ព័ត៌មាន
ក្រសួងការងារ៖ អបអរសាទរពលករខ្មែរមកពីប្រទេសថៃចំនួន ៣៤នាក់ទទួលបានឱកាសការងារភ្លាមៗនៅតំបន់សេដ្ឋកិច្ចក្នុងខេត្តកោះកុងក្រោយវិលមកកម្ពុជាវិញ
(កោះកុង)៖ ពលករខ្មែរចំនួន ៣៤នាក់ដែលទើបត្រឡប់ពីប្រទេសថៃ នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានទទួលឱកាសការងារនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង និងតំបន់សេដ្ឋកិច្ចពិសេស-កោះកុងក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាអាជ្ញាធរខេត្តកោះកុងផងដែរ។
ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង លោក យក់ សង្វាត បានឱ្យដឹងថា ពលករទាំង ៣៤រូបដែលមានស្ត្រី ១២នាក់ បានផ្តើមចូលធ្វើការនៅថ្ងៃចន្ទ ទី២៣នេះ ដោយ ៣២នាក់ធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង ផ្នែកកសិកម្ម ខណៈដែលពលករពីររូបដែលជាប្តីប្រពន្ធទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស-កោះកុង ផ្នែកឧស្សាហកម្ម។
ដើម្បីជួយពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃ និងមានបំណងវិលមកស្រុកកំណើតវិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់មន្ត្រីដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) មន្ត្រីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ឱ្យប្រចាំការនៅតាមច្រកទ្វារអន្តរជាតិ និងតាមមណ្ឌលសំចត ឬកន្លែងទទួលពលករដើម្បីរង់ចាំផ្តល់ឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍ ប.ស.ស.។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការងារ ឯកឧត្តម ស៊ុន មេសា បានអបអរសាទរទៅដល់បងប្អូនពលករទាំង ៣៤រូបដែលទទួលបានឱកាសការងារភ្លាមៗពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរខេត្តកោះកុងដែលសម្របសម្រួលជួយផ្គូផ្គងផ្តល់ឱកាសការងារនៅកន្លែងតែម្តង។
បើយោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ ខេត្តកោះកុង មានឱកាសការងារប្រមាណជាង ៧ ៦៣៥កន្លែងដែលកំពុងរង់ចាំការដាក់ពាក្យបំពេញការងារ ខណៈដែលកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មប្រមាណ ២៥ម៉ឺននាក់នៅទូទាំងប្រទេស។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃវិញ ក៏ដូចជាមានបំណងវិលត្រឡប់ពីប្រទេសថៃ សូមទាក់ទង និងចូលសាកសួរព័ត៌មាននៅមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលបានឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល៕









-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ