ព័ត៌មាន
សម្តេចធិបតី អំពាវនាវខ្មែរគ្រប់និន្នាការបញ្ឈប់សកម្មភាពធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពហើយបន្តឧបត្ថម្ភគាំទ្រដែលជាស្មារតីសាមគ្គីជាតិ
ក្នុងសមាជ រដ្ឋសភា-ព្រឹទ្ធសភា នៅព្រឹកថ្ងៃ ទី២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ខ្មែរគ្រប់និន្នាការបញ្ឈប់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តទ័ព និងការសាមគ្គីជាតិ។
សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តត់ផ្គង់កងទ័ពនៅព្រំដែន ប៉ុន្តែការជួយគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង គឺជាការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់កងទ័ព។ សម្តេចធិបតីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរបន្តឧបត្ថម្ភគាំទ្រដល់កងទ័ពផងដែរ។
សម្តេចធិបតី បានបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវបន្ត និងរួមគ្នាក្នុងការលើកទឹកចិត្តកងកម្លាំង ហើយពេលជាមួយគ្នា ក៏ខ្ញុំសុំអំពាវនាវសាជាថ្មីចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន បើទោះមាននិន្នាការណាក៏ដោយ សូមកុំធ្វើសកម្មភាពណាដែលប៉ះពាល់ដល់ទឹកចិត្តរបស់កម្ពុជាយើង»។
សម្តេចបានបន្តថា៖«ពេលនេះជាពេលដែលប្រទេសជាតិយើងទាំងមូលត្រូវរួមគ្នា ដើម្បីត្រៀមលក្ខណៈការពារជាតិ ការពារទឹកដីរបស់យើង ជាពិសេសរួមគ្នានៅក្រោយកងទ័ពរបស់យើង ដើម្បីការពារទឹកដី។ រឿងនយោបាយ យើងនិយាយពេលផ្សេង ប៉ុន្តែនិយាយអ្វីដែលប៉ះពាល់ដល់ទឹកចិត្ត និងស្មារតីរបស់បងប្អូន សុំលុបទៅ។ មិនមែនពេលកេងចំណេញនយោបាយផ្ទៃក្នុង ប្រឆាំងគ្នាឯងនោះទេ ប៉ុន្តែជាពេលមូលមតិគ្នា មូលចិត្ត មូលគំនិតរួមគ្នា ព្រោះអ្វីដែលជាហានិភ័យ គឺទឹកដី និងជីវិតបងប្អូន»។
សម្តេចធិបតី ក៏បានអរគុណសាជាថ្មី ដល់ប្រជាពលរដ្ឋយើងទូទាំងប្រទេស ដែលតែងតែចូលរួមឧបត្ថម្ភកងទ័ព ទាំងស្បៀងអាហារ និងទឹកចិត្ត ហើយសម្តេចក៏បានស្នើសុំបន្តគាំទ្រលើកទឹកចិត្តដល់កងទ័ពរបស់យើងបន្តទៀតផងដែរ។ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច។
សម្តេចមហាបវរធិបតី សង្ឃឹមថា ភាគីទាំងពីរនឹងអាចធ្វើការជាមួយគ្នា ដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។
នាឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានរម្លឹកពីការប្រកាសពីគម្រោងបបួលថៃ នាំយកបញ្ហានៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ បើទោះបីថៃ មិនព្រមឡើងទៅ ICJ ក៏ដោយ ក៏កម្ពុជា នឹងប្តឹងដែរ ដើម្បីរំលត់ និងបញ្ចប់បញ្ហាព្រំដែនជាមួយថៃ។
បើទោះបីជាយ៉ាងណា សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់សារជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព៕

-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា