ព័ត៌មាន
កម្ពុជាមានការព្រួយបារម្ភខ្លាំង ខណៈទាហានថៃដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន
ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា មានការព្រួយបារម្ភខ្លាំង ខណៈទាហានថៃចំនួន៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។ ខណៈសកម្មភាពនេះ ជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលកំណត់ពេលវេលាជាក់លាក់អំពីការបើកឱ្យចូលប្រាសាទចាប់ពីម៉ោង ៩:០០ ព្រឹក និងបិទនៅម៉ោង ៣:០០ រសៀល។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថានៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះថា កិច្ចព្រមព្រៀងដដែលនេះក៏បានកំណត់ថា ប្រសិនបើមានករណីសុំពន្យារពេល ឬការរៀបចំពិសេសណាមួយ ភាគីទាំងពីរត្រូវតែជូនដំណឹង និងឯកភាពគ្នាជាមុន ដើម្បីធានាបាននូវការសម្របសម្រួលដោយរលូន និងទប់ស្កាត់ការយល់ច្រឡំណាមួយកើតឡើង។
បន្ទាប់ពីប្រទះឃើញស្ថានភាពខុសប្រក្រតីបែបនេះ កងទ័ពកម្ពុជាបានធ្វើអន្តរាគមន៍ភ្លាមៗ ប្រកបដោយការទទួលខុសត្រូវ យោគយល់ និងវិជ្ជាជីវៈខ្ពស់ ដោយបានរំឭកភាគីថៃឱ្យគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយ។ ជាលទ្ធផល ក្រុមអ្នកជិះកង់ជនជាតិថៃទាំងអស់នោះ ក៏បានចាកចេញពីតំបន់ប្រាសាទដោយមិនមានហេតុការណ៍អ្វីកើតឡើងទេ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ជាថ្មីថា កម្ពុជាស្នើឱ្យភាគីថៃប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលមានស្រាប់នេះ ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព និងភាពស្មោះត្រង់។ ការអនុលោមតាមកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់ក្នុងការរក្សាការជឿជាក់ និងការគោរពគ្នាទៅវិញទៅមក ជៀសវាងការយល់ច្រឡំដែលមិនចាំបាច់ និងទប់ស្កាត់ឧប្បត្តិហេតុអកុសលទាំងឡាយ ជាលទ្ធផលដែលភាគីកម្ពុជាមិនចង់ឃើញ។
កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តមិនងាករេ ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន និងគ្រប់គ្រងស្ថានការណ៍នៅប្រាសាទតាមាន់ធំដោយសន្តិវិធី និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់។ រាល់វិធានការទាំងឡាយដែលត្រូវបានអនុវត្ត គឺសុទ្ធតែស្របតាមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ក្នុងគោលបំណងរក្សាបាននូវបរិយាកាសអំណោយផលដល់សន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅតាមតំបន់ព្រំដែន ដើម្បីពង្រឹងទំនាក់ទំនងមិត្តជិតខាងល្អ និងនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន