ព័ត៌មាន
កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី៥ ឆ្នាំ២០២៥
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយទទួលបានការចាត់តាំងពីឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៥ ឆ្នាំ២០២៥ ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២៤។
ជាបឋមឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានថ្លែងថា សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២៤ ដែលកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសពិភាក្សានាព្រឹកនេះ នឹងត្រូវដាក់ជូនកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៥ ដែលគ្រោងធ្វើនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ ដើម្បីពិនិត្យ ពិភាក្សានិងអនុម័ត។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមកិច្ចដឹកប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុកការប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ជាការងារអាទិភាព ដែលបានបញ្ចូលក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីការបញ្ចប់អេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈ ដោយបានកំណត់កម្មវត្ថុចំនួនបីគឺ៖ ទី១. ការឆ្លងថ្មីនៃមេរោគអេដស៍តិចជាង១នាក់/ថ្ងៃ ឬក្នុងរង្វង់ជាង២០០នាក់/ឆ្នាំ, ទី២. កាត់បន្ថយការស្លាប់ដោយសារអេដស៍តិចជាង២០០នាក់/ឆ្នាំ, និងទី៣. លុបបំបាត់ការរើសអើង និងការមាក់ងាយអ្នកផ្ទុកមេរោគអេដស៍។
ឯកឧត្តមបណ្ឌិត បានបន្តថា តាមរយៈកិច្ចប្រឹងប្រែងចូលរួមអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យរបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា ជាសមាជិក និងអង្គការដៃគូ ដឹកនាំសម្របសម្រួលរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ប្រទេសកម្ពុជា នៅតែបន្តជោគជ័យលំដាប់ជួរមុខក្នុងការឆ្លើយតបនឹងមេរោគអេដស៍។ ថ្មីៗនេះក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាពីថ្ងៃទី១១ដល់១៦ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការUNAIDS បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកម្ពុជា ដែលសម្រេចបាន ៩២-១០០-៩៨ លើគោលដៅ៩៥-៩៥-៩៥ នៅឆ្នាំ២០២៤ ដែលជាលទ្ធផលខ្ពស់ជាងលទ្ធផលរួមរបស់ពិភពលោក។
ឯកឧត្តមបណ្ឌិត បានលើកឡើងថា ទន្ទឹមនឹងភាពជោគជ័យ ប្រទេសកម្ពុជា យើងនូវមានភាពប្រឈមមួយចំនួនទៀតដែលត្រូវបន្តប្រឹងប្រែងឆ្លើយតបរួមគ្នា ដើម្បីបញ្ចប់អេដស៍ជាការគំរាមដល់សុខភាពសាធារណៈតាមការកំណត់របស់រាជរដ្ឋាភិបាល។ ភាពប្រឈមទាំងនោះរួមមាន៖ ក្រុមយុវវ័យដែលមានអាយុ១៥ទៅ២៤ឆ្នាំ មាននិន្នាការកើនឡើងនៃការឆ្លងថ្មី ដោយសារការយល់ដឹងមានការថយចុះ។ ការប្រើប្រាស់ស្រោមអនាម័យមានការថយចុះ។ ក្រុមប្រជាជនគន្លឹះ ជាពិសេសក្រុមយុវវ័យបុរសរួមភេទជាមួយបុរស(អាយុ១៥-២៤ឆ្នាំ) ជាមុខសញ្ញាងាយរងគ្រោះដោយសារការឆ្លងមេរោគអេដស៍ខ្ពស់ ព្រោះពុំបានទទួលការបញ្ជ្រាបការយល់ដឹងអំពីហានិភ័យនៃមេរោគអេដស៍ និងជាក្រុមភ្លើតភ្លើនសប្បាយក្នុងការរួមភេទដែលពុំមានសុវត្ថិភាព។ ក្រុមនេះជាគោលដៅដែលពិបាកទាក់ទង ដើម្បីផ្ដល់ការអប់រំអំពីវិធីបង្ការការពារ។ កង្វះថវិកាសម្រាប់កម្មវិធីអេដស៍ដែលអនុវត្តដោយអង្គការសង្គមស៊ីវិល បានធ្វើឱ្យសកម្មភាពបង្ការការពារធ្លាក់ចុះជាអតិបរមា មិនបានគ្របដណ្ដប់គោលដៅងាយរងគ្រោះដូចជា៖ ក្រុមយុវវ័យបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ និងក្រុមប្រើប្រាស់និងចាក់គ្រឿងញៀន ឱ្យបាន ទូលំទូលាយ។ ការផ្តល់ឱសថបង្ការមុនការប្រព្រឹត្តប្រឈម ប្រឹព (PrEP) នៅមានកម្រិតមិនទាន់សម្រេចគោលដៅបានកំណត់ និងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ធ្វើបានតែនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ដោយឡែកនៅថ្នាក់ស្រុក និង ឃុំ សង្កាត់ ពុំទាន់ដំណើរការបានទាំងស្រុងនៅឡើយ៕
អត្ថបទ រដ្ឋា












-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា