ព័ត៌មាន
ធនាគារ AIIB មានចំណាប់អារម្មណ៍ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលនៅក្នុងកម្ពុជា
នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank-AIIB) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងឱកាសនៃជំនួប, លោកប្រធានធនាគារ AIIB បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតឱ្យលោក និងសហការីបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានធនាគារ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ហើយលោកមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាបាននូវកំណើនប្រកបដោយភាពធន់ និងរឹងមាំបន្ថែមទៀត។ លោកប្រធានធនាគារក៏បានអរគុណដល់កម្ពុជាដែលបានចូលរួមជាមួយធនាគារ AIIB ក្នុងនាមជាសមាជិកស្ថាបនិក កាលពីឆ្នាំ២០១៦ និង បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីបេសកកម្ម និងប្រតិបត្តិការរបស់ធនាគារ AIIB ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាកម្ពុជាលើវិស័យសក្ដានុពលមួយចំនួន រួមមាន៖ វិស័យថាមពល, ការអភិវឌ្ឍទីក្រុង-ទីប្រជុំជន និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ លោកប្រធានធនាគារបានបញ្ជាក់ថា ធនាគារ AIIB បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការជាមួយកម្ពុជា លើវិស័យទាំងនេះ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបលោកប្រធាន និងគណៈប្រតិភូ ជាថ្មីម្តងទៀត និងបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ធនាគារ AIIB ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ជាមួយកម្ពុជា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការបន្តកសាងសមិទ្ធផលថ្មីៗជូនជាតិ និងប្រជាជន ក៏ដូចជាការធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចជាតិមួយ ប្រកបដោយភាពធន់, បរិយាបន្ន និងចីរភាព។ សម្ដេចបវរធិបតីបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាតែងតែទទួលស្វាគមន៍ និងស្វែងរកកិច្ចសហប្រតិបត្តិការពីគ្រប់ដៃគូទាំងអស់ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រេីន។
សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យធនាគារ AIIB បន្តធ្វើការកាន់តែជិតស្និទ្ធ និងពិភាក្សាលម្អិតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ជាពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្វែងរកឱកាសជាក់ស្ដែងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាង AIIB និងកម្ពុជា៕



-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់