ព័ត៌មាន
សមាគមកម្ពុជា-ជប៉ុន ដាក់ចេញផែនការសកម្មភាពបន្ថែមដេីម្បីជំរុញការវិនិយោគនៅកម្ពុជា
ភ្នំពេញ ៖ នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសមាគមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និង គណៈប្រតិភូសមាគម ចូលជួបសម្តែងការគួរសម។ ឯកឧត្តមប្រធានសមាគមបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីសកម្មភាព និងវឌ្ឍនភាពរបស់សមាគមដែលបច្ចុប្បន្ននេះ ចំនួនសមាជិកសមាគមមានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អប្រសើរសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនជប៉ុន សំដៅពង្រីកការវិនិយោគនៅកម្ពុជា។ ឯកឧត្តមប្រធានសមាគមបានបន្តទៀតថា ក្នុងឆ្នាំ២០២៥ នេះ សមាគមនឹងរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានសមាគមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់, សម្របសម្រួល និង គាំទ្រសកម្មភាពការងាររបស់សមាគម, ជាពិសេសការជំរុញ និងពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគម, ដៃគូ និង ភាគីពាក់ព័ន្ធនានានៅកម្ពុជា។ ឯកឧត្តមប្រធានសមាគមក៏បានគោរពជម្រាបជូនអំពីផែនការសកម្មភាពសំខាន់ៗចំនួន ៣ របស់សមាគម រួមមាន៖ ១. ការជំរុញសហគ្រាសធុនតូច និងមធ្យម (SMEs) និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៅកម្ពុជា ២. ការជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម (Agro-Processing) និង ៣. ការជំរុញការវិនិយោគលើសួនឧស្សាហកម្មឌីជីថលនៅកម្ពុជា។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបឯកឧត្តមប្រធានសមាគមសាជាថ្មី និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសកម្មភាពការងាររបស់សមាគម។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ជាថ្មីអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសតាមប្រភេទឧស្សាហកម្ម និងតាមប្រទេសជាក់លាក់, ជាពិសេស ការរៀបចំយន្តការតំបន់សេដ្ឋកិច្ចពិសេស សម្រាប់សហគ្រាស និង ប្រទេសជប៉ុន។ ចំពោះការជំរុញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា, សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់សមាគមឱ្យពិនិត្យលទ្ធភាពក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសដាច់ដោយឡែក នៅកម្ពុជា (Exclusive Special Economic Zone – ESEZ) សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន ដោយសម្ដេចបវរធិបតីបានគូសបញ្ជាក់ពីការគាំទ្រចំពោះការដំណើរការ ESEZ នេះ។
មុននឹងបញ្ចប់, សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់សមាគមឱ្យបន្តពិភាក្សាបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញការរៀបចំ ESEZ នេះ។







-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់