Connect with us

ព័ត៌មាន

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅខេត្តរតនគិរី

រតនគិរី៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា ពាក្យអរគុណសន្តិភាព មានន័យសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៅខេត្តរតនគិរី ដោយសារការពីមុន ធ្វើដំណើរមកខេត្តរតនគិរីម្ដងៗ មានការលំបាក ឆ្លងកាត់ព្រំដែនវៀតណាម។

-សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយពីកញ្ចប់សង្គ្រាមខេត្តរតនគិរី ក៏ដូចខេត្តផ្សេងៗ មានការលំបាកណាស់ ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសមានការអភិវឌ្ឍ មានសន្តិភាព ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាព​ធូរធារ ​និងមានសម្ភារៈរថយន្តឡានធ្វើដំណើរបានងាយស្រួល ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលអាណត្តិមុនៗ និងអាជ្ញាធរដែនដីមុនៗ ដែលបានខិតខំកសាងប្រទេសអភិវឌ្ឍនៅតាមមូលដ្ឋានតាំងពីគ្រាលំ បាក ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងបន្តអភិវឌ្ឍតាមរយៈកិច្ចខិតខំរបស់រាជរដ្ឋាភិបាលអាណត្តិនេះជាបន្តទៅទៀត។

-សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ខេត្តទាំង៤ នៅភូមិភាគ​ឦសាន ជាតំបន់អភិវឌ្ឍន៍​ត្រីកោណ គឺគោលបំណងដើម្បីអភិវឌ្ឍន៍តំបន់ត្រីកោណនេះ ឲ្យមានការរីកចម្រើន និងជួយប្រជាពលរដ្ឋក្រីក្រក្នុងតំបន់នេះ ។

-សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ៖ រាជរដ្ឋាភិបាលអភិវឌ្ឍន៍នៅតំបន់ណាមួយ យើងគិតទាំងអស់ ទាំងជនជាតិភាគតិច ប្រពៃណីវប្បធម៌ គោលនយោបាយដីធ្លី សហគមន៍ជនជាតិភាគតិច ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់គ្នា ។

-សម្តេធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយការអភិវឌ្ឍ និងការពារទឹកដីរបស់រាជរដ្ឋាភិបាល គឺការអភិវឌ្ឍតាមព្រំដែន គឺជាយុទ្ធសាស្ត្រល្អបំផុត យើងយកប្រជាពលរដ្ឋ ជាអ្នកការពារទឹកដី ជំនួសកងទ័ព និងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការទំនាក់ទំនង អភិវឌ្ឍន៍ ជាមួយប្រទេសជិតខាង ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងការពារនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិឲ្យខាងតែបាន និងខិតខំធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍន៍ តំបន់ព្រំដែនជាមួយប្រទេសជិតខាង តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីសំដៅកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ក្នុងន័យនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានផ្តាំទៅអ្នកនៅក្រៅប្រទេសមួយចំនួន ដែលតែងតែបារម្ភថា ខេត្តនៅតំបន់ភូមិភាគ​ឦសាន្ត​ នឹងបាត់បង់តាមរយៈការអភិវឌ្ឍCLVនោះ សូមអញ្ជើញមកខេត្តនៅតំបន់ឦសាន្តផងដែរ ខណៈខេត្តទាំងនោះ បានកំពុងធ្វើការអភិវឌ្ឍកាន់តែច្រើនជាបន្តបន្ទាប់នោះ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ខ្ញុំបានឱ្យស្ថាប័នជំនាញពិនិត្យលើថវិកា ដើម្បីកសាងសាលាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យឱ្យបានកាន់តែច្រើននៅឆ្នាំក្រោយ រួមទាំងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈផង ដើម្បីធ្វើយ៉ាងណាឱ្យកូនចៅប្រជាពលរដ្ឋយើងបានរៀនចប់មធ្យមសិក្សាឱ្យបានកាន់តែច្រើន និងចេះជំនាញវិជ្ជាជីវៈកាន់តែច្រើន។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ទ្រព្យរយៈពេលវែងរបស់យើង គឺធនធានមនុស្ស ដែលជាទ្រព្យរីកឥតឈប់ឈរ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកដល់បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តរួមគ្នាថែរក្សាឲ្យខាងតែបាន នូវសុខសន្តិភាព ស្ថិរភាព ដើម្បីបន្តអភិវឌ្ឍៃន៍ប្រទេសឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ហើយសម្តេចក៏បានប្រាប់ពលរដ្ឋទាំងអស់ ឲ្យបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ ការអភិវឌ្ឍនៅតាមបណ្តោយព្រំដែន គឺជាយុទ្ធសាស្រ្តល្អបំផុត ក្នុងកិច្ចការពារបូរណភាពទឹកដី រយៈពេលវែង ដូច្នេះហើយ បានជារាជរដ្ឋាភិបាលខិតខំ​កសាង​នូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវថ្នល់នៅ តាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាង។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋត្រូវការអប់រំ ទោះបីនៅតំបន់ដាច់ស្រយាលក៏ដោយ ក្រសួងអប់រំយុវជន និងកីឡាត្រូវគិតគូរ បង្កើតសាលារៀន រចនាសម្ព័ន្ធពាក់ព័ន្ធ នឹងវិស័យអប់រំ ឲ្យបានដល់មូលដ្ឋាន ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋ យើងបានចូលរៀនគ្រប់ៗគ្នា ចប់វិទ្យាល័យឲ្យបានច្រើន ។

-សម្ដេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តផ្សេងៗ មករស់នៅខេត្តរតនគិរី​ឱ្យបានច្រើនទៀត ​ដើម្បីរួមគ្នាកសាងអភិវឌ្ឍន៍នៅខេត្តនេះឲ្យបានរីកចម្រើន។ ក្នុងនោះ សម្ដេចធិបតី បានណែនាំដល់អាជ្ញាធរខេត្តរៀបចំទីតាំងចាស់របស់មន្ទីរសុខាបាលបឹងកន្សែង ឱ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍ សម្រាប់ប្រជាពលរដ្ឋ មកកំសាន្តលេង។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ពលរដ្ឋទូទៅសូមជួយអប់រំកូនចៅ និងកុំបន្ទោសសង្គម ដោយសារសង្គមកើតចេញពីគ្រួសារនីមួយៗ គ្រួសារល្អ នាំឱ្យសង្គមល្អ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរបស់កម្ពុជា ដោយប្រើយន្តការ៣ ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ទី១,យន្តការបច្ចេកទេស ទី២,តាមផែនទី ទី៣, ប្រើយន្តការអន្តរជាតិ ច្បាប់អន្តរជាតិ ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជម្រាបជូនបងប្អូន​ជនរួមជាតិជាតិថ្មី​ម្ដងទៀត ពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៥ ល្ងាចថ្ងៃទី៦មិថុនា បានបញ្ជាក់អំពីគោលជំហរ​របស់​រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ មាន៤ចំណុច ក្នុងនោះមានដូចជា៖

១.កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ។

២.ការសម្រេចចិត្តរបស់កម្ពុជា ដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ​គឺដើម្បីស្វែងរកដំណោះស្រាយ​បញ្ហាព្រំដែននៅតំបន់ទាំងនោះ ដោយសន្តិវិធីឱ្យបានឆាប់ចប់ជាស្ថាពរ ប្រសើរជាងបន្សល់ទុកបញ្ហា​ឱ្យនៅ​បន្ត​ស្រពេចស្រពិល​រយៈពេលវែង ​ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធជាថ្មី។

៣.បន្តសហការជាមួយភាគីថៃ ​ដើម្បីជំរុញការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែន​រវាង​ប្រទេសទាំងពីរ ដែលនៅសេសសល់​ ក្រៅពីតំបន់ទាំង ៤ ដោយប្រើប្រាស់​យន្តការ​គណៈកម្មការ​ព្រំដែន​ចម្រុះ(JBC)កម្ពុជា-ថៃ។ ​៤.បន្តរក្សាទំនាក់ទំនង​រវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការ​ដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា កម្ពុជានឹងបញ្ជូនសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី ទៅកាន់តុលាការ យុត្តិធម៌អន្តរជាតិ ICJឲ្យខាងតែបាន នាពេលឆាប់ៗខាងមុខនេះ ដើម្បីបញ្ចប់រឿងជាមួយប្រទេសថៃ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស កុំយកបញ្ហាទំនាស់ នៅចំណុចប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តំបន់មុំបី រុញច្រាន​បង្កើត​សភាពការណ៍ នាំឲ្យរាលដាលទូទាំងប្រទេស ត្រូវរក្សាស្ថេរភាពភាព នឹងភាព​ស្ងៀមស្ងាត់ ត្រូវជឿទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៖ ការច្បាំងគ្នាគឺស្លាប់ទាំងសងខាង ដូចនេះយើងត្រូវយកវិធីសាស្ត្រដោះស្រាយនៅ ICJ ដើម្បីបញ្ចប់បញ្ហាជាប់គាំងព្រំដែន រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ។

-កម្ពុជាប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ដោយយកតំបន់ជម្លោះជាមួយថៃ ទៅកាន់តុលាការICJឲ្យខាងតែបាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ចំពោះបញ្ហាតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី នឹងបញ្ជូនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJឲ្យខាងតែបាន នាពេលឆាប់ៗខាងមុខនេះ ហើយតុលាការ ICJ កាត់យ៉ាងម៉េច កម្ពុជាទទួលស្គាល់ និងទទួលយក ដើម្បីបញ្ចប់ភាព​ស្រពិចស្រពិល​ជាមួយប្រទេសថៃ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សូមបងប្អូនជនរួមជាតិទាំងអស់ កុំពង្រីកសភាពការណ៍ បញ្ហាព្រំដែននេះ នាំឱ្យមានការ​រើសអើង​រវាងជនជាតិមួយ រវាងជនជាតិនៃប្រទេសមួយ យើងត្រូវរួមសហប្រតិបត្តិការទំនាក់ទំនង អភិវឌ្ឍន៍ជាមួយគ្នាបានល្អ ជាមួយប្រទេសជិតខាង ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ថ្លែងអំណរគុណដល់បងប្អូនក្នុង និងក្រៅប្រទេស ដែលបានចូលរួម​ផ្ដល់ជាសម្ភារៈស្បៀង អាហារដល់កងទ័ពនៅជួរមុខ ដើម្បីការពារបូរណភាពទឹកដីនេះ​ជាការលើកទឹកចិត្តមួយយ៉ាងសំខាន់​ដល់កងទ័ពរបស់យើង ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia