ព័ត៌មាន
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា “បើមិនកែ គឺគុក!”
នាដើមសប្តាហ៍ទី១ ពោលក្នុងរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តបង្រ្កាបក្រុមក្មេងទំនើងជាង១០ករណី ដោយឃាត់ខ្លួន និងបញ្ជូនមនុស្សជាង៤០នាក់ទៀតទៅពន្ធនាគារ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។
បើតាមលោក ទូច សុឃៈ លទ្ធផលនៃការបង្ក្រាបក្មេងទំនើងដូចបានបញ្ជាក់មុននេះ គឺជាការបង្ហាញច្បាស់ថាបញ្ហានេះនៅតែជាកិច្ចការអាទិភាពមួយ ដែលកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយឱ្យបានសកម្ម ប្រកបដោយប្រសិទ្ធភាព និងម៉ឺងម៉ាត់បំផុត។
លោកបញ្ជាក់ថា បញ្ហានេះក៏មិនអាចដាក់បន្ទុក តែលើកម្លាំងមានសមត្ថកិច្ច ឬអាជ្ញាធរនោះដែរ ពោលគឺអាណាព្យាបាល ឪពុកម្ដាយ ត្រូវតែបន្តយកចិត្តទុកដាក់អប់រំ ព្រានប្រដៅ កូនចៅរបស់ខ្លួន ឱ្យដើរតាមគន្លងធម៌ ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ក្នុងនោះរួមទាំងការចៀសឆ្ងាយពីគ្រឿងញៀន និងការដើរលេងជាក្រុម ជាបក្សជាពួកនៅពេលយប់។
ជាថ្មីម្ដងទៀតអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានព្រមានថា កម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ចាប់ពីអគ្គស្នងការ រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នឹងបន្តបង្ក្រាបក្មេងទំនើង បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងឈានដល់ការឃុំក្នុងពន្ធនាគារ ដោយគ្មានការលើកលែង ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងការទទួលដឹកនាំអនុវត្ត ដោយឯកឧត្តមអសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានជាង៤០នាក់ ក្នុងរយៈពេល៨ថ្ងៃនាដើមសប្តាហ៍ថ្មីនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង កោះកុង និងខេត្តតាកែវ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានផ្ដាំដោយព្រមានចំៗទៅកាន់ក្រុមក្មេងទំនើង ដែលបាននឹងកំពុងដើរលើផ្លូវមួយនេះ ត្រូវស្វ័យកែប្រែឥរិយាបថ បើមិនចង់ទទួលនូវការអនុវត្តច្បាប់ និងគោលការណ៍ផ្សេងៗពីកម្លាំងមានសមត្ថកិច្ច ពោលគឺ”បើមិនកែ មានតែគុក បើចង់សុខគឺធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ”៕

-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា