ព័ត៌មាន
ពលរដ្ឋកម្ពុជារង្វង់១៥ ម៉ឺននាក់ចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា
មហាជនគ្រប់ស្រទាប់វណ្ណៈ ប្រមាណ១៥ម៉ឺននាក់ បានចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ចាប់ពីសាលមហាស្រពកោះពេជ្រ ដល់វិមានឯករាជ្យ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំរៀបចំព្រឹត្តិការណ៍នេះ បានលើកឡើងថា ការជួបជុំគ្នានៅក្នុងថ្ងៃនេះរបស់យើងទាំងអស់គ្នា លើសពីការជួបជុំជាលក្ខណៈមហាគ្រួសារខ្មែរ ដើម្បីបង្ហាញពីទឹកចិត្តសាមគ្គី ស្មារតីមុះមុត និងជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំង ប៉ុន្តែការជួបជុំរបស់យើងនៅក្នុងថ្ងៃនេះ ជាការបង្ហាញនូវមនោសញ្ចេតនាក្នុងលក្ខណៈជាមហាគ្រួសារខ្មែរថា ពេលដែលប្រទេសជាតិត្រូវការយើង គឺយើងនឹងចេញមកបង្ហាញនូវស្មារតីនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានអះអាងថា ការជួបជុំនៅពេលនេះ ក៏អាចជាសារមួយផងដែរ ហើយសារនោះគឺបញ្ជាក់ថា ពេលដែលប្រទេសកម្ពុជា មានការគំរាមកំហែង ប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេ ប្រសិនបើមានការប្រមាថណាមួយមកលើកិត្តិយស និងដែនបូរណភាពទឹកដី របស់ប្រជាជនកម្ពុជា។
ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថា «យើងនឹងងើបឈរ ដោយស្មារតីរួមគ្នាគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជាតិរបស់យើងក្នុង ការពារបូរណភាពទឹកដី ការពារប្រយោជន៍ជាតិ និងការពារភាពសុខសាន្តរបស់ជាតិ។ ទោះជាយ៉ាងក្តី យើងជ្រើសរើសស្របតាមការណែនាំរបស់សម្តេចតេជោ និងសម្តេចមហាបវរធិបតី គឺដោះស្រាយរាល់បញ្ហារបស់កម្ពុជាដោយសន្តិវិធី និងផ្នែកលើមូលដ្ឋានច្បាប់»។

ជាមួយគ្នានេះ ឯកឧត្តមក៏សូមគោរពថ្លែងអំណរព្រះគុណ និងអំណរគុណប្រគេន ថ្វាយ និងជូន សម្តេចសង្ឃ ព្រះតេជគុណ ព្រះអង្គម្ចាស់ លោក លោកស្រី ប្រតិភូគណបក្សនយោបាយ មន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សមាគមយុវជនគ្រប់មុខសញ្ញា សិល្បករ សិល្បការនី កីឡាករ កីឡាការិនី សិស្ស និស្សិត វិស័យឯកជន បងប្អូន KOLs ជនរួមជាតិទាំងអស់ដែលបានមកប្រជុំគ្នានៅទីនេះ ពេលនេះដើម្បីបង្ហាញកម្លាំងទឹកចិត្តស្នេហាជាតិដ៏ថ្លៃថ្លា តាមរយៈដំណើរថ្មើរជើង Solidarity March ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាប្រកបដោយទឹកចិត្ត ឆន្ទៈ ក្ដីស្រលាញ់ ដើម្បីជាតិកម្ពុជា។

ជាមួយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធ រួមមាន រដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្តាល កំពងស្ពឺ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមការងារ នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងបងប្អូនអ្នកសារព័ត៌មានដែលបានចូលរួមសម្របសម្រួល រៀបចំ និងរាយការណ៍ព័ត៌មាន កម្មវិធីនេះឲ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យត្រចះត្រចង់ ដែលជាមហាកិត្តិយសដ៏ធំធេងជូនប្រទេសជាតិ៕











-
ព័ត៌មាន1 week agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន1 week agoព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ