ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល «មន្ទីរពេទ្យ ហ្លួង ម៉ែ គឺជាមជ្ឈមណ្ឌលព្យាបាលជំងឺមហារីក ដែលដំណើរការគ្រប់ជ្រុងជ្រោយទាំង សុវត្ថិភាព សមត្ថភាព គុណភាព និងបម្រើសេវាជូនអ្នកជំងឺប្រកបដោយសមធម៌»
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ទទួលបន្ទុក បានចុះពិនិត្យវឌ្ឍនភាពមន្ទីរពេទ្យ ហ្លួង ម៉ែ ដែលជាមជ្ឈមណ្ឌលឯកទេសផ្នែកជំងឺមហារីក ដើម្បីដំណើរការឱ្យបានរលូន មានលក្ខណៈល្អប្រសើរ គ្រប់ជ្រុងជ្រោយទាំង សុវត្ថិភាព សមត្ថភាព គុណភាព បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ បុគ្គលិក បម្រើសេវានៅតាមផ្នែកនីមួយៗ និងអ្នកជំងឺដែលមកទទួលសេវា ព្រមទាំងបានផ្តល់ការណែនាំ ដើម្បីបង្កើនសមត្ថភាព ការបម្រើសេវាឯកទេសផ្នែកជំងឺមហារីក ដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌។
ក្នុងឱកាសនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញនូវការកោតសរសើរចំពោះវឌ្ឍនភាពរបស់មន្ទីរពេទ្យ ព្រមទំាងការរៀបចំចក្ខុវិស័យ និងផែនការបានច្បាស់លាស់ ទាំងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរពេទ្យ នូវអនុសាសន៍គន្លឹះ មួយចំនួន ដើម្បីក្លាយជាមន្ទីរពេទ្យគ្រប់ជ្រុងជ្រោយ ដែលមានសុវត្ថិភាព និងគុណភាព បម្រើសេវាជូនអ្នកជំងឺប្រកបដោយសមធម៌ ដូចខាងក្រោម៖
១) ពិនិត្យ និងសិក្សា លើអត្រាជំងឺមហារីក ដែលមានកំណើនខ្ពស់ ដើម្បីជំនួយដល់ការធ្វើរោគវិនិច្ឆ័យឱ្យបានលឿន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការបង្កើនវិធីសាស្ត្រព្យាបាលឱ្យបានគ្រប់ជ្រុងជ្រោយ និងរក្សាទំនាក់ទំនងរវាងមន្ទីរពេទ្យ និងមន្ទីរពេទ្យ លើប្រព័ន្ធនៃការបញ្ជូនអ្នកជំងឺ។
២) បន្តពង្រឹងការផ្តល់សេវាជូនអ្នកជំងឺ ប្រកបដោយការយកចិត្តទុកដាក់ និងមានក្រមសីលធម៌ ធ្វើយ៉ាងណាមិនឱ្យមានការគិតថ្លៃសេវាបន្ថែម លើសពីការកំណត់នោះទេ។
៣) បង្កើនវិធីសាស្ត្រនៃការព្យាបាលជំងឺមហារីកពហុជំនាញ មានដូចជា វះកាត់ បាញ់កាំរស្មី ការចាក់ថ្នាំគីមី ជាដើម ដោយត្រូវសហការគ្នា ជាមួយមន្ទីរពេទ្យផ្សេងៗទៀត ឱ្យបានរឹងមាំ ។
៤) បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់បុគ្គលិក និងថ្នាក់ដឹកនាំផ្នែកជាប្រចាំ ដោយអ្នកចាស់បង្រៀនអ្នកថ្មី និងសហការយកអ្នកឯកទេសពីបរទេសមកបង្ហាត់បង្ហាញ។ ជាមួយគ្នានេះ ត្រូវរក្សាធនធានដែលបានបណ្តុះបណ្តាលរួច ឱ្យនៅបន្តបម្រើអង្គភាពជាចាំបាច់។
៥) ការចូលរួមចែករំលែកព័ត៌មានសុខាភិបាលរួមគ្នា ដើម្បីការបណ្តុះបណ្តាល ការចងក្រងព័ត៌មាន និងការធ្វើផែនការជាតិជាមួយគ្នា និងការគាំពារសង្គម
៦) ត្រូវរក្សាឱ្យបាននូវការការពារសារធាតុវិទ្យុសកម្ម ដែលសាយភាយពីការប្រើប្រាស់ថាមពលសម្រាប់ការព្យាបាលជំងឺមហារីក
៧) ត្រូវធ្វើទំនើបកម្មឧបករណ៍ សម្ភារៈបរិក្ខារពេទ្យ ទំនើប ទាន់សម័យ សម្រាប់ការប្រើប្រាស់លើការព្យាបាល និងត្រូវគិតឱ្យបានល្អិតល្អន់ផងដែរ ពីការថែទាំ និងជួសជុល។
មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវ៖ ១) ការប្រុងប្រយ័ត្នអំពីការងារដែលបំពេញមិនទាន់គ្រប់ជ្រុងជ្រោយ ឬខ្វះសុវត្ថិភាព ២) រៀបចំឱ្យមានប្រូតូកូល ឬនីតិវិធីស្តង់ដារ ដើម្បីអនុវត្ត ៣) ការប្រើប្រាស់ឱសថឱ្យស្របតាមនីតិវិធីស្តង់ដា ៤) សម្របសម្រួល ជាមួយមន្ទីរពេទ្យផ្សេងទៀត ដើម្បីរៀបចំផែនការជាតិជំងឺមហារីក ។
មន្ទីរពេទ្យហ្លួងម៉ែ មានទីតាំងស្ថិតនៅផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មន្ទីរពេទ្យ ហ្លួង ម៉ែ ជាមន្ទីរពេទ្យឯកទេសជំងឺមហារីក ដែលត្រូវបានបង្កើតឡើងតាមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបន្តការគាំទ្រអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចជាពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលមន្ទីរពេទ្យនេះ បានរៀបចំជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធរួចរាល់ក្នុងដំណាក់កាលដំបូង និងបានដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ហើយមន្ទីរពេទ្យគ្រោងនឹងបើកដំណើរការពេញលេញជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិនៅចុងឆ្នាំ២០២៥ ខាងមុខនេះ៕
អត្ថបទ រដ្ឋា




















-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង