ព័ត៌មាន
TOP STORY | កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ JBC ជាមួយថៃ ប៉ុន្តែមិនយកបញ្ហាតំបន់មុំ៣ ប្រាសាទតាមាន់ធំ, តាមាន់តូច និងតាក្របីដាក់បញ្ចូលក្នុងរបៀបវារៈនោះទេ
ភ្នំពេញ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយអះអាងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប៉ុន្តែកម្ពុជាមិនយកបញ្ហានៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតាក្របី ដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ JBC នោះទេ ព្រោះកម្ពុជាបានសម្រេចបញ្ជូនបញ្ហានេះទៅតុលាការ ICJ រួចហើយ។
យោងតាមសេចក្ដីថ្លែងការណ៍របស់បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសដែលចាក់ឫសក្នុង សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិនានា ជាពិសេសជាមួយប្រទេសជិតខាង មានព្រំដែនរួម ដែលត្រូវបានបែងចែកឡើង តាំងពីអំឡុងសម័យអាណានិគមបារាំង។
ចាប់តាំងពីទទួលបានឯករាជ្យមក លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមមួយប៉ុណ្ណោះ កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រែក្លាយព្រំដែនរួមទាំងនេះទៅជាតំបន់ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ដំណើរជាតិរបស់យើងតែងជួបការប្រឈមជាច្រើន ប៉ុន្តែកម្ពុជាតែងផ្តល់អាទិភាពដល់ការដោះស្រាយរាល់បញ្ហាព្រំដែនដោយសន្តិវិធី ទោះបីជាខណៈខ្លះ ប្រឈមនឹងភាពតានតឹង និងការបាត់បង់គួរឱ្យសោកស្តាយនូវអាយុជីវិតទាហានដ៏អង់អាចក្លាហានរបស់យើង ដែលឈរជើងការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។
សេចេក្ដីថ្លែងការណ៍បានបញ្ជាក់ថា ការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការដោះស្រាយដោយសន្តិវិធីត្រូវបាន ស្តែងឡើងតាមរយៈអាកប្បកិរិយាជាប្រវត្តិសាស្ត្ររបស់ខ្លួន រួមទាំងការបញ្ជូនវិវាទព្រំដែនទៅកាន់តុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ដែលបានកាត់ក្តីឱ្យកម្ពុជាឈ្នះម្តងនៅឆ្នាំ ១៩៦២ និងឈ្នះម្តងទៀតនៅឆ្នាំ ២០១៣ នៅក្នុងជម្លោះព្រំដែន ជាមួយប្រទេសថៃ។ សកម្មភាពទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ចំពោះច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។
ជាការគួរឱ្យសោកស្តាយ ដែលនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៥ និង ៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយបានកើតឡើង នៅពេលដែលកងកម្លាំងយោធាថៃបានបើកការបាញ់ ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជា តំបន់ត្រូវបានទទួលស្គាល់ថាជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ។ ការផ្ទុះអាវុធនេះបានបណ្តាលឱ្យទាហាន ខ្មែរម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងការប្រើប្រាស់កម្លាំងដោយគ្មានមូលហេតុនេះ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ បូរណភាពទឹកដី និងគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ដែលមានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ រវាងប្រទេសទាំងពីរ។
ឧប្បត្តិហេតុនេះ គឺស្ថិតក្នុងចំណោមការវិវត្តមួយចំនួនដ៏គួរឱ្យបារម្ភ ដែលបង្ហាញពីដែនកំណត់នៃ យន្តការដោះស្រាយវិវាទបច្ចុប្បន្ន ជាពិសេសនៅក្នុងការដោះស្រាយចំណុចជម្លោះដ៏យូរលង់ នៅតាមព្រំដែនរួម របស់យើង។ ដោយមើលឃើញពីបញ្ហានេះ និងដើម្បីផលប្រយោជន៍នៃការធានាបាននូវដំណោះស្រាយ មួយដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនវិវាទនៅតំបន់ដែលមានភាពរសើបចំនួនបួន គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច និងប្រាសាទតាក្របី ទៅតុលាការររ នៅទីក្រុងឡាអេ។ តំបន់ទាំងបួននេះនៅតែមិនទាន់ដាច់ស្រេច និងមានភាពរសើបជាយូរយារណាស់មកហើយ ដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិន មានការដោះស្រាយនោះទេ។ ការសម្រេចនេះទទួលបានការគាំទ្រជាឯកច្ឆន្ទ ពីសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅថ្ងៃ ដដែលនោះ។
ស្របពេលនៃការបន្តស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការICJ រាជរដ្ឋាភិបាលនៅតែប្តេជ្ញា ចិត្តបន្តការសន្ទនា និងច្រកការទូត។ កម្ពុជានឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខ័ណ្ឌទ្វេភាគី ដែលមានស្រាប់ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោល ព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ទោះជាយ៉ាងនេះក្តី ដោយសារមានការបញ្ជូនវិវាទខាងលើទៅតុលាការICJ នោះ ករណីតំបន់ទាំងបួនខាងលើនឹងមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំJBC នាពេលខាងមុខនេះ។
កម្ពុជាសង្ឃឹមថា ប្រទេសថៃនឹងសហការបញ្ជូនសំណុំរឿងនេះទៅតុលាការICJ ក្នុងស្មារតីយុត្តិធម៌ ការកសាងទំនុកចិត្ត មិត្តភាពយូរអង្វែង និងភាពជាអ្នកជិតខាងល្អ។ កម្ពុជាបានត្រៀមខ្លួន បន្តកិច្ចដំណើរការនេះ ដោយឯករាជ្យម្ចាស់ការ ក្នុងករណីដែលមិនមានកិច្ចសហការណាមួយ។ រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិនិត្យដំណើរការនៃការស្វែងរក ដំណោះស្រាយបញ្ហានេះដោយស្ងប់ស្ងាត់ អត់ធ្មត់ និងសូមកុំធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហានៃអារម្មណ៍ ជាតិសាសន៍ ឬជាតិនិយមជ្រុល។ កម្ពុជាសូមគូសបញ្ជាក់ចំពោះសារៈសំខាន់នៃការរក្សាទំនាក់ទំនងជាប្រក្រតី ជាមួយប្រទេសថៃ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការទូលំទូលាយ លើវិស័យផ្សេងៗទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនរបស់យើងទាំងពីរ៕


-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»