ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានពិតស្តីពីជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលចំពោះបូរណភាពទឹកដីបង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ
«ប្រជាពលរដ្ឋខ្មែរមានមោទនភាពនិងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល និងជាមួយកងទ័ពដោយបង្កើតបានជាខឿនការពារជាតិយ៉ាងរឹងមាំបន្ទាប់ពីពួកគេយល់ច្បាស់អំពីគោលជំហរដ៏ម៉ឺងម៉ាត់និងចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាគណៈអធិបតី និងជាវាគ្មិននៅក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកយកករណីនេះជាឧទាហរណ៍ដើម្បីបង្ហាញដល់មន្ត្រីអ្នកនាំពាក្យនិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ស្តីពីសារសំខាន់នៃការផ្តល់ព័ត៌មានពិតពីរាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ។ បើតាមឯកឧត្តម ប៉ែន បូណា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន បានសាងសមិទ្ធផលធំធេងណាស់ជូនជាតិនិងប្រជាពលរដ្ឋតាំងពីសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់បែបយ៉ាង រហូតដល់កិច្ចការពារបូរណភាពទឹកដី។ ដូច្នេះ យើងទាំងអស់គ្នាត្រូវខិតខំផ្សព្វផ្សាយតាមរបៀបបុរេសកម្មជូនប្រជាពលរដ្ឋយើងបានជ្រាប។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរំលឹកថា ការរៀបចំដំណើរទស្សនកិច្ចដោយឥតគិតថ្លៃ ទៅកាន់ភូមិភាគឥសាន កាលពីចុងឆ្នាំ២០២៤ ដោយសម្តេចធិបតីនាយករដ្ឋមន្ត្រីក៏ធ្វើឡើងក្នុងគោលបំណងបង្ហាញការពិតឱ្យប្រជាពលរដ្ឋបានឃើញពីការបោះបង្គោលព្រំដែន និងការសាងសង់ផ្លូវក្រវាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។ ប្រជាពលរដ្ឋដែលបានទៅដល់ទីនោះសុទ្ធតែបានកោតស្ញប់ស្ញែងចំពោះបញ្ញាញាណរបស់ថ្នាក់ដឹកនាំ និងបានគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល។ បច្ចុប្បន្ន ខឿនការពារជាតិដ៏រឹងមាំបានបង្ហាញឡើងសារជាថ្មីបន្ទាប់ពីប្រជាពលរដ្ឋបានឃើញច្បាស់ពីជំហរម៉ឺងម៉ាត់និងចំណាត់ការច្បាស់លាស់របស់រាជរដ្ឋាភិបាលចំពោះបូរណភាពទឹកដី។ ទាំងនេះ គឺជាឧទាហរណ៍ជាក់ស្តែងដែលបង្ហាញពីឥទ្ធិពលនៃការផ្សាយព័ត៌មានពិតដែលយើងទាំងអស់គ្នាត្រូវរួមគ្នាធ្វើ។

ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ែន បូណា ក៏បានជំរុញឱ្យមន្ត្រីអ្នកនាំពាក្យ និងអាជ្ញាធរពាក់ព័ន្ធក៏ត្រូវតែសកម្មផងដែរចំពោះប្រតិកម្មបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានបំផ្លើសបំភ្លៃនានាដែលមានចេតនាមួលបង្កាច់ថ្នាក់ដឹកនាំឬជាន់ពន្លិចសមិទ្ធផលរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបញ្ជាក់ថា យើងទទួលយកការរិះគន់បែបស្ថាបនា និងមតិយោបល់នានាដើម្បីកែលម្អរ ឬទទួលយកសំណូមពររបស់ប្រជាពលរដ្ឋមកដោះស្រាយ។ ប៉ុន្តែ យើងមិនត្រូវទុកឱ្យព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃណាមួយមកបំពុលសង្គមដោយមិនបានបកស្រាយជូនប្រជាពលរដ្ឋឱ្យបានយល់នោះឡើយ ជាពិសេសព័ត៌មានក្លែងក្លាយ ឬញុះញង់ពាក់ព័ន្ធនឹងបូរណភាពទឹកដីអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ដែលយើងត្រូវរួមគ្នាបន្សាបជាបន្ទាន់។

សូមបញ្ជាក់ថា សិក្ខាសាលានេះមានការចូលរួមពីឯកឧត្តម សោ សុវណ្ណ អភិបាលរងនិងជាអ្នកនាំពាក្យ តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំសង្កាត់ សរុបចំនួន ១៥០នាក់។ ឯកឧត្តម សោ សុវណ្ណ បានថ្លែងថា ស្របពេលដែលពិភពលោកមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន បានធ្វើឱ្យមានបញ្ហាជាច្រើន ដូចជាបញ្ហាព័ត៌មានក្លែងក្លាយ ព័ត៌មានអុជអាល ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។

ឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋបាលខេត្តក៏បានបង្កើតឱ្យមានក្រុមការងារសម្របសម្រួលព័ត៌មាននិងសាធារណៈមតិ ដែលរៀបចំឡើងដើម្បីឱ្យមានការទទួលខុសត្រូវច្បាស់លាស់ និងពង្រឹងប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យរបស់រដ្ឋបាលខេត្ត និងបានណែនាំឱ្យគ្រប់មន្ទីរ អង្គភាពរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ យកចិត្តទុកដាក់ក្នុងកិច្ចការពង្រឹងការងារគ្រប់គ្រងព័ត៌មាន និងចេះឆ្លើយឆ្លងព័ត៌មានឱ្យមានប្រសិទ្ធភាព ក៏ដូចជាការផ្សព្វផ្សាយនូវសកម្មភាព និងសមិទ្ធផលរបស់អង្គភាពរបស់ខ្លួនឱ្យបានសកម្មខ្លាំងក្លាថែមទៀត៕


-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន5 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន1 week agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន1 week agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន4 days agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
-
ព័ត៌មាន3 days agoក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក
-
ព័ត៌មាន5 days agoខេត្តនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន ២២ គម្រោង មានទុនសរុបជិត ៤០០ លានដុល្លារ