ព័ត៌មាន
ការធ្វើដំណើរងាយស្រួល សន្សំថវិកា និងជីវភាពធូរធារជាងមុន ក្រោយប្រជាពលរដ្ឋទទួលបានផ្លូវបេតុងលិចទឹក២ខ្សែពីរាជរដ្ឋាភិបាលកម្ពុជា
កំពង់ឆ្នាំង៖ ផ្លូវបេតុងលិចទឹក២ខ្សែមានប្រវែងជាង២៦គីឡូម៉ែត្រ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងសាងសង់ជិតរួចរាល់១០០% និងបានក្លាយជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយសំរាប់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម។ ផ្លូវបេតុងលិចទឹកនេះបានតភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង និងស្រុកបាធាយ ខេត្តកំពង់ចាមតាមរយៈការដឹកកសិផលពីស្រែចម្ការទៅទីផ្សារ និងទំនិញចេញចូលកាន់តែងាយស្រួល ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នា ការចរាចរទៅមកបានរហ័សទាន់ចិត្ត ចំណេញពេលវេលា ថវិកាផងដែរ។
លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរីថ្លែងថា៖ ជាភ័ព្វសំណាងរបស់បងប្អូនប្រជាពលរដ្ឋស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ក៏ដូចជាអ្នករស់នៅស្រុកបាធាយ ខេត្តកំពង់ចាម ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់ផ្លូវបេតុងលិចទឹក២ខ្សែដ៏មានសារៈសំខាន់នេះសំរាប់ពួកគាត់។ ផ្លូវបេតុងនេះ មានប្រវែងជាង២៦គីឡូម៉ែត្រ តភ្ជាប់ពីឃុំកំពង់អុស ឃុំពាមឆ្កោក និងឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលផ្លូវនេះពីមុនមានភាពលំបាកខ្លាំងព្រោះជាផ្លូវទឹកទន្លេលិចនៅរដូវវស្សា។ ពេលនេះប្រជាពលរដ្ឋលែងមានការលំបាកដូចមុនដោយប្រើទូកកាណូតទៀតហើយ និងអាចធ្វើដំណើរការដឹកកសិផលទៅមកទីផ្សារខេត្តកំពង់ឆ្នាំង ក្រុងភ្នំពេញ ឬខេត្តកំពង់ចាមបានទាន់ពេលវេលា ចំណេញថវិកា ប្រជាពលរដ្ឋងាយស្រួលទៅមក សិស្សសាលា មន្ត្រីរាជការកងកម្លាំងងាយស្រួលទៅមក និងយកអ្នកជម្ងឺទៅមន្ទីរពេទ្យ។ ក្រោយពីផ្លូវបេតុងនេះបានកសាងរួច ឃើញថាការចរាចរទៅមករបស់ប្រជាពលរដ្ឋ កសិករ មន្ត្រីរាជការ កងកម្លាំង មមាញឹក ដែលធ្វើអោយស្រុកជលគីរីសព្វថ្ងៃ មិនស្ងាត់ និងនៅឆ្ងាយពីក្រុងកំពង់ឆ្នាំង ខេត្តកំពង់ចាម ឬក្រុងភ្នំពេញដូចពេលមុនឡើយ។ ធ្លាប់តែជិះកាណូតប្រើពេលពី៣ទៅ៤ម៉ោងទើបដល់ស្រុកជលគីរី ពេលនេះគេអាចធ្វើដំណើរតែ១ម៉ោងជាងទាំងការឆ្លងសាឡាង គឺបានទៅដល់ទីរួមស្រុកតែម្តង។
ប្រជាពលរដ្ឋស្រុកជលគីរី បញ្ជាក់ថា៖ កាលពីមុនផ្លូវទាំងនេះ ជាផ្លូវដីហុយពិបាកក្នុងការធ្វើដំណើរ ប្រជាពលរដ្ឋភាគច្រើនធ្វើដំណើរតាមកាណូតតែចំណាយថវិកាច្រើនណាស់ ។ ពេលឈឺថ្កាត់ម្តងៗ ពិបាកក្នុងការដឹកអ្នកជម្ងឺមកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទបានផ្តល់ជូនប្រជាពលរដ្ឋស្រុកជលគីរីនូវផ្លូវបេតុងលិចទឹក២ខ្សែ ដែលផ្លូវទាំង២ខ្សែនេះបាន បំរើដល់ផលប្រយោជន៍ប្រជាពលរដ្ឋជាច្រើនដូចជាការដឹកកសិកផល ការដឹកអ្នកជម្ងឺទៅមកមន្ទីរពេទ្យបង្អែក ការធ្វើដំណើរទៅមករបស់កងកម្លាំងមន្ត្រីរាជការ សិស្សានុសិស្ស និងងាយស្រួលដល់ការទំនាក់ទំនងគ្នាពីតំបន់មួយទៅតំបន់មួយទៀត។ ពេលនេះ ប្រជាពលរដ្ឋទាំងអស់ សប្បាយចិត្តយ៉ាងក្រៃលែង ដោយបានឃើញផ្លូវបេតុងលិចទឹក២ខ្សែ លេចចេញជារូបរាង និងបានប្រើប្រាស់ងាយស្រួលគ្រប់មធ្យោបាយធ្វើដំណើរ ចំណេញពេលវេលា ចំណេញថវិកា ជាពិសេសជួយដលអ្នកជម្ងឺទៀតផង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា និងពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ បានធ្វើការកែលម្អផ្លូវជនបទដោយក្រាលបេតុងនៅក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំងមាន២ខ្សែប្របតាមមាត់ទន្លេមានប្រវែងជាង២៦គីឡូម៉ែត្រ។ ផ្លូវបេតុងលិចទឹកទី១ប្រវែង១៧,៦៨គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,២០ម៉ែត្រ និងខ្សែទី២ប្រវែង៨,៥៨គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,២០ម៉ែត្រ រួមនិងមានស្ពាន លូប្រអប់ លូមូលមួយចំនួនផងដែរ ។ ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង បានទទួលសមិទ្ធិផលថ្មីៗតាមជនបទពីរាជរដ្ឋាភិបាលកម្ពុជាយ៉ាងច្រើនខ្សែ ក្នុងនោះមានការកែលម្អផ្លូវកៅស៊ូDBST ២ជាន់ និងផ្លូវបេតុងផងដែរ ៕ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា