ព័ត៌មាន
ឯកឧត្តម ឡាំ ជា៖កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា-ថៃថ្ងៃនេះប្រព្រឹត្តទៅដោយរលូន
ភ្នំពេញ ៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែនកម្ពុជា បានមានប្រសាសន៍ខ្លីនៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) ថា«កិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន»។ ឯកឧត្តមរដ្ឋមន្ត្រី ឡាំ ជា មិនបានផ្តល់អត្ថាធិប្បាយអ្វីច្រើនលើកិច្ចប្រជុំនេះទេ។
សូមជម្រាបថា កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ បានចាប់ផ្តើមដំណើរការជាផ្លូវការនៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។ មុនកិច្ចប្រជុំ JBC គឺមានកិច្ចប្រជុំចង្អៀតរវាងភាគីកម្ពុជា-ថៃ ដោយភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ឡាំជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ តំណាងភាគីថៃ។ បន្ទាប់ពីចប់កិច្ចប្រជុំចង្អៀតភាគីទាំងពីរ បានចូលកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ។ កិច្ចប្រជុំ JBC បានធ្វើឡើងក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែន គោកកម្ពុជា-ថៃ (JBC) បានបញ្ចប់នៅម៉ោងជិត៤រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយរលូន ដោយភាគីទាំងពីរបានពិភាក្សាក្នុងបរិយាកាសល្អ យោគយល់គ្នាខ្ពស់។ កិច្ចប្រជុំនឹងបន្តនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមបើកកិច្ចប្រជុំនៅម៉ោង ១១:៤០ នាទី និងមានកិច្ចប្រជុំចង្អៀតមួយរវាងភាគីទាំងពីរកម្ពុជា-ថៃ។ សមាសភាពគណៈកម្មការចម្រុះកម្ពុជា-ថៃ (JBC) ដែលចូលរួមប្រជុំរួមមាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាប្រធានគណៈប្រតិភូកម្ពុជា ហើយ រដ្ឋាភិបាលថៃ បានចាត់តាំង លោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ជាប្រធានគណៈប្រតិភូ ដើម្បីចរចាជាមួយកម្ពុជា ក្នុងកិច្ចប្រជុំ JBC នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ សណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។
មិនមានប្រភពព័ត៌មានណាមួយបញ្ជាក់ពីរបៀបវារៈនៃកិច្ចប្រជុំក៏ដូចជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃនៅថ្ងៃនេះនៅឡើយទេ។ ភាគីកម្ពុជានិងថៃស្ថិតក្នុងកិច្ចចរចាក៏មិនផ្តល់អត្ថាធិប្បាយអ្វីជូនដល់អ្នកសារព័ត៌មានទេ។
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជូនដំណឹងដល់សាធារណជនតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកថា ថ្ងៃសៅរ៍ទី១៤ មិថុនា ឆ្នាំ២០២៥ ស្អែកនេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។
ជាមួយគ្នានេះ សម្តេចធិបតីបានគូសបញ្ជាក់ថាជូនដល់បងប្អូនជនរួមជាតិឲ្យបានជ្រាបថា បញ្ហាពីរដែលនឹងមិនត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC ថ្ងៃស្អែកគឺ÷ ១. បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ភាគីកម្ពុជានៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC ស្អែកនេះថា តើថៃនិងចូលរួមជាមួយកម្ពុជាក្នុងការយកបញ្ហានៅតំបន់ទាំងបួននេះទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ? ខ្ញុំសូមបញ្ជាក់ជូនបងប្អូនរួមជាតិសារជាតិថ្មីថា បើទោះជាភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួននេះ ដោយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃអាទិត្យទី ១៥ មិថុនា ខានស្អែកនេះ។
២. បញ្ហាការបិទព្រំដែនក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC ស្អែកនេះដែរ ម្យ៉ាងដោយសារការបិទឬបើកច្រកព្រំដែនមិនមែនជាសមត្ថកិច្ចរបស់ JBC ទេ។ ម្យ៉ាងទៀតគឺ បញ្ហាពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាកងទ័ពថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីកាលពីថ្ងៃទី៧ មិថុនាកន្លងទៅនេះ ធ្វើការបើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ។ កម្ពុជាមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងកម្ពុជាតាមព្រំដែនទេ។ ប៉ុន្តែកម្ពុជាក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់ចេញនូវវិធានការនានាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងឬការដាក់សំពាធពីខាងក្រៅ។
«ខ្ញុំសូមបញ្ជាក់ថា កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមបញ្ហានេះទេ។ ហេតុដូច្នេះកម្ពុជាក៏មិនត្រូវជាអ្នកដែលបញ្ចប់បញ្ហានេះមុនដែរ។ រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់វិញដោយឯកតោភាគី។ មិនមានការចាំបាច់ចរចាគ្នានោះទេ។ អ្នកណាចាប់ផ្ដើមមុន អ្នកនោះបញ្ចប់មុនទៅជាការស្រេច»។ នេះជាការសង្កត់ធ្ងន់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី៕




-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យខេត្តកោះកុង ចុះបេសកម្មពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា និងថៃ បន្តកែសម្រួលយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់លើកទី២ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន
-
ព័ត៌មាន3 days agoអូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន បានប្រាប់មិត្តបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនត្រឹមតែផ្ដាច់ការតភ្ជាប់រវាងកម្ពុជា-ថៃ ទេ តែជាការកាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៊ីផងដែរ
-
ព័ត៌មាន9 hours agoឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដាក់បទបញ្ជាដល់នាយទាហានក្រោមឱវាទទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន
-
ព័ត៌មាន4 days agoសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់យុទ្ធជនដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនៅរាជធានីភ្នំពេញ
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហែរអង្គកឋិនទានមហាសាមគ្គីទៅវត្តទួលអង្គញ់ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារ
-
ព័ត៌មាន3 days agoឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមសហការរៀបចំពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ រវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង