ព័ត៌មាន
ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកខួបលើកទី២៩ ខេត្តពោធិ៍សាត់បើកយុទ្ធនាការដាំដើមឈើ ១២ម៉ឺនដើម
ក្នុងឱកាស ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកខួបលើកទី២៩ ថ្ងៃទី៥ មិថុនា ឆ្នាំ២០២៥ ក្នុងខេត្តពោធិ៍សាត់ បានបើកយុទ្ធនាការដាំដើមឈើចំនួន១២ម៉ឺនដើម នៅតំបន់ភ្នំ១៥០០ ស្រុកវាលវែង ។ យុទ្ធនាការនេះ ក្រោមកិច្ចសហការរវាង ក្រសួងរ៉ែនិងថាមពល ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដោយទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីក្រុមហ៊ុនរ៉ឺនេសសង់មីនើរ៉ល លីមីធីត (Renaissance Minerals (Cambodia) Limited ) ។

ពិធីបើកយុទ្ធនាការនេះត្រូវបានរៀបចំឡើងនៅជើងភ្នំ១៥០០ ស្ថិតក្នុងឃុំអន្លង់រាប ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែនិងថាមពល តំណាងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងក្រុមហ៊ុនរ៉ឺនេសសង់មីនើរ៉ល លីមីធីត និងដោយមានការចូលរួមពីមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី លោកគ្រូអ្នកគ្រូ យុវជន សិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋប្រមាណ៥០០នាក់ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ឹង ឌីប៉ូឡា មានប្រសាសន៍លើកឡើងថា នេះគឺជាយុទ្ធនាការដាំដើមឈើស្តារឡើងវិញក្នុងជំហានទី២នៅតំបន់ផ្លូវអន្ទង់អាំងភ្នំ១៥០០ បន្ទាប់ពីដើមឈើប្រមាណ៥ម៉ឺនដើម ត្រូវបានដាំស្តារឡើងវិញរួចរាល់ក្នុងជំហានទី១ កាលពីឆ្នាំ២០២៤ ហើយក្នុងជំហានទី២នេះ ដើមឈើចម្រុះ១៤ប្រភេទចំនួន១២ម៉ឺនដើមបន្ថែមទៀត នឹងត្រូវយកទៅដាំបំពេញតាមទីតាំងសេសសល់មួយចំនួន និងនៅអមសងខាងផ្លូវ ចាប់ពីចំនុចបន្ទាយទាហានរហូតដល់អូរភ្នំ១៥០០ ហើយយុទ្ធនាការនេះ គឺដើម្បីឲ្យតំបន់នេះ ក្លាយជាតំបន់បៃតងមានគម្របព្រៃឡើងវិញ ជាពិសេសក្លាយជាតំបន់ទេសចរណ៍ដ៏ប្រណិតមួយ ។

ជាមួយគ្នានោះ ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណចំពោះក្រុមការងារថ្នាក់ជាតិដែលបានបន្តយកចិត្តទុកដាក់ជម្រុញឱ្យខេត្តពោធិ៍សាត់មានវឌ្ឍនភាពជាបន្តបន្ទាប់ជាពិសេសតំបន់អន្ទង់អាំង ឬផ្លូវបុផ្ផាលាក់ខ្លួន ឬភ្នំ១៥០០ ទាំងក្នុងជំហានទី១និងជំហានទី២ ហើយរដ្ឋបាលខេត្តបាននឹងកំពុងខិតខំយកចិត្ត ទុកដាក់ចូលរួមសហការជាមួយក្រុមការងារថ្នាក់ជាតិនិងក្រុមហ៊ុនដោយបានបំផុសឱ្យគ្រប់មន្ទីរ អង្គភាព អាជ្ញាធរដែនដី ប្រជាពលរដ្ឋនិងស្រទាប់យុវជនដាំដើមឈើបន្ថែមនៅតំបន់ផ្លូវអន្ទង់អាំង ភ្នំ១៥០០ក្នុងស្រុកវាលវែង ។

សូមជម្រាបជូនថាកាលពីអំឡុងខែមីនា ឆ្នាំ២០២៤កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានគូសបញ្ជាក់ និងចង្អុលណែនាំពាក់ព័ន្ធនឹងកិច្ចការងារអភិរក្សសម្បត្តិធនធានធម្មជាតិ ត្រង់ចំណុច ផ្លូវអន្លង់អាំងដែលត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រសិទ្ធនាមថា «បុប្ផាលាក់ខ្លួន» (ភ្នំ១៥០០) ដោយបានណែនាំឱ្យស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យឡើងវិញលើកិច្ចការអភិរក្សតំបន់នេះ ទុកសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងស្រុកនិងក្រៅប្រទេស មកកម្សាន្តលេង។ សម្តេចមហាបវរធិបតី បានចាត់តាំង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារអន្តរក្រសួងពាក់ព័ន្ធ និងអាជ្ញាធរ ខេត្តក្នុងការដោះស្រាយ និងរៀបចំតំបន់បុប្ផាលាក់ខ្លួន ឱ្យក្លាយជាកន្លែងអភិរក្សព្រៃឈើសម្រាប់ទេសចរណ៍ គយគន់ទស្សនា។ តំបន់ «បុប្ផាលាក់ខ្លួន» (ភ្នំ១៥០០) នេះ ត្រូវបានកំណត់លើផ្ទៃដីប្រមាណ ៨០០ហិកតា សម្រាប់កិច្ចការស្តារបរិស្ថានឡើងវិញ ដោយក្នុងនោះប្រជាពលរដ្ឋ បានចូលទៅទន្ទ្រាននិងកាន់កាប់អាស្រ័យ ផលលើផ្ទៃដីប្រមាណ ១២២ហិកតា ប៉ុន្តែបានស្ម័គ្រចិត្តប្រគល់ជូនរដ្ឋវិញ ក្រោយមានការចុះណែនាំនិងដោះស្រាយ សំណងសមស្របពីរដ្ឋបាលខេត្តពោធិ៍សាត់។ ក្នុងគោលបំណងស្តារឡើងវិញ នូវទីតាំងដែលត្រូវបានទន្ទ្រាននិង កាន់កាប់ ក្រសួងរ៉ែនិងថាមពល ក្រោមកិច្ចសហការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុពី ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ដែលជាក្រុមហ៊ុនអូរស្ត្រាលីកំពុងធ្វើអាជីវកម្មរ៉ែមាសនៅតំបន់អូរខ្វាវ ខេត្ត មណ្ឌលគិរី បានរៀបចំក្រុមការងារចម្រុះ ក្នុងការចុះសិក្សាអំពីផែនការស្តារបរិស្ថានឡើងវិញនៅតំបន់«បុប្ផាលាក់ ខ្លួន» (ភ្នំ១៥០០) ឬហៅថាតំបន់ផ្លូវអន្ទង់អាំងនៃជើងភ្នំ១៥០០នេះ ៕









-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន6 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន6 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន5 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន15 hours agoរដ្ឋបាលរាជធានី នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅតីរវិថីព្រះស៊ីសុវត្ថិ ជាបណ្ដោះអាសន្ន
-
ព័ត៌មាន7 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន1 week agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន