុនជាបន្តបន្ទាប់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងឱកាសនោះ សម្ដេចធិបតី បានអញ្ជើញ ជួបជាមួយ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ JCA បានរួមចំណែកដើម្បីលើកកម្ពស់ការយោគយល់គ្នា និងពង្រឹងទំនាក់ទំនងមិត្តភាពជប៉ុន-កម្ពុជា តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគ, ការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, និងការលើកកម្ពស់ការផ្លាស់ប្តូរទៅវិញទៅមកនៃវប្បធម៌, ការអប់រំ, និងកីឡា។
បន្ទាប់មកសម្ដេចធិបតី បន្តជួបជាមួយ លោក MIKI Watanabe នាយកប្រតិបត្តិ នៃក្រុមហ៊ុន Watami និងជាប្រធាន School Aid Japan ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ អង្គការក្រៅរដ្ឋាភិបាល School Aid Japan បានបង្កើតឡើងក្នុងឆ្នាំ២០០១ កំពុងធ្វើសកម្មភាពជំនួយមនុស្សធម៌ក្នុងប្រទេសកម្ពុជាដោយផ្តោតលើការជួយសាងសង់អាគារសិក្សា គម្រោងគាំទ្រការអប់រំ គម្រោងគាំទ្រម្ហូបអាហារ និងមណ្ឌលកុមារកំព្រា។
សម្ដេចធិបតី បានបន្តជួបជាមួយ លោក OKUMURA Yusuke ប្រធានក្រុមហ៊ុន KOUA SHOJI Co., Ltd. ។ ខណៈក្រុមហ៊ុននេះ ត្រូវបានបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ១៩៥២ ដែលផ្តោតសំខាន់លើការគិតគូរដល់បរិស្ថាន ពិសេសការកែច្នៃសំណល់ឬសំរាមផ្សេងៗ។ កន្លងមកក្រុមហ៊ុនផ្តួចផ្តើមនូវសកម្មភាពជាច្រើនផងដែរនៅកម្ពុជាលើសកម្មភាពលើកកម្ពស់ការយល់ដឹងពីការបែងចែកសំណល់, គាំទ្រសកម្មភាពប្រមូលសំរាម, ការកែច្នៃសំណល់ប្លាស្ទិក និងកីឡាផ្នែកនារីផងដែរ ដែលស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តសៀមរាប។ លើសពីនេះក្រុមហ៊ុនក៏មានគោលដៅពង្រីកបន្ថែមសកម្មភាពរបស់ខ្លួននៅខេត្តផ្សេងៗទៀតផងដែរនាពេលអនាគត។
សម្ដេចធិបតី បានបន្តជួបជាមួយ លោក HIROKI Kuriyama ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន NTT DOCOMO GLOBAL Inc.។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនយក្សលំដាប់លេខ១នៅប្រទេសជប៉ុន និងជាក្រុមហ៊ុនជួរមុខលំដាប់ពិភពលោក ដែលធ្វើសកម្មភាពអាជីវកម្ម លើវិស័យទូរគមនាគមន៍, ផ្គត់ផ្គង់សេវាកម្ម 4G និង 5G, អភិវឌ្ឍន៍បច្ចេកវិទ្យា 6G, ប្រព័ន្ធផ្កាយរណប និងទូរសព្ទចល័ត។
នៅរសៀលថ្ងៃដដែលនេះសម្ដេចធិបតី ក៏បានអញ្ជើញជួបជាមួយ លោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi Inc.។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ធ្វើអាជីវកម្មលើការផលិតគ្រឿងបង្គុំម៉ាស៊ីន និងគ្រឿងបង្គុំអេឡិចត្រូនិកចាប់តាំងឆ្នាំ១៩៥១។ បច្ចុប្បន្នក្រុមហ៊ុនក៏បានបង្កើតរោងចក្រចំនួនពីរកន្លែងនៅកម្ពុជា, ទីមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ និងទីពីរ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិសាត់ ដែលអាចបង្កើតការងារជិត១ម៉ឺនកន្លែង។
សម្ដេចធិបតី បានបន្តជួបជាមួយលោក MAEDA Tadashi ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Japan Bank for International Cooperation (JBIC)។ ក្រុមហ៊ុន JBIC គឺជាស្ថាប័នហិរញ្ញវត្ថុផ្អែកលើគោលនយោបាយរបស់រដ្ឋាភិបាលជប៉ុន ដែលផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅក្រៅប្រទេស ជាពិសេសក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។ JBIC បានក្លាយ ជាដៃគូផ្តល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុនដល់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៩មក។ បច្ចុប្បន្នមានគម្រោងមួយចំនួនដែលត្រូវបានអនុវត្តតាមរយៈកិច្ចព្រមព្រៀងឥនទានសម្បទានជាមួយ JBIC ។
សូមជម្រាបថា សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតកំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន និងអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី៣០ស្តីពី «អនាគតរបស់អាស៊ី» ចាប់ពីថ្ងៃទី ២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីតូក្យូប្រទេសជប៉ុន៕






-
ព័ត៌មាន7 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន1 week agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
កីឡា1 day agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
ព័ត៌មាន1 week agoផ្ទះចំនួន១២៦ខ្នងនៅខេត្តស្វាយរៀង ត្រៀមប្រគល់ជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨
-
ព័ត៌មាន5 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
-
ព័ត៌មាន6 days agoអបអរទិវាអន្តរជាតិនារី៖ ស្រ្ដីកំពុងចូលរួមការងារសកម្មនៅតាមមូលដ្ឋានក្នុងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ