ព័ត៌មាន
២ទសវត្សរ៍ កន្លងមកនេះ CHAI បានចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា
នៅល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីគម្រប់ ខួប២០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាល និងអង្គការ CHAI (Clinton Health Access Initiative) ក្នុងបេសកកម្មលើកកម្ពស់វិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា និងពិធីជូនដំណើរលោកស្រី Soleine Scotney ដែលបញ្ចប់បេសកកម្ម ជានាយិការបស់អង្គការ CHAI ប្រចាំនៅកម្ពុជាអស់រយៈពេល៥ ឆ្នាំ។

គោលបំណងនៃការរៀបចំកម្មវិធីនេះឡើង គឺដើម្បីរំលឹកខួប២០ឆ្នាំ នៃភាពជាដៃគូរវាងក្រសួងសុខាភិបាល និងអង្គការ CHAI ។ ក្នុងរយៈពេល ២ទសវត្សរ៍កន្លងមក CHAI បានចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា កិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងអង្គការ CHAI នេះ បានរីកចម្រើនល្អប្រសើរ និងបានចាប់ដៃគ្នា បេ្តជ្ញាចិត្តរួមគ្នាក្នុងប្រតិបត្តិការសំខាន់ៗ រួមមាន ប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ជំងឺរបេង និងជំងឺអេដស៍ ពង្រឹងការយកចិត្តទុកដាក់លើបញ្ហាសុខភាពបន្តពូជ និងមាតា យុទ្ធនាការចាក់ថ្នាំបង្ការ ប្រព័ន្ធអុកស៊ីហ្សែន ពង្រឹងសេវាមន្ទីរពិសោធន៍ ការការពារជំងឺមិនឆ្លង និងការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលឌីជីថល។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសសើរចំពោះអង្គការ CHAI និងលោកស្រី Soleine Scotney ដែលបានលះបង់ពេលវេលា មិនត្រឹមតែជួយកម្ពុជានោះទេ តែបានស្វែងយល់នូវបញ្ហាដែលកម្ពុជាជួបប្រទះ និងបានចូលរួមផ្តល់មតិយោបល់ ព្រមទាំងបានចូលរួមក្នុងការងារជាមួយក្រសួងសុខាភិបាល ក្នុងបេសកកម្មសំខាន់ៗជាច្រើន។ ឯកឧត្តមសាស្រ្តាចារ្យ បានរំលឹកអំពីការយកចិត្តទុកដាក់ និងការលះបង់របស់ CHAI ដែលតែងតែនៅឈរជាមួយកម្ពុជា និងឆ្លងកាត់ឧបសគ្គជាមួយគ្នានាពេលកន្លងមក ជាពិសេសក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។

នាពិធីនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យ បានទទួលលិខិតថ្លែងអំណរគុណពី លោក Bill Clinton ជាអតីតប្រធានាធិបតីទី៤២ របស់សហរដ្ឋអាមេរិក ព្រមទាំងជាស្ថាបនិក និងជាប្រធាននៃ Clinton Global Initiative (CGI) តាមរយៈ លោក Joshua Chu នាយកប្រតិបត្តិការអង្គការ CHAI។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់មហាសេនា ដល់លោកស្រី Soleine Scotney និងសហការី ២រូប នៃអង្គការ CHAI ដើម្បីជាការថ្លៃងអំណរគុណ សម្រាប់ការដឹកនាំដ៏ល្អ របស់លោកស្រី ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កិច្ចសហការជាមួយក្រសួងសុខាភិបាល និងចូលរួមចំណែកក្នុងបេសកកម្មលើកកម្ពស់សុខភាពសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា៕អត្ថបទ រដ្ឋា




-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»