ព័ត៌មាន
នាយឧត្តមសេនីយ៍ ទៀ សីហា៖ ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាពក៏មិនងាយស្រួលដែរ
ត្បូងឃ្មុំ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺមិនងាយស្រួលនោះឡើយ ហើយកាន់តែពិបាកជាងនេះទៀត គឺការថែរក្សាការពារសន្តិភាពតែម្តង។ ដូចនេះ នៅគ្រប់កាលៈទេសៈ យើងត្រូវសាមគ្គីគ្នារួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាព ដែលរកបានមកដោយលំបាកបំផុតនេះ ឱ្យគង់វង្សឋិតថេរ មិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះក្នុងតម្លៃណាក៏ដោយ។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហានេះ បានធ្វើឡើងក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៥ ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ នាតំបន់ប្រវត្តិសាស្ត្រ X16 ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដែលកំពុងរៀបចំនាថ្ងៃនេះ ជាព្រឹត្តិការណ៍ដែលមានសារៈសំខាន់បំផុត ព្រោះប្រវត្តិសាស្ត្រ បានបង្ហាញថា បើពុំមានការចាប់ផ្តើមនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ឆ្នាំ១៩៧៧ និងព្រឹត្តិការណ៍ដែលមានជាបន្តបន្ទាប់នោះទេ ក៏មិនអាចមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះបានដែរ។ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុន ជាថ្ងៃចាប់ផ្តើមនៃចលនាតស៊ូប្រឆាំង រើបម្រះពីរបបដឹកនាំប៉ុល ពត បន្ទាប់មកគឺឈានទៅបង្កើតកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ គឺអង្គភាព១២៥ ដែលជាអង្គការចាត់តាំងយោធាដំបូង និងការបង្កើតអង្គការចាត់តាំងនយោបាយដំបូង គឺ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ឈានទៅសម្រេចជ័យជម្នះក្នុង ការសង្គ្រោះ និងរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាស្ថាពរនៅថ្ងៃ៧ មករា ឆ្នាំ ១៩៧៩។

ឧបនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ពេលនោះហើយ ដែលកងទ័ពប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានកសាងឡើង មានបេសកកម្មពីរ គឺការទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ និងការស្តារសេដ្ឋកិច្ច សង្គមឡើងវិញ ការរំដោះប្រជាជនចេញពីភាពអត់ឃ្លាន និងគ្រោះអវិជ្ជា។ ក្នុងរបត់ប្រវត្តិសាស្ត្រក្រោយមកទៀត កងទ័ពដែលកើតចេញពីអង្គភាព ១២៥ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាប្រៀបខ្លាំង និងប្រៀបឈ្នះរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា ទប់ស្កាត់បានដោយជោគជ័យ មិនឲ្យពួកខ្មែរក្រហមត្រលប់មកវិញ ហើយបានធ្វើជាសសរស្តម្ភយ៉ាង រឹងមាំ គាំទ្រការចរចាសន្តិភាពរហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនាឆ្នាំ១៩៩៣។ ពីឆ្នាំ១៩៩៣ ដល់១៩៩៨ គឺកម្លាំងដែលមានកំណើតមកពីអង្គភាព ១២៥ នេះហើយ ដែលជាស្នូលដ៏សំខាន់ជាងគេរបស់កងយោធពលខេមរភូមិន្ទ ដែលបានចូលរួមអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន រហូតទទួលបានជោគជ័យពេញលេញក្នុងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង បង្កើតបាននូវការឯកភាពជាតិ ឯកភាពទឹកដីនៅចុងឆ្នាំ១៩៩៨ ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាពុំធ្លាប់មានអស់រយៈកាលជាង៥០០ឆ្នាំកន្លងមកនេះ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា “រឿងរ៉ាវប្រវត្តិនៃការដឹកនាំ និងការលះបង់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងការកសាងស្នូលនៃកងយោធពលខេមរភូមិន្ទដែលកំពុងឈរជើងយ៉ាងរឹងមាំ និងស្វាហាប់ការពារបូរណភាពទឹកដីនាពេលនេះ មិនត្រឹមតែជាប្រវត្តិសាស្ត្រផ្ទាល់ខ្លួនទេ ប៉ុន្តែគឺជាប្រវត្តិសាស្ត្រជាតិ ដែលមិនអាចបំភ្លេចបានឡើយ។ ហេតុនេះហើយ យើងត្រូវមកទីនេះជារៀងរាល់ឆ្នាំ ដើម្បីរំឭកអំពីពលិកម្ម និងគុណូបការៈរបស់ថ្នាក់ដឹកនាំយើង ដែលបានយកជីវិតធ្វើដើមទុន រំដោះប្រទេសចេញពីរបបវាលពិឃាត ហើយនាំប្រទេសជាតិឆ្ពោះទៅការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ ខ្ញុំរំលឹកព្រឹត្តិការណ៍នេះ ដើម្បីរំលេចឱ្យឃើញថា សន្តិភាពមានតម្លៃធំធេងណាស់សម្រាប់ជីវិតជាតិនីមួយៗ កុំដល់ពេលបាត់បង់ទើបនាំគ្នានិយាយអំពីសារៈសំខាន់នៃសន្តិភាព។”
ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងអំណរគុណយ៉ាងជ្រៅចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិដែលបានយកអស់កម្លាំងកាយ ចិត្ត និងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការរៀបចំកសាងតំបន់នេះតាំងពីថ្ងៃដំបូង និងបានផ្តួចផ្តើមរៀបចំប្រារព្ធពិធីជាប្រវត្តិសាស្ត្រនេះជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ឯកឧត្តមក៏សូមថ្លែងអំណរគុណ និងកោតសរសើចំពោះនាយឧត្តមសេនីយ៍ សៅ សុខា និងក្រុមការងារពាក់ព័ន្ធ ដែលបានដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ តាំងពីគ្មានអ្វីសោះ ឱ្យប្រែក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍។ សូមសម្តែងនូវការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិទាំងអស់ ដែលបានគាំទ្ររាជរដ្ឋាភិបាលក្នុងការកសាងតំបន់ប្រវត្តិ-សាស្ត្រ X១៦ នេះ៕ អត្ថបទ៖ បាន ចក់


-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា