ព័ត៌មាន
រដ្ឋមន្ត្រីវប្បធម៌ អញ្ជើញបើកសិក្ខាសាលាស្តីពី«អនាគតគោលនយោបាយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា»
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី អនាគតគោលនយោបាយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា, នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ។

សិក្ខាសាលា “អនាគតគោលនយោបាយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា” មានការអញ្ជើញចូលរួមពីឯកឧត្តម Sardar Umar Alam តំណាងយូណេស្កូប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត លោក លោកស្រី តំណាងស្ថានទូតនានាប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ ដែលអញ្ជើញមកពីក្រសួង-ស្ថាប័ននានា។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា ក្នុងនិន្នាការ នៃការគិតគូអំពីសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន គឺតាំងតែពីមុនការរីករាលដាល នៃជំងឺកូវីដ-១៩មកម៉្លេះ បណ្តាប្រទេសមួយចំនួនលើពិភពលោកបានយកចិត្តទុកដាក់លើកកម្ពស់សេដ្ឋកិច្ចជាតិរបស់ខ្លួនមួយផ្នែក ដោយផ្តោតទៅលើ “សេដ្ឋកិច្ចដែលកើតចេញពីការច្នៃប្រតិដ្ឋបង្កើតថ្មី (Creative Economy)” ហើយដែលក្នុងសេដ្ឋកិច្ចផ្នែកនេះ ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ (Cultural and Creative Industries) ជាស្នូលមួយយ៉ាងសំខាន់។ កន្លងមកកម្ពុជា ក៏បានគិតគូលើការងារនេះដែរ ដោយមានការជួយជ្រោមជ្រែងពីបណ្តាប្រទេសជាមិត្ត និង ដៃគូ ជាពិសេសអង្គការយូណេស្កូ បានរៀបចំជា “គោលនយោបាយជាតិស្តីពីវិស័យវប្បធម៌” មួយ ហើយដែលទទួលបានការអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៤កន្លងទៅ។

ជាបន្តបន្ទាប់ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងអនុវត្តនូវគោលនយោបាយជាតិ និងយុទ្ធសាស្ត្រអាទិភាពមួយចំនួន ហើយក៏ទទួលបានផ្លែផ្កាជាបណ្តើរៗ ជាច្រើនមកហើយដែរ។ ទោះជាការអនុវត្តមានដំណើរទៅមុខជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលជាសេនាធិការផ្នែកវប្បធម៌របស់រាជរដ្ឋាភិបាល យល់ឃើញថា ដើម្បីទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ គួរគិត គូជាចាំបាច់អំពីគោលនយោបាយដែលបានដាក់ចេញកាលពីឆ្នាំ២០១៤កន្លងមក ហើយកំណត់ឲ្យបានច្បាស់អំពីនិយមន័យ (ដូចជា អ្វីទៅជា “ឧស្សាហកម្មវប្បធម៌”? អ្វីទៅជា “ឧស្សាហកម្មច្នៃប្រតិដ្ឋ”?) កំណត់ឲ្យបានច្បាស់នូវវិសាលភាពវិស័យ និងដាក់ចេញគោលនយោបាយជាតិស្តីពីឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា។ ដើម្បីឈានទៅដល់ការ សម្រេចបាននូវការដាក់ចេញនូវគោលនយោបាយជាតិនេះ ក្រសួងយល់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ បណ្តាប្រទេសជាមិត្ត គឺជាកត្តាសត្យានុម័ត មិនអាចខ្វះបានទេ។

បើតាមលោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតទៅលើយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ បានចង្អុលបង្ហាញឲ្យគ្រប់វិស័យទាំងអស់ គិតគូរលំអិតអំពីពិពិធកម្មសេដ្ឋកិច្ច។ កន្លងមក ក្នុងវិស័យវប្បធម៌ គឺយើងគិតថាមានតែការងារលើកស្ទួយ អភិរក្ស និងអភិវឌ្ឍវប្បធម៌។
ក្នុងន័យនេះ លោកជំទាវបណ្ឌិតសភាចារ្យ យល់ថាសិក្ខាសាលារបស់យើងពិតជាមានសារសំខាន់ជាគន្លឹះដែលអាចឲ្យយើងទទួលបានការចែករំលែកបទពិសោធន៍ល្អៗពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីបទពិសោធន៍ ល្អៗនៃដៃគូជាតិ និងអន្តរជាតិដែលជាចំណែកយ៉ាងសារសំខាន់ក្នុងការរៀបចំគោលនយោយបាយឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិដ្ឋកម្ពុជា។ សិក្ខាសាលារបស់យើង នឹងក្លាយជាវេទិកាស្វែងយល់ពីគ្នាទៅវិញទៅមក ពិសេសគឺគោលនយោបាយ និងវិធានការណ៍ នានាដែលមានស្រាប់នៅតាមបណ្តាក្រសួងពាក់ព័ន្ធ ហើយក៏ជាឱកាសឲ្យយើងអាចពិនិត្យ មើលលទ្ធភាពធ្វើការរួមគ្នាក្នុងគោលដៅ ដើម្បីកិត្យានុភាព និងអត្តសញ្ញាណជាតិផង និងដើម្បីកំណើនសេដ្ឋកិច្ច និងសុខមាលភាពសង្គមផង៕ អត្ថបទ រដ្ឋា





-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម