ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះបំផុត ១.០០០គ្រួសារ នៅខេត្តព្រះវិហារ
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិ នាថសីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចែកអំណោយមនុស្សធម៌ជាស្បៀង-សម្ភារ ជូនប្រជាពលរដ្ឋចំនួន១.០០០គ្រួសារ ដែលរងគ្រោះបំផុតក្នុងខេត្តព្រះវិហារ។
អំណោយមនុស្សធម៌ ជាស្បៀង និងសម្ភារ ដែលកាកបាទក្រហមកម្ពុជា នាំយកមកនាឱកាសនេះ ត្រូវបានឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ អញ្ជើញនាំយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះបំផុត នៅទីតាំងចំនួនបីផ្សេងគ្នា ក្នុងនោះទីតាំងទី១៖ ក្នុងវត្តឧត្តមសែនជ័យ (ហៅវត្តជុញ) ស្ថិតនៅភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត សម្រាប់ប្រជាពលរដ្ឋ ៤០៩គ្រួសារ, ទីតាំងទី២៖ ក្នុងបរិវេណវត្ត អនោមាគិរី (ហៅវត្តភូមិបុះ) ស្ថិតនៅភូមិបុះ ឃុំភ្នំពេញ ស្រុកគូលែន សម្រាប់ប្រជាពលរដ្ឋ ២៩៩គ្រួសារ និងទីតាំងទី៣៖ ក្នុងបរិវេណវត្តតេជៈរង្សី (ហៅវត្តភូមិបឹង) ស្ថិតនៅភូមិដា ឃុំចំរើន ស្រុកសង្គមថ្មី សម្រាប់ប្រជាពលរដ្ឋ ២៩២គ្រួសារ ហើយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងទឹកស៊ីអ៊ីវ ៦ដប។
មានមតិស្វាគមគន៍នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ តំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុត ដោយមិនទុកនរណាម្នាក់ចោលឡើយ។ ជាក់ស្តែងនៅថ្ងៃនេះ សម្តេច បានចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងសហការី នាំយកស្បៀងនិងសម្ភារ ដើម្បីឆ្លើយតបជួយដល់បងប្អូនរងគ្រោះបំផុតបានទាន់ពេលវេលា ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ កំពុងចល័តទៅកាន់តំបន់សុវត្ថិភាព។ ឯកឧត្តម បានមានប្រសាសន៍គូសបញ្ជាក់ថា «សូមបងប្អូនរក្សាភាពស្ងៀមស្ងាត់និងមានភាពអត់ធ្មត់ កុំជឿលើព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ដែលអាចនាំឱ្យមានការយល់ច្រឡំ ជាពិសេសត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាពិសេស កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមិនទុកបងប្អូនណាម្នាក់ចោលនោះទេ។»
ជាមួយគ្នានេះ ឯកឧត្តម យូ ឡាណា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដែលបានលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ក្នុងការផ្តល់សេវាមនុស្សធម៌ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានឆាប់រហ័សនិងទាន់ពេលវេលា។ ជាក់ស្តែងនៅថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្រេចផ្តល់ស្បៀង-សម្ភារសម្រាប់ជួយសម្រាលការលំបាក ដល់ប្រជាពលរដ្ឋរងគ្រោះបំផុតរួមមាន ចាស់ជរា ស្រ្តីម៉េម៉ាយមានកូនច្រើន ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ជាដើម។ ឯកឧត្តមបានគូសបញ្ជាក់ថា «រដូវនេះជារដូវភ្លៀង សូមបងប្អូនប្រជាពលរដ្ឋដែលមានកូនតូចទាំងអស់ត្រូវប្រុងប្រយ័ត្នអំពីជំងឺគ្រុនឈាម ត្រូវឱ្យកូនៗគេងនៅក្នុងមុងទាំងថ្ងៃ និងយប់ ត្រូវរក្សាអនាម័យឱ្យបានល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាតជាពិសេសត្រូវពិសារទឹកដាំពុះ ជៀសវាងកើតជំងឺរាគ និងកើតនូវអាសន្នរោគជាដើម។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ដោយសារអាកាសធាតុប្រែប្រួល សូមបងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយដោយធម្មជាតិរួមមានខ្យល់កន្ត្រាក់ និងផ្គររន្ទះជាដើម ហើយនៅពេលមានភ្លៀងធ្លាក់ត្រូវរកកន្លែងដែលមានសុវត្ថិភាព ដើម្បីជ្រក និងត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗ។
សូមជម្រាបជូនថា ការឧបត្ថម្ភទាំង២លើកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ មានចំនួន១០០លានរៀល និងស្បៀង-សម្ភារចំនួន ១៥០០គ្រួសារ សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលបានចល័ត ទៅរកតំបន់សុវត្ថិភាព ក្រោយពីមានការប៉ះទង្គិចគ្នានៅតំបន់មុំបីកន្លងទៅ និងសម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតផ្សេងៗទៀតក្នុងខេត្តព្រះវិហារ៕
អត្ថបទៈ សំ ងីម















-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា