ព័ត៌មាន
ប្រធានព្រឹទ្ធសភាជប៉ុន កោតសរសើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា
នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ក្នុងឱកាសទស្សនកិច្ចការងារផ្លូវការ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម SEKIGUCHI Masakazu បានកោតសរសើរការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ច។ ឯកឧត្តមបានសម្ដែងការពេញចិត្ត ចំពោះទំនាក់ទំនងយូរអង្វែងរវាងជប៉ុននិងកម្ពុជា ដែលត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ រហូតត្រូវបានដំឡើងដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ២០២៣។ ឯកឧត្តមក៏បានបង្ហាញជំនឿជឿជាក់ថា ទស្សនកិច្ចរបស់សម្ដេចបវរធិបតី នាពេលនេះ នឹងរួមចំណែកពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ ឯកឧត្តមប្រធានព្រឹទ្ធសភាបានប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈយន្តការសភា។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដោយក្នុងឆ្នាំ២០២៥ នេះ គឺជាខួបលើកទី៧២ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្ដេចបវរធិបតីក៏បានរំឭកពីតួនាទីយ៉ាងសំខាន់របស់ជប៉ុនក្នុងដំណើរស្វែងរកសន្ដិភាព និងការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់កិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។ ក្នុងវិស័យអប់រំ ភាគីជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសជប៉ុន ហើយនិស្សិតមួយចំនួនដែលបានបញ្ចប់ការសិក្សាពីប្រទេសជប៉ុន បាននិងកំពុងកាន់តួនាទីសំខាន់ៗនៅក្នុងរាជរដ្ឋាភិបាល។

សម្ដេចបវរធិបតី និងឯកឧត្តមប្រធានព្រឹទ្ធសភា បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន រួមមាន៖ ការពារជាតិ សន្តិសុខ ការបោសសម្អាតមីន ពាណិជ្ជកម្ម និងវិនិយោគ ជាដើម។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគរបស់វិស័យឯកជន រួមទាំងវិនិយោគិនជប៉ុន។ ឯកឧត្តមប្រធានព្រឹទ្ធសភាក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះវិនិយោគិនជប៉ុន នៅកម្ពុជា៕


-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា