ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីមូលនិធិកុមារកម្ពុជា
ភ្នំពេញ ៖ ក្នុងឱកាសទិវាកុមារអន្តរជាតិ១មិថុនាឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ បើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលមានរយះពេល១ខែពេញ ចាប់ពីថ្ងៃទី១មិថុនា ដល់ថ្ងៃទី៣០ខែមិថុនា ២០២៥ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណរូបសំណាក លោកយាយពេញ រមណីដ្ឋានវត្តភ្នំ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយជាច្រើនកុះករ។
ថ្លែងក្នុងឱកាសបើកយុទ្ធនាការនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលមានរយៈពេលពេញ១ខែមិថុនានេះ ជាយុទ្ធនាការកៀរគរថវិកាបរិច្ចាគប្រចាំឆ្នាំមួយដ៏ធំ និងមានសារៈសំខាន់សម្រាប់ មូលនិធិគន្ធបុប្ផាកម្ពុជា និងមានគោលបំណងរួមគ្នាជាធ្លុងមួយក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរក្សានិរន្តរភាព នៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណអស់ពីដួងចិត្ត ដល់ជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ក្នុងការចូលរួមគាំទ្រ និងបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» យ៉ាងច្រើនលើសលប់ ក្រោយយុទ្ធនាការនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ក្នុងនោះរួមមានថ្នាក់ដឹកនាំ និងភរិយាថ្នាក់ដឹកនាំ, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ម្ចាស់ក្រុមហ៊ុន-សហគ្រាសសំខាន់ៗ, សមាជិក សមាគមឧកញ៉ាកម្ពុជា ក៏ដូចជាតំណាង អាណាព្យាបាល ទារក និងកុមារ, និងអ្នកធ្លាប់ទទួលបានការពិនិត្យ និងព្យាបាលដោយជោគជ័យនៅ មន្ទីរពេទ្យគន្ធបុប្ផា, និងសប្បុរសជនសំខាន់ៗ ដែលបានចូលរួមបរិច្ចាគកន្លងមក ដែលនេះសបញ្ជាក់ឱ្យឃើញពីការចូលរួមយ៉ាងផុលផុស ប្រកបដោយស្មារតីសាមគ្គីភាពរឹងមាំ របស់ប្រជាជាតិខ្មែរទាំងមូល។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណ ចំពោះការចូលរួមបរិច្ចាគយ៉ាងផុសផុលក្នុង យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ប្រចាំឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិតិ្តយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះបញ្ជាក់ពីការចូលរួមក្នុងស្មារតី “ខ្មែរជួយខ្មែរ”។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ម្យ៉ាងទៀតរៀបចំឡើងដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលបានបង្កើតគណៈកម្មការទ្រទ្រង់ មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមហ៊ុន-សហគ្រាស ដែលបានចុះអនុស្សរណៈយោគយល់គ្នា ព្រមទាំងភាគីពាក់ព័ន្ធនានា ក្នុងគោលបំណងនាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។
ក្នុងនាមប្រធានក្រុមប្រឹក្សាបរធនបាលនៃ មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សាធារណជនទូទៅ ចូលរួមគាំទ្រផ្សព្វផ្សាយអំពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥នេះ ឱ្យបានទូលំទូលាយ, កាន់តែសកម្មនិងផុសផុល ដើម្បីរួមគ្នានាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះនៅកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ»។
គួរឱ្យដឹងថា តាំងតែពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២ មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះ ចំនួនប្រមាណ៤១ម៉ឺននាក់។ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប ត្រូវចំណាយថវិកាជាង១២ម៉ឺនដុល្លារក្នុង១ថ្ងៃ ឬក៏៤៣លានដុល្លារអាមេរិកក្នុង១ឆ្នាំ ដើម្បីធានារក្សានិរន្តភាពមន្ទីរពេទ្យ ក្នុងការជួយព្យាបាលជំងឺជូនកុមារ និងពិនិត្យលើស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ ប្រកបដោយស្មើភាព និងគ្មានការរើសអើង៕
អត្ថបទ៖ សំ ងីម

-
ព័ត៌មាន1 week ago
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១
-
ព័ត៌មាន1 week ago
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មាន1 week ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន2 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន1 week ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
-
ព័ត៌មាន1 week ago
សកម្មភាពរបស់កងកម្លាំងចម្រុះរបស់ថៃ ជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើ ៤ចំណុច
-
ព័ត៌មាន3 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន1 week ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ