ព័ត៌មាន
សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យនៅបារាំង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញបន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ (UNOC3) រយៈពេល៣ថ្ងៃនៅទីក្រុងនីសប្រទេសបារាំង។
បេសកកម្មរបស់សម្ដេចធិបតីចូលរួម សន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣នៅប្រទេសបារាំងនេះធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) និង ឯកឧត្តម អង់តូនីញូ ហ្គុយតេរេស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ។

ក្នុងឱកាសសម្ដេចធិបតី បានធ្វើសេចក្តីថ្លែងការណ៍ជាតិ ក្នុងសន្និសីទស្តីពីមហាសមុទ្រលើកទី៣នេះ សម្ដេចបានគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើមរបស់កម្ពុជាពាក់ព័ន្ធអភិបាលកិច្ចមហាសមុទ្រ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងនោះសម្ដេចធិបតី បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសំខាន់ៗដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងសមត្ថភាពសម្រាប់ការអភិរក្សសមុទ្រ និងការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព។
សម្ដេចបានថ្លែថា កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការក្លាយជាភាគីនៃកិច្ចព្រមព្រៀង អនុសញ្ញាពីសម្បត្តិធម្មជាតិនៅក្រៅអធិបតេយ្យភាពជាតិ (Biodiversity Beyond National Jurisdiction) ឬគេហៅថា BBNJ ដែលបានអនុម័តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ សម្ដេចមានមោទនៈភាពក្នុងការប្រកាសថា ប្រទេសកម្ពុជានឹងបោះជំហានបន្ទាប់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ ក្នុងឱកាសសន្និសីទនេះ។ ក្រៅពីនេះកម្ពុជានឹងជំរុញឲ្យមានតម្លាភាព ក្នុងការចែករំលែកអត្ថប្រយោជន៍រូបិយវត្ថុ និងមិនមែនរូបិយវត្ថុក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀង BBNJ ផងដែរ។
សម្តេចលើកឡើងថា មហាសមុទ្រគឺជាកំណប់ទ្រព្យរួមរបស់យើង ជាបេះដូងពណ៌ខៀវនៃភពផែនដី ហើយកម្ពុជាប្តេជ្ញាពង្រឹងសមត្ថភាពជាតិរបស់ខ្លួនក្នុងការការពារសមុទ្រ។ ប្រទេសកម្ពុជាបានពង្រីកតំបន់ការពារ ដែនសមុទ្ររបស់ខ្លួន ពង្រឹងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព និងពង្រឹងគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ។ សម្តេចធិបតីបញ្ជាក់ពីយុទ្ធសាស្ត្រសារាចររបស់កម្ពុជាស្តីពីបរិស្ថាន២០២៣-២០២៨ ដោយផ្តោតលើសសរស្តម្ភជាមូលដ្ឋានចំនួនបី គឺ «ស្អាត បៃតង និងនិរន្តរភាព» ដែលរួមចំណែកយ៉ាងសំខាន់ដល់សុខភាពនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងការការពាររយៈពេលវែងរបស់សមុទ្រ។

ក្នុងឱកាសបេសកកម្មនៅបារាំងនេះ សម្តេចធិបតី ក៏មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគីផងដែរ។
ជាលទ្ធផលតាមរយៈជំនួបរវាង សម្ដេចធិបតី និងឯកឧត្តម ប្រធានាធិបតីបារាំង ប្រមុខដឹកនាំប្រទេសទាំងពីរបានឯកភាព រៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា «ដៃគូយុទ្ធសាស្ត្រ»។ ក្នុងឱកាសនៃជំនួបនោះ, ឯកឧត្តមប្រធានាធិបតីបារាំង បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី និងគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំងនឹងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦ឱ្យបានជោគជ័យ។

តាមរយៈជំនួបរវាងសម្ដេចធិបតី និងឯកឧត្តម ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន, ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឯកឧត្តមប្រធានាធិបតី តាជីគីស្ថាន បានកត់សម្គាល់ថា កម្ពុជាជាប្រទេសមានសក្តានុពលផ្នែកកសិកម្ម ដោយកម្ពុជាអាចធានានូវការផ្គត់ផ្គង់ស្បៀងក្នុងស្រុក និងមានអតិរេកស្បៀងសម្រាប់បម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

សម្ដេចធិបតី បានជួបជាមួយ ឯកឧត្តម António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប តាមយៈជំនួបនេះ សហភាពអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា។
សម្ដេចធិបតីបន្តជួបជាមួយ ឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការក្រសួងសហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ នៃប្រទេសអូទ្រីសផងដែរ, ក្នុងជំនួបន ភាគីទាំងពីរ បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានជួបជាមួយ លោកជំទាវ Annelies Verlinden រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្របែលហ្ស៊ិផងដែរ, ក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែលហ្ស៊ិកពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីបែលហ្ស៊ិក-កម្ពុជា។

បន្ទាប់មក សម្ដេចធិបតី បន្តជួបជាមួយ ឯកឧត្តម Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ, តាមរយៈជំនួបនេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ត្រី កូតឌីវ័រ បានកោតសរសើរភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាពរបស់សម្ដេចបវរធិបតី ដែលបន្តរក្សាបាននូវសន្ដិភាព, ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

សូមបញ្ជាក់ថា ការចូលរួមរបស់កម្ពុជា ក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ (UNOC3)នេះ បានបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែង ជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយចីរភាពនៃធនធានមហាសមុទ្រ និងសមុទ្រ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងគោលដៅទី១៤ (ជីវិតក្រោមទឹក)របស់អង្គការសហប្រជាជាតិ៕ អត្ថបទ៖ វ៉ន ដារ៉ា
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន1 week agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន1 week agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីអប់រំ៖ ការងារអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត គឺជាការកាត់បន្ថយគម្លាតសង្គម
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន1 week agoមន្ទីរកសិកម្ម បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ
-
ព័ត៌មាន5 days agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ