ព័ត៌មាន
ជិត៧០ឆ្នាំមកនេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រួមជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខភាពសាធារណៈ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានប៉ាស្ទ័រប៉ារីស ដឹកនាំដោយលោកស្រី Odette TOMESCU-HATTO អនុប្រធានប្រតិបត្តិនៃនាយកដ្ឋានកិច្ចការអន្តរជាតិ រួមដំណើរដោយលោកសាស្ត្រាចារ្យ Pr André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសម្តែងនូវការកោតសរសើរ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលរួមចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា រយៈពេលជិត៧០ឆ្នាំមកហើយ។ ការពិភាក្សា បានផ្តោតលើការពង្រឹងភាពជាដៃគូដែលមានស្រាប់ និងពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការបន្ថែមទៀតដូចជា ការស្រាវជ្រាវជំងឺឆ្លង ការកសាងសមត្ថភាពមន្ទីរពិសោធន៍ និងការបណ្តុះបណ្តាលអ្នកជំនាញ។
លោកស្រី Odette TOMESCU-HATTO បានជម្រាបជូននូវការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានប៉ាស្ទ័រប៉ារីស ក្នុងការចូលរួមគាំទ្រគំនិតផ្តួចផ្តើមផ្នែកសុខាភិបាលនៅកម្ពុជា និងបន្តធ្វើការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងតួនាទីដ៏សំខាន់ឆ្លើយតបបានទៅនឹងតម្រូវការនៃសុខភាពសាធារណៈរបស់កម្ពុជា តាមរយៈក្រសួងសុខាភិបាល។ ភាគីទាំងពីរ បានទទួលស្គាល់ពីសារៈសំខាន់នៃការបន្តការផ្លាស់ប្តូរបទពិសោធន៍ របកគំហើញវិទ្យាសាស្ត្រ និងគម្រោងកិច្ចសហប្រតិបត្តិការនានា ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពជាសកល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថាន និងក្រសួងសុខាភិបាល និងស្នើសុំឱ្យពង្រីកកិច្ចសហការ និងបន្តការផ្ទេរបច្ចេកវិទ្យា ចែករំលែកបទពិសោធន៍ ជូនដល់មន្ត្រីសុខាភិបាល ក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ឱ្យកាន់តែប្រសើរឡើង ព្រមទាំងបានជម្រាបជូនថា ដំណើរទស្សនកិច្ចនេះ បង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងបារាំង ក្នុងវិស័យសុខាភិបាល និងការយកចិត្តទុកដាក់រួមគ្នាក្នុងការជំរុញចំណេះដឹង វិទ្យាសាស្ត្រ និងសុខភាពសាធារណៈ។
ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានប៉ាស្ទ័រប៉ារីស ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ចូលរួមដំណើរការអភិវឌ្ឍន៍សុខាភិបាលឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ រដ្ឋា
















-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា