ព័ត៌មាន
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
ទីក្រុងតូក្យូ៖ កាលពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Telecommunity Ministerial Meeting- APTMM) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមពីរដ្ឋមន្រ្តីនិងតំណាងពីក្រសួងទទួលបន្ទុកទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ នៃបណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ចំនួន ៣៣ប្រទេស សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន សរុប ២១៦នាក់។
កិច្ចប្រជុំ APTMM ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការចាប់យកបច្ចេកវិទ្យាឈានមុខចុងក្រោយសម្រាប់បរិវត្តកម្មឌីជីថលប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងសមធម៌ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” បានពិនិត្យនិងអនុម័តសេចក្តីថ្លែងការណ៍ ហៅថា “សេចក្តីថ្លែងការណ៍តូក្យូ” ដែលជាផែនទីបង្ហាញផ្លូវសម្រាប់រយៈពេល5ឆ្នាំបន្ទាប់ ពាក់ព័ន្ធនឹងការតភ្ជាប់ឌីជីថល សហគ្រិនភាពនិងនវានុវត្តន៍ឌីជីថល សុវត្ថិភាព និងទំនុកចិត្ត ការកសាងសមត្ថភាពនិងបរិយាបន្នឌីជីថល និរន្តរភាព និងកិច្ចសហការនិងភាពជាដៃគូ។
ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំ ដោយរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញនវានុវត្តន៍ឌីជីថលប្រកបដោយបរិយាបន្ន រួមមាន (១) ការជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ឌីជីថល (២) ការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកវិទ្យាឌីជីថល ចាប់ពីអក្ខរកម្មមូលដ្ឋានដល់កម្រិតខ្ពស់ រួមបញ្ចូលការផ្តល់អាហារូបករណ៍និងការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (៣) ការលើកកម្ពស់ជំនាញឌីជីថល ផ្អែកលើផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលកម្ពុជា (៤) ការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត (៥) ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH និង (៦) ការអភិវឌ្ឍថា្នល DG SuperApp។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានជួបពិភាក្សាការងារជាមួយតំណាង ITU ដើម្បីបន្តពង្រឹងកិច្ចសហការរវាងស្ថាប័នទាំងពីរ។ តំណាង ITU បានអបអរសាទរនិងកោតសរសើរនូវសមិទ្ធផលនានាដែល ក.ប.ទ. សម្រេចបាននាពេលកន្លងមក និងបានសន្យាបន្តការគាំទ្រចំពោះដំណើរការបរិវត្តកម្មឌីជីថលនៅកម្ពុជាបន្តទៀត ព្រមទាំងបានលើកឡើងអំពីការជួយផ្សព្វផ្សាយនិងជំរុញការទទួលស្គាល់នូវថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH និងការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសផ្សេងៗ។
ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងទូរគមនាគមន៍របស់ប្រទេសជប៉ុន ដោយផ្តោតលើ (១) កិច្ចសហការក្នុងការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ (២) ការសិក្សាអំពីការបង្កើតប្រព័ន្ធគមនាគមន៍បើកចំហនិងមានសុវត្ថិភាព (Open RAN) និង(៣) ការវិនិយោគរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលរបស់ជប៉ុនមកកម្ពុជា ជាពិសេសក្នុងសួនឌីជីថល។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងសន្តិសុខផ្ទៃក្នុងនិងបច្ចេកវិទ្យានៃប្រទេសម៉ាល់ឌីវ ដោយផ្តោតលើ (១) វឌ្ឍនភាពនៃបរិវត្តកម្មឌីជីថល (២) ការចែករំលែកបទពិសោធ និង(៣) ការណែនាំនិងជំរុញការប្រប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH សម្រាប់ប្រទេសម៉ាល់ឌីវ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក រៀបចំឡើងរៀងរាល់៥ឆ្នាំម្តង ដោយមានការចូលរួមពីរដ្ឋមន្រ្តីទទួលបន្ទុកទូរគមនាគមន៍និងនិងបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ទាំង៣៨ជាសមាជិកនៃបណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន។










-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា