ព័ត៌មាន
អាជ្ញាធររាជធានីភ្នំពេញប្រជុំពង្រឹងសន្តិសុខត្រៀមបើកសម្ពោធជាផ្លូវការផ្លូវថ្មើរជើងចតុមុខ (Walk Street) នាថ្ងៃទី២១ ខែមិថុនា
ភ្នំពេញ៖ បញ្ហាសន្តិសុខសុវត្ថិភាពត្រូវតែធានាបានថា ជោគជ័យ១០០ភាគរយ ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការផ្លូវថ្មើរជើងចតុមុខ (Walk Street) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឃនភាពនៃការត្រៀមរៀបចំបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវថ្មើរជើងចតុមុខ (Walk Street) ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំង និងមន្ទីរពាក់ព័ន្ធនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ផ្លូវថ្មើរជើងចតុមុខ (Walk Street) ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្ននាប៉ុន្មានខែនេះបានទទួលការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។ ទន្ទឹមនិងនេះរដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបើកសម្ពោធជាផ្លូវការ ហើយត្រូវបានសម្តេចបវរធិបតី ឯកភាព ដោយនឹងធ្វើពិធីសម្ពោធជាផ្លូវការនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានបន្តថា ពិធីសម្ពោធជាផ្លូវការផ្លូវថ្មើរជើងចតុមុខ បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថាជោគជ័យ១០០ភាគរយ ទាំងថ្នាក់ដឹកនាំកំពូលៗ និងអ្នកចូលរួមទាំងអស់ ជាមួយការបង្កើតឱ្យមានទីបញ្ជាការស្រាលជាច្រើនកន្លែង។ បន្ថែមពីលើការងារសន្តិសុខនេះ ការជួសជុលផ្លូវ ការអ៊ុតគំនូសចរាចរណ៍ ការតុបតែង និងបំពាក់ភ្លើងបំភ្លឺ ត្រូវតែធ្វើឱ្យបានរួចរាល់នៅមុននៃការប្រារព្វពិធីនេះ។

ក្នុងថ្ងៃបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវថ្មើរជើងចតុមុខ (Walk Street)នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឱ្យមានការប្រគំតន្ត្រីខ្នាតធំ ដោយក្រុមហ៊ុនកាឡាក់ស៊ី«GALAXY» ការសម្តែងសិល្បៈប្រពៃណី របាំងចម្រុះ របស់មន្ទីរវប្បធម៌រាជធានីភ្នំពេញ ស្តង់លក់ដូរ ជាមួយនិងការរៀបចំស្តង់ម្ហូបអាហារចំនួន២ទីតាំង គឺស្តង់ម្ហូបអាហាររបស់ស្ថានទូតឥណ្ឌា និងស្ថានទូតម៉ាឡេស៊ីផងដែរ។
គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕




-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន3 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប