ព័ត៌មាន
ការអង្កេតប្រជាសាស្ត្រនិងសុខភាពនៅកម្ពុជាឆ្នាំ២០២១-២០២២ អត្រាមរណភាពទារកមានការចុះថយ
ភ្នំពេញ ៖ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា បានអៈអាងថា យោងតាមរយៈរបាយការណ៍សូចនករស្នូល នៃការអង្កេតប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជាឆ្នាំ២០២១-២០២២ បានបង្ហាញឲ្យឃើញថា អត្រាមរណភាពទារកនៅក្នុងប្រទេសកម្ពុជា មានការចុះថយគួរឲ្យកត់សំគាល់ ពី ៣៧នាក់ក្នុងចំនោម ១០០០កំនើតរស់ក្នុងឆ្នាំ២០០០ មកត្រឹមតែ ៨នាក់ក្នុងចំនោម ១០០០កំនើតរស់ក្នុងឆ្នាំ ២០២១-២០២២។
ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ យ៉ាងដូច្នេះ ក្នុងឱកាសបើកសិក្ខាសាលាលើកទី៥ ស្តីពី “START4NEWBORN – ការជួយសង្គ្រោះទារកទើបនឹងកើត នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ នៅមន្ទីរពេទ្យកាល់ម៉ែត។ លោកជំទាវសាស្រ្តាចារ្យ បន្តថា នេះជាសមិទ្ធផលយ៉ាងធំធេងរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ បើទោះបីជាយ៉ាងណា អត្រាមរណភាពទារកនៅក្នុងប្រទេសកម្ពុជា នៅតែមានកំរិតខ្ពស់នៅឡើយបើធៀបទៅនឹងប្រទេសអភិវឌ្ឍន៏ដទៃទៀត។
លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានបន្ថែមទៀតថា អំឡុងពេលសម្រាល ទារកប្រមាណ១៥%មិនអាចដកដង្ហើមបានដោយខ្លួនឯងនោះទេ ហើយទាមទារឲ្យមានការសង្រ្គោះបន្ទាន់នៅក្នុងបន្ទប់សម្រាលផ្ទាល់ ជាពិសេសនៅ១នាទីមាសដំបូង នៃអាយុជីវិតទារក។ ប្រសិនបើមិនមានការជួយសង្រ្គោះបានទាន់ពេលវេលា និងត្រឹមត្រូវទេ ទារកអាចទទួលរងបញ្ហាខួចប្រព័ន្ធប្រសាទខួរក្បាល និងពិការភាព ឬក៏អាចបង្ករឲ្យបាត់បង់អាយុជីវិតបាន ។ យោងតាមអង្គការសុខភាពពិភពលោក អត្រាមរណភាពទារក ដោយសារបញ្ហាស្លាក់ខ្យល់ស្រួចស្រាវអំឡុងពេលសម្រាល ឈរលើលំដាប់ថ្នាក់ទី២ នៃមូលហេតុមរណភាពទារកទូទាំងសកល។ ឆ្លៀតក្នុងឱកាសនោះដែរលោកជំទាវសាស្រ្តាចារ្យ បានជូនជាយោបល់ដល់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ប្រធានមន្ទីរខេត្ត ប្រធានមន្ទីរពេទ្យស្រុក ប្រធានមណ្ឌលសុខភាព ទូទាំងរាជធានីខេត្ត៖ រៀបចំបណ្តុះបណ្តាលពីជំនាញក្នុងការសង្គ្រោះទារកទើបនឹងកើតដល់គ្រូពេទ្យ ឆ្មប និងគិលានុបដ្ឋាកទាំងអស់ដែលបំរើការងារទាក់ទងនឹងផ្នែកសម្ភព និងទារក និងត្រូវធានាថាពួកគាត់មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការសង្គ្រោះទារក។ សិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះ ត្រូវយកចំនេះដឹងនេះទៅអនុវត្តនៅកន្លែងធ្វើការរបស់ខ្លួន និងធ្វើការបង្ហាត់បង្រៀនបន្ត ដល់សហភាតរៈដែលធ្វើការជាមួយគ្នា។ ពង្រឹងគុណភាពក្នុងការផ្តល់សេវាពិនិត្យសុខភាពមុនសម្រាលដល់ស្រ្តីមានផ្ទៃពោះ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងអាចមានសមត្ថភាពក្នុងការកំនត់រោគសញ្ញាប្រឈម ឬរោគសញ្ញាគ្រោះថា្នក់នានាអំឡុងពេលមានផ្ទៃពោះ ដើម្បីធ្វើការបញ្ជូនស្រ្តីមានផ្ទៃពោះទៅកាន់មូលដ្ឋានសុខាភិបាលដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសង្គ្រោះទាំងម្តាយនិងទារកឲ្យបានទាន់ពេលវេលា។ មន្ទីរពេទ្យថ្នាក់ខេត្តត្រូវបង្កើតទំនាក់ទំនងជិតស្និទជាមួយមន្ទីរពេទ្យស្រុក និងមណ្ឌលសុខភាពទាំងអស់ក្នុងតំបន់ ក៏ដូចជាគ្លីនិកឯកជន ដើម្បីសហការបង្កើតប្រព័ន្ធបញ្ចូន ស្រ្តីមានផ្ទៃពោះ និងទារកដែលមានបញ្ហាសុខភាព ឲ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា វត្តមានរបស់លោកជំទាវ
នាពេលនេះ ជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់មន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាសមាគមគ្រូពេទ្យទារកកម្ពុជា និងជាថាមពលជំរុញដល់សិក្ខាកាមទាំងអស់ឲ្យមានការយល់ដឹង និងមានជំនាញពិតប្រាកដ ក្នុងការសង្គ្រោះទារកក្រោយសម្រាលបានត្រឹមត្រូវតាមឯកទេសជំនាញ ដែលជាគុណប្រយោជន៍ និងក្តីសង្ឃឹមសម្រាប់ មាតាទាំងឡាយ។ ការរៀបចំសិក្ខាសាលានេះក្នុងគោលបំណងបណ្តុះបណ្តាលដល់សិក្ខាកាមទាំងអស់ ឲ្យមានការយល់ដឹង និងមានជំនាញក្នុងការសង្គ្រោះទារកក្រោយសម្រាល ដោយចេះវាយតំលៃស្ថានភាពទារកដែលកើតមកភ្លាម រៀបចំទុកជាមុននូវសំភារៈសំរាប់សង្គ្រោះទារក និងអាចជួយសង្គ្រោះបឋម ដល់ទារកនៅ១នាទីមាសដំបូង នៃជីវិតឲ្យមានប្រសិទ្ធភាព និងចេះធ្វើការបញ្ចូនទារក ទៅកាន់មន្ទីរពេទ្យដែលមានលទ្ធភាពខ្ពស់ក្នុងការព្យាបាលបន្ត ឲ្យបានត្រឹមត្រូវ និងសុវត្ថិភាព ដោយមានការធ្វើបទបង្ហាញជាទ្រឹស្តី និងការអនុវត្តផ្ទាល់ទៅលើ mannequin ពីក្រុមគ្រូពេទ្យជំនាញសង្គ្រោះនិងថែទាំទារកនៃមន្ទីពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យគន្ធបុប្ផា៕
អត្ថបទ រដ្ឋា



















-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន4 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន4 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន3 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន5 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន6 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន