ព័ត៌មាន
ទស្សនកិច្ចសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅជប៉ុនទទួលបានជោគជ័យយ៉ាងធំធេងទាំងក្នុងក្របខ័ណ្ឌនយោបាយ ការទូត និងសេដ្ឋកិច្ច
ភ្នំពេញ ៖ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញនិវត្តន៍មកដល់រាជធានីភ្នំពេញកាលពីល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចការងារផ្លូវការ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ បេសកកម្មនេះ ទទួលបានជោគជ័យយ៉ាងធំធេងទាំងក្នុងក្របខ័ណ្ឌនយោបាយ ការទូត និងសេដ្ឋកិច្ច។ វត្តមាន សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ក៏ទទួលបាននូវការស្វាគមន៍ប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់យ៉ាងកក់ក្តៅ និងសិ្នទ្ធស្នាលបំផុតពីសំណាក់ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនផងដែរ។
ក្នុងក្របខ័ណ្ឌនយោបាយ និងការទូត៖ សម្ដេចធិបតី បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ឯកឧត្តម NUKAGA Fukushiro ប្រធានរដ្ឋសភាជប៉ុន ព្រមទាំងទទួលជួបសម្ដែងការគួរសមជាមួយ ព្រះអង្គម្ចាស់ Akishino Fumihito រជ្ជទាយាទជប៉ុន និងសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជាផងដែរ។
ជំនួបពិភាក្សាទ្វេភាគីជាមួយប្រធានព្រឹទ្ធសភាជប៉ុន៖ ឯកឧត្តមប្រធានព្រឹទ្ធសភា បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងយូរអង្វែងរវាងជប៉ុននិងកម្ពុជា ដែលត្រូវបានពង្រឹងនិងពង្រីកលើគ្រប់វិស័យ រហូតត្រូវបានដំឡើងដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ២០២៣។ ឯកឧត្តម បានប្ដេជ្ញាបន្តចូលរួមពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈយន្តការសភា។
ជំនួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាជប៉ុន៖ ឯកឧត្តមប្រធានរដ្ឋសភា បានគូសបញ្ជាក់ពីបំណងក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមដោយរដ្ឋសភាជប៉ុនបន្តយកចិត្តទុកដាក់ និងគាំទ្រចំពោះគ្រប់សកម្មភាពទាំងឡាយ ដែលរួមចំណែកដល់ការជំរុញចំណងមិត្តភាពប្រទេសទាំងពីរ។
ជំនួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីជប៉ុន៖ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន បានគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏សំខាន់របស់ជប៉ុន។ កិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា មានភាពរីកចម្រើនជាលំដាប់ និងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ជប៉ុននិងកម្ពុជាបានសហការគ្នាក្នុងការបណ្តុះបណ្តាលលើការដោះមីនមនុស្សធម៌ សម្រាប់អ្នកដោះមីនអ៊ុយក្រែន។
ជាការឆ្លើយតប សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ជប៉ុនជាមិត្តចាស់ មិត្តដ៏សំខាន់ និងមិត្តជិតស្និទ្ធរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងដំណាក់កាលស្វែងរកសន្តិភាព និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជាមកដល់បច្ចុប្បន្ន។ សម្ដេចធិបតី បានថ្លែងថា ក្នុងរយៈពេល៧២ឆ្នាំ នៃទំនាក់ទំនងការទូតផ្លូវការ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពូនជ្រំ ពង្រឹងនិងពង្រីកស្ទើរគ្រប់វិស័យ។ ការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីដល់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ២០២៣ គឺជាសក្ខីភាពនៃភាពជឿទុកចិត្តរវាងប្រទេសទាំងពីរ។
ប្រមុខរដ្ឋាភិបាលទាំងពីរបានពិភាក្សាអំពីអាទិភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ សន្តិសុខនិងការពារជាតិ ហិរញ្ញវត្ថុនិងធនាគារ ហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ បរិវត្តកម្មឌីជីថលនិងសន្តិសុខសាយប័រ ថាមពលស្អាត ព្រមទាំងការតភ្ជាប់ប្រជាជននិងប្រជាជន តាមរយៈវិស័យអប់រំ ទេសចរណ៍ និងការហោះហើរត្រង់។
ក្នុងជំនួបពិភាក្សាទ្វេភាគីនោះ នាយករដ្ឋមន្រ្តីទាំងពីរ បានអញ្ជើញចូលរួមថ្លែងក្នុង សន្និសីទសារព័ត៌មានរួម ដោយ នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់អំពីសារៈសំខាន់នៃការពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរ រួមមានសហបង្កើតគុណតម្លៃសេដ្ឋកិច្ច និងសង្គម និងកិច្ចសហប្រតិបត្តិការសន្តិសុខ ផ្អែកលើទំនុកចិត្តនិងមិត្តភាពដែលប្រទេសទាំងពីរបានកសាងជាច្រើនឆ្នាំកន្លងមក។
នាយករដ្ឋមន្ត្រីទាំងពីរ បានប្រកាសដាក់ចេញនូវ «កញ្ចប់សហបង្កើតសេដ្ឋកិច្ចជប៉ុន-កម្ពុជា» ដោយឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ដូចជាការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈការចូលរួមចំណែករបស់ជប៉ុនចំពោះអង្គការសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ការគាំទ្រក្រុមហ៊ុនជប៉ុន ការបង្កើតគម្រោងភាពជាដៃគូរដ្ឋ-ឯកជន និងការគាំទ្រការធ្វើឱ្យរីកចម្រើនបណ្តាញទូរគមនាគមន៍ ដើម្បីពង្រឹងឧស្សាហកម្ម និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់។
ក្នុងឱកាសដ៏វិសេសវិសាលនៃទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុននេះ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Akishino Fumihito រជ្ជទាយាទជប៉ុន។
ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ ក្នុងជំនួបដាច់ដោយឡែក សម្ដេចធិបតី បានអនុញ្ញាតជូនថ្នាក់ដឹកនាំស្ថាប័ន និងក្រុមហ៊ុនជប៉ុនលំដាប់អន្តរជាតិចំនួន ១៣ ចូលជួបសម្ដែងការគួរសម ក្នុងនោះរួមមាន សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា (JCPFL), សមាគមកម្ពុជា-ជប៉ុន (JCA),ក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិ, អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន, ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB), វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA), ក្រុមហ៊ុន Watami និង School Aid Japan, ក្រុមហ៊ុន KOUA SHOJI Co., Ltd., ក្រុមហ៊ុន NTT DOCOMO GLOBAL Inc., ក្រុមហ៊ុន Minebea Mitsumi Inc.(MMI), ក្រុមហ៊ុន Japan Bank of International Cooperation (JBIC), ក្រុមហ៊ុន Shinto Holdings Inc. (Kitayama Shoji Col., Ltd.) និងក្រុមហ៊ុន YACHIYO Engineering Co., Ltd.។ ក្នុងជំនួបនោះ តំណាងស្ថាប័ន និងក្រុមហ៊ុននីមួយៗ បានគោរពជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពនៃដំណើរការការងាររបស់ខ្លួន ជាពិសេសគម្រោងពង្រឹងនិងពង្រីកវិនិយោគថ្មីៗបន្ថែមទៀតនៅប្រទេសកម្ពុជា និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈអំណោយផលគ្រប់បែបយ៉ាងធ្វើឱ្យដំណើរការងារប្រកបដោយរលូន និងជោគជ័យ។ សម្តេចធិបតីបានប្រកាសស្វាគមន៍រាល់ការ វិនិយោគរបស់ក្រុមហ៊ុនជប៉ុន ជាមួយការបង្កលក្ខណៈងាយស្រួល ការដាក់ចេញគោលនយោបាយគាំទ្រ ព្រមទាំងធានានូវបរិយាកាសអំណោយផលប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែង។
អំឡុងពេលស្នាក់នៅប្រទេសជប៉ុននោះដែរ សម្តេចធិបតី បានអញ្ជើញចូលរួមក្នុង វេទិកាធុរកិច្ចកម្ពុជា-ជប៉ុន ដែលបានសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មជប៉ុន (AMEICC) និងធនាគារមីស៊ូហ៊ុ (Mizuho) ដែលមានវិនិយោគិនចូលរួមចំនួនជិត ៣០០នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ២២៧។
សម្តេចធិបតី បានកត់សម្គាល់ពីការរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ខណៈការដោះដូរទំនិញរវាងប្រទេសទាំងពីរសម្រេចបានជាង ២ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤កន្លងទៅ។ សម្តេចធិបតី បានលើកឡើងពីសក្តានុពលក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដោយធុរជន និងវិនិយោគិនជប៉ុន អាចទាញយកប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការអនុគ្រោះពន្ធរបស់កម្ពុជា។
បន្ទាប់ពីវេទិកាធុរកិច្ចបានបញ្ចប់ សម្តេចធិបតី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការចំនួន ២ គឺ ១. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងលើកកម្ពស់ភាពជាដៃគូធុរកិច្ចរវាងកម្ពុជានិងជប៉ុន ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលទាំងពីរ និង ២. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក្នុងគោលបំណងកសាងភាពជាដៃគូវិនិយោគដ៏រឹងមាំនាពេលអនាគត។
នាឱកាសបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុននោះ សម្ដេចធិបតី បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី អនាគតរបស់អាស៊ី ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់» ដើម្បីបង្ហាញពីទស្សនៈ និងគោលនយោបាយនៃរាជរដ្ឋាភិបាល និងការត្រៀមលក្ខណៈរបស់កម្ពុជានៅក្នុងការជំរុញប្រទេសទៅមុខក្នុងដំណាក់កាលនៃការវិវឌ្ឍរបស់ពិភពលោកប្រែប្រួល។ ក្នុងវេទិកានេះ សម្តេចធិបតី បានលើកឡើងពីការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ដែលបានធ្វើឱ្យអ្វីៗទាំងអស់នៅក្នុងទំនាក់ទំនងអន្តរជាតិកាន់តែមានភាពស្មុគស្មាញ ចាប់ពីបញ្ហានយោបាយរហូតដល់ពាណិជ្ជកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងបញ្ហាសង្គ្រាមពាណិជ្ជកម្ម ដែលបានធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្មពហុភាគីសេរី បើកចំហ បរិយាបន្ន និងផ្អែកលើច្បាប់ចុះខ្សោយ។ សម្តេចធិបតី ក៏បានចែករំលែកមេរៀនមួយចំនួនដែលកម្ពុជាធ្លាប់ឆ្លងកាត់ និងបានចាត់ទុកថា សន្តិភាព គឺជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជា។ សម្តេចធិបតី បានលើកឡើងក្នុងវេទិកានេះថា កម្ពុជាបាននិងកំពុងអនុវត្តនូវសកម្មភាព ចំនួន ៣ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលផ្តោតលើប្រជាជន ក្នុងនោះរួមមាន ១. ការកែសម្រួលឧស្សាហកម្មតាមវិស័យ ២. ការកែសម្រួលគុណភាពនៃប្រព័ន្ធឧស្សាហកម្ម និង ៣. ការធ្វើឱ្យពាណិជ្ជកម្មពហុភាគីរស់រវើកឡើងវិញ និងការជំរុញសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ។
ក្នុងបេសកកម្មអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ ISHIBA Yoshiko ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញបដិបត្តិសមាធិតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្ត Zenshoan និងពិភាក្សាគ្នាជុំវិញការបដិបត្តិសមាធិនៅកម្ពុជា និងជប៉ុន ប្រកបដោយអំណររីករាយ ស្និទ្ធស្នាល និងសទ្ធាជ្រះថ្លាជាទីបំផុត។
មុនចាកចេញពីប្រទេសជប៉ុន សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានឆ្លៀតជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការងារ និងសិក្សានៅប្រទេសជប៉ុនប្រមាណជាង ១៦០០នាក់។ ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីទំនាក់ទំនងកាន់តែល្អរវាងកម្ពុជា-ជប៉ុន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាកិច្ចសហប្រតិបត្តិការក្នុងកម្រិតខ្ពស់បំផុត និងដែលបានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់វិនិយោគិន។ សម្តេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្តគោលនយោបាយបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេស ដើម្បីឆ្លើយតបតាមការចង់បានរបស់ប្រជាពលរដ្ឋ ហើយគោលនយោបាយនេះទៀតសោតផ្តល់ផលចំណេញយ៉ាងច្រើនទាំងសេដ្ឋកិច្ច និងចំណេះជំនាញ៕

-
ព័ត៌មាន1 week ago
មានការរិះគន់នគរបាលខេត្តឧត្តរមានជ័យ ឃាត់រថយន្តឈ្នួលត្រួតពិនិត្យលិខិតឆ្លងដែន និងទារប្រាក់ ស្នងការខេត្តបញ្ជាក់ថា កំពុងស្រាវជ្រាវ
-
ព័ត៌មាន1 week ago
ស៊ុតមាន់ចំនួនជាង ២ម៉ឺន៥ពាន់គ្រាប់ នាំចូលពីប្រទេសវៀតណាម ត្រូវបានមន្រ្តីជំនាញធ្វើការឃាត់ និងដកហូត
-
ព័ត៌មាន23 hours ago
ឯកឧត្តម ហ៊ុន ម៉ានី គាំទ្រចំពោះចំណាត់ការម៉ឺងម៉ាត់របស់រដ្ឋាភិបាលលើដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ
-
ព័ត៌មាន1 week ago
ពលរដ្ឋ និងកុមារ បន្តមកចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ នៅមណ្ឌលសុខភាពក្រាំងធ្នង់ ទប់ស្កាត់ការរីករាលដាល
-
ព័ត៌មាន23 hours ago
សម្តេចតេជោ បង្ហាញការឈឺចាប់ ក្រោយទាហានថៃ លួចបាញ់ទាហានខ្មែរស្លាប់ នៅតំបន់មុំបី
-
ព័ត៌មាន23 hours ago
សម្តេចធិបតី អំពាវនាវខ្មែរគ្រប់និន្នាការបញ្ឈប់សកម្មភាពធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពហើយបន្តឧបត្ថម្ភគាំទ្រដែលជាស្មារតីសាមគ្គីជាតិ
-
ព័ត៌មាន3 days ago
អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចសិក្សានៅប្រទេសចិន
-
ព័ត៌មាន24 hours ago
សម្ដេចធិបតី បញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះកម្ពុជាត្រៀមដាក់បញ្ចូលបញ្ហាប្រាសាទតាមាន់ធំ, តាមាន់តូច, តាក្របី និងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)