ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល៖ «យើងជាផលិតផលនៃការទទួលទានរបស់យើង យើងទទួលទានល្អ នាំឱ្យយើងមានសុខភាពល្អ លើសពីអ្វីដែលយើងមាន»
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា យើងជាផលិតផល នៃការទទួលទានរបស់យើង យើងទទួលទានល្អ នាំឱ្យយើងមានសុខភាពល្អ លើសពីអ្វីដែលយើងមាន។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលំអអាហារូបត្ថម្ភ ឆ្នាំ២០២៥ ដល់ ២០៣០» “Fast Track Road Map for improving Nutrition 2023-2030” ដើម្បីជំរុញឱ្យមានការអនុវត្តចូលរួមកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទំរង់សម្រាប់ស្រ្តី និងកុមារ, នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលចថា ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវមានរៀបចំសូចនាករឱ្យបានច្បាស់លាស់ជាអ្នកអនុវត្ត ហើយមន្ទីរសុខាភិបាលរាជធានី-ខេត្ត មន្ទីរពេទ្យគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ក្នុងការផលិតសារអប់រំសំខាន់ៗ ពីរបបអាហារហូបចុកដែលមានសុខុមាលភាព។ មន្ទីរសុខាភិបាល ត្រូវរៀបចំ ១) ផែនការយុទ្ធសាស្រ្ត ដោយត្រូវមានស្ថានភាពបច្ចុប្បន្ន លក្ខខណ្ឌប្រកប បញ្ហាប្រឈម ២) ផែនការសកម្មភាព ជាពិសេសប្រជាពលរដ្ឋ ដែលខ្វះខាតអាហារូបត្ថម្ភ តាមទីជនបទ ៣) តាមដានឱ្យបានជាប់ប្រចាំ ការលូតលាស់របស់កុមារ ដោយត្រូវវាស់កម្ពស់ ថ្លឹងគីឡូ ភាពស្គមស្គាំង និងប្រាជ្ញារបស់កុមារ។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់កំណើនការងារសមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព បានអនុម័តនូវអាទិភាពសំខាន់ៗ ជាពិសេស ការអភិវឌ្ឍមូលធនមនុស្សនៅតែជាអាទិភាពចម្បង ហើយការផ្តោតសំខាន់មួយនោះ គឺការកែលម្អសុខភាព និងសុខុមាលភាពរបស់ប្រជាជន។ ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលម្អអាហារូបត្ថម្ភ ឆ្នាំ២០២៥-២០៣០ ដើម្បីពង្រឹងការប្តេជ្ញាចិត្តថ្នាក់ជាតិ សម្រាប់ការកែលម្អអាហារូបត្ថម្ភ ផ្អែកលើអាទិភាពជាតិ និងយុទ្ធសាស្រ្ត ក្នុងការបង្កើនគុណភាពសេវាដែលពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ដើម្បីកែលម្អទម្លាប់នៃការទទួលទានរបបអាហារដែលល្អ ចំពោះសុខភាព។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តា ឈាង រ៉ា បានផ្តល់អនុសាសន៍គន្លឹះ ដើម្បីឈានទៅសម្រេចបាននូវគោលដៅនានានៃផែនទីបង្ហាញផ្លូវនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត មន្ទីរសុខាភិបាល ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល សូមចូលរួមសហការ សម្របសម្រួល គាំទ្រ ក្នុងការអនុវត្តនូវផែនទីបង្ហាញផ្លូវនេះឱ្យបានជោគជ័យ ដូចតទៅ៖ ១. គ្រប់មូលដ្ឋានសុខាភិបាលសូមលើកម្ពស់ការទទួលបានព័ត៌មាន ការផ្តល់ប្រឹក្សាអំពីអាហារូបត្ថម្ភ និងសេវាសុខភាព និងអាហារូបត្ថម្ភ ដែលមាននៅមូលដ្ឋានសុខាភិបាល ប្រកបដោយគុណភាព ដើម្បីលើកកម្ពស់ការអនុវត្តរបបអាហារគ្រប់គ្រាន់ ចម្រុះមុខ ជាពិសេសស្រ្តីក្នុងវ័យបន្តពូជ ស្រ្តីមានផ្ទៃពោះ និងម្តាយ និងប្រើប្រាស់សេវាដែលរួមមានសេវាសុខភាពមុនពេលសម្រាល និងក្រោយសម្រាល «យើងហូបអាហារបៃតង យើងនឹងមានសុខភាពល្អ»។
២. គ្រប់មូលដ្ឋានសុខាភិបាល ត្រូវបង្កើននូវការទទួលបានព័ត៌មាន ប្រឹក្សាអំពីអាហារូបត្ថម្ភ និងសេវាសុខភាព និងអាហារូបត្ថម្ភដែលមាននៅមូលដ្ឋានសុខាភិបាលប្រកបដោយគុណភាព ដើម្បីកម្ពស់ការអនុវត្តបំបៅកូនដោយទឹកដោះម្តាយ ការផ្តល់អាហារបន្ថែមគ្រប់គ្រាន់ និងចម្រុះមុខអាហារ តាមដានការលូតលាស់ ទទួលថ្នាំគ្រាប់វីតាមីនអា និងការអនុវត្តថែទាំកុមារតូចជាដើម។
៣. បង្កើនអត្រាគ្របដណ្តប់ក្នុងការស្រាវជ្រាវរកឱ្យឃើញ និងព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ និងមធ្យម និងរួមបញ្ចូលការធ្វើបច្ចុប្បន្នភាពគោលការណ៍ថែទាំ និងព្យាបាលនានា ការធ្វើផែនការ និងប៉ាន់ប្រមាណការផ្គត់ផ្គង់អាហារព្យាបាល ការកសាងសមត្ថភាពបុគ្គលិកសុខាភិបាល ការចូលរួមរបស់សេវាឯកជនក្នុងការផ្គត់ផ្គង់ និងពង្រឹងប្រព័ន្ធតាមដានទិន្នន័យ។
៤. សហការគាំទ្រទៅលើវិស័យអប់រំ ដើម្បីចូលរួមលើកកំពស់អាហារូបត្ថម្ភ សម្រាប់កុមារនៅតាមសាលារៀន ក្នុងការទទួលបានគ្រាប់ថ្នាំជាតិដែកប្រចាំសប្តាហ៍ ថ្នាំទំលាក់ព្រូនគ្រប់គ្រាន់ ព័ត៌មានអំពីអាហារសុខភាព និងលើកកម្ពស់ ការអនុវត្តទទួលទានអាហារសុខភាព ស្របតាម «គោលនយោបាយស្តីពីសុខភាពសិក្សា» និងផែនការសកម្មភាពពាក់ព័ន្ធ។
៥. គាំទ្រការកែលម្អគុណភាពទិន្នន័យអាហារូបត្ថម្ភ តាមរយៈការកសាងសមត្ថភាព ការបង្កើតភស្តុតាង ការផ្លាស់ប្តូរព័ត៌មាន ពង្រីកអត្រាគ្របដណ្តប់សុខភាពជាសកល និងផ្តល់អាទិភាពដល់តំបន់ដែលងាយរងគ្រោះដោយផ្អែកលើភស្តុតាង កសាងធនធានមនុស្ស។
៦. សហការការងារអន្តរវិស័យក្នុងការវិនិយោគទៅលើអន្តរាគមន៍អាហារូបត្ថម្ភ ការទទួលបានការគាំទ្រនានាដែលគាំទ្រអាហារូបត្ថម្ភដូចជា សេវាគាំពារសង្គម ទឹកស្អាត និងអនាម័យ ស្បៀង ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ៕ អត្ថបទ រដ្ឋា








-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា