ព័ត៌មាន
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «មន្រ្តីសុខាភិបាល ត្រូវមានស្មារតីបុរេសកម្ម ដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើសុខភាព និងសុខុមាលភាពមាតា និងទារកឱ្យកាន់តែប្រសើរឡើង»
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាលើកទី២៤ របស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ «រួមគ្នាកាត់បន្ថយមរណភាពមាតា និងទារក»។
សិក្ខាសាលានេះរៀបចំឡើងរយៈពេល១ថ្ងៃ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រី នាងកញ្ញា ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា សរុបចំនួន២៩០នាក់។ សិក្ខាសាលានាថ្ងៃនេះ គឺពិតជាពេលវេលាដ៏ល្អ ក្នុងការលើកកម្ពស់នូវគុណភាពនៃសេវាបំប៉នចំណេះដឹងជំនាញដល់សមាជិក សមាជិកា សមាគម ស្របនឹងអនុលោម តាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។
ឯកឧត្តមសាស្ត្រាចារ្យ គុំ កាណាល់ ប្រធានសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា បានលើកឡើងថា ថ្ងៃនេះជាថ្ងៃ មួយដ៏ល្អប្រសើរដែលលោកស្រីសាស្ត្រាចារ្យ គាំ ផល្លី ប្រធានគណៈកម្មាធិការរៀបចំសិក្ខាសាលា បានលើកថា “រួមគ្នាកាត់បន្ថយមរណៈភាពមាតានិងទារក” ជារៀងរាល់ឆ្នាំសមាគមបានរៀបចំសិក្ខាសាលានេះ ក្នុងវត្ថុបំណងផ្លាស់ប្តូរយោបល់ ចំណេះដឹង និងរៀនសូត្រពីគ្នាទៅគ្នា ក្នុងជំនាញសម្ភព និងរោគស្ត្រី និងបង្កើនចំណេះដឹងរបស់សមាជិក ក៏ដូចជាទុនក្នុងការផ្តល់សេវាផ្នែកសម្ភព និងរោគស្ត្រីឱ្យមានប្រសិទ្ធភាព និងគុណភាព។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានផ្តល់ជាអនុសាសន៍ មួយចំនួន ដល់សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ដូចខាងក្រោម៖
១) ត្រូវរៀបចំបង្កើនការបំប៉នសមត្ថភាពជំនាញ ដល់សមាជិកឱ្យកាន់តែប្រសើរ ដោយផ្អែកលើបទពិសោធន៍បច្ចេកទេសថ្មីៗ លើសកលលោក រួមជាមួយនឹងការបង្ហាញការអនុវត្តជំនាញផង។
២) ត្រូវជួយរម្លឹកដល់សមាជិក បង្កើតស្មារតី អនុវត្តការងារប្រកបដោយគុណភាព គុណធម៌ សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ។
៣) ត្រូវជួយពង្រឹងភាពម្ចាស់ការ ធ្វើយ៉ាងណាបង្កើនទំនុកចិត្តប្រជាជនឱ្យទទួលសេវានៅកម្ពុជា បន្ថយការទៅព្យាបាលនៅបរទេស។ ជាការបង្កើនការជឿងជាក់ការបម្រើសេវា។
៤) ត្រូវរួមគ្នាទទួលខុសត្រូវចំពោះអត្ថប្រយោជន៍វិជ្ជាជីវៈ ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីកត្តាប្រឈមមួយចំនួន ដែលត្រូវយកចិត្តទុកដាក់ ស្គាល់ពីបញ្ហា មូលហេតុនៃបញ្ហា និងស្វែងរកដំណោះស្រាយ ដោយត្រូវយកមកពិភាក្សាគ្នា កុំឱ្យមានការយឺតយ៉ាវ ក្នុងការរកឃើញនូវបញ្ហា ដូចជា ការពិនិត្យផ្ទៃពោះមុនពេលកើត ការយកចិត្តទុកដាក់នៅពេលកំពុងសម្រាលមានស្ថានភាពមិនល្អ និងយកចិត្តទុកដាក់ក្រោយសម្រាល ទាំងម្តាយ និងទារក។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែនាំដល់សមាជិកសមាគម និងមន្រ្តីសុខាភិបាល ដោយ៖ ១) ត្រូវយកចិត្តទុកដាក់ក្នុងការតាមដានផ្ទៃពោះរបស់ស្រ្តីជាម្តាយ យ៉ាងតិច ៤ដង ២) ត្រូវពិនិត្យ និងតាមដានសុខភាពស្រ្តីមានផ្ទៃពោះ ពីជំងឺផ្សេងៗ ៣) ស្នើឱ្យប្រធានមណ្ឌលសុខភាព និងប្រធានមន្ទីរពេទ្យ ចុះទៅពិនិត្យកន្លែងសម្រាលឱ្យបានញឹកញាប់ និងរាយការណ៍រាល់ថ្ងៃអំពីការសម្រាល ៤) ការពង្រឹងសម្ថតភាព បច្ចេកទេសឱ្យកាន់តែប្រសើរ ៥) ត្រូវបន្តយកចិត្តទុកដាក់កាន់តែខ្ពស់ក្នុងការជួយសង្រ្គោះជីវិតទារកដែលទើបនឹងកើត ៥) ថ្នាក់ដឹកនាំគ្រប់អង្គភាពសាធារណៈ និងឯកជន ត្រូវយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវឱ្យបានខ្ពស់ ក្នុងការដឹកនាំដោះស្រាយបញ្ហា ៦)ត្រូវយកចិត្តទុកដាក់ពិនិត្យ និងតាមដានសុខភាព ម្តាយ និងទារក ក្រោយពេលសម្រាល ដែលជាការចាំបាច់ ៧) ធ្វើការណែនាំស្រ្តីមានផ្ទៃពោះ កុំឱ្យប្រើប្រាស់ស្រាថ្នាំបូរាណ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ទាំងម្តាយ និងទារក ៨) ណែនាំស្រ្តីមានផ្ទៃពោះ កុំឱ្យប្រើប្រាស់ឱសថដោយគ្មានការពិគ្រោះយោបល់ពីគ្រូពេទ្យជំនាញ។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សំដែងនូវការកោតសរសើរ ចំពោះសមាគម ក្នុងការដឹកនាំរៀបចំឱ្យមានជាសិក្ខាសាលាទៀងទាត់ ដែលបញ្ជាក់ឱ្យឃើញនូវសាមគ្គីភាពរឹងមាំ មានជំហរស្មារតីទទួលខុសត្រូវ និងដើម្បីចូលរួមខិតខំបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈបន្ថែមទៀត ដើម្បីកាត់បន្ថយអត្រាមរណភាពមាតាឱ្យនៅទាប ឈានទៅសម្រេចបានគោលដៅ ដែលបានកំណត់ក្នុងឆ្នាំ២០៣០៕
អត្ថបទ រដ្ឋា



















-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន3 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប