ព័ត៌មាន
នាយករដ្ឋមន្រ្តីស្តីទីជួបពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន
ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក WAYNE FARMER ប្រធានក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី បានគូសបញ្ជាក់អំពីកត្តាសុខសន្ដិភាព និងស្ថេរភាពនយោបាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបន្ដធានាបានទាំងស្រុង ដើម្បីបង្កបរិយាកាសអំណោយផល ក្នុងការវិនិយោគនៅប្រទេសកម្ពុជា។
ក្រៅពីកត្តាសុខសន្ដិភាព ស្ថេរភាពនយោបាយហើយនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ក៏បានបង្ហាញអំពីការអនុគ្រោះ ការកែទម្រង់ ការធ្វើទំនើបកម្ម និងការបង្កលក្ខណៈងាយស្រួល ដល់ការវិនិយោគ។ បន្ថែមពីនេះកម្ពុជាមានសក្តានុពលលើគ្រប់វិស័យទាំងទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ថាមពល ព្រមទាំងពលកម្មវ័យក្មេងដែលរាជរដ្ឋាភិបាលកំពុងបណ្ដុះបណ្ដាលជំនាញ ដើម្បីត្រៀមលក្ខណៈឲ្យក្លាយជាកម្លាំងពលកម្មដ៏ល្អសម្រាប់វិនិយោគិនទាំងជាតិ និងអន្ដរជាតិផងដែរ។
នៅក្នុងកិច្ចជំនួបនោះដែរ លោក WAYNE FARMER ប្រធានក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន បានលើកឡើងថា កម្ពុជាដៃគូពាណិជ្ជកម្ម និងវិនិយោគសំខាន់មួយនៅក្នុងតំបន់ ហើយទំនាក់ទំនងទ្វេភាគីវិស័យធុរកិច្ច ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងកាណាដា បានទទួលលទ្ធផលជាផ្លែផ្កាជាច្រើន ជាក់ស្តែងទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា ក្នុងឆ្នាំ២០២៤ មានទំហំ២.៤ពាន់លានដុល្លារ ដែលបានកើនឡើងពី២.១ពាន់ដុល្លារ ក្នុងឆ្នាំ២០២៣ ក្នុងនោះកម្ពុជា គឺជាទីផ្សារសំខាន់សម្រាប់ការនាំចេញវាយនភណ្ឌទៅប្រទេសកាណាដា។
លោកបានបន្ត យោងតាមស្ថិតិអាស៊ាន ប្រទេសកាណាដា ស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលវិនិយោគបរទេសផ្ទាល់ (FDI) នៅកម្ពុជា ហើយក្រៅពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំនាក់ទំនងរវាងកាណាដា និងកម្ពុជា ក៏បានផ្សាភ្ជាប់តាមរយៈប្រជាជន និងប្រជាជនផងដែរ។ លោកបន្ថែមថា ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន គឺជាតំណាងនៃសំឡេងវិស័យឯកជនធំៗ ដែលមានប្រមាណជាង៩០សមាជិក មកពីវិស័យឧស្សាហកម្មផ្សេងៗគ្នា។
លោក WAYNE FARMER បានលើកឡើងពីគោលបំណងសំខាន់នៅក្នុងដំណើរទស្សនៈកិច្ច នាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ពាក់ព័ន្ធវិស័យធុរកិច្ច និងសេដ្ឋកិច្ច តាមរយៈការពិនិត្យមើលសក្តានុពលសំខាន់ៗ របស់កម្ពុជា។ ក្នុងជំនួបនេះលោករំពឹងថា នឹងទទួលបាននូវទស្សនៈ និងអនុសាសន៍ផ្សេងៗ ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបនិរន្តរភាព។
ជាមួយគ្នានោះដែរលោក WAYNE ក៏បានអញ្ជើញរាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងវេទិកាធុរកិច្ចកាណាដា-អាស៊ាន ដែលគ្រោងនឹងធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលជាវេទិកាផ្សាភ្ជាប់ជាមួយកិច្ចប្រជុំរដ្ឋន្ត្រីអាស៊ាន និងកាណាដា ដែលគ្រោងនឹងមានថ្នាក់ដឹកនាំផ្នែកធុរកិច្ច ៣០០ ទៅ៤០០នាក់ចូលរួមផងដែរ ក្នុងវេទិកានេះ ដែលជាឱកាសក្នុងការពង្រីកការវិនិយោគក្នុងវិស័យផ្សេងៗជាច្រើន ដូចជាការធ្វើបដិវត្តកម្មឌីជីថល ការពង្រឹងវិស័យកសិកម្ម វិស័យថាមពល និងវិស័យពាណិជ្ចកម្មផ្សេងៗទៀត៕
អត្ថបទ ៖ បាន ចក់










-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា