ព័ត៌មាន
រាជធានីភ្នំពេញរៀបចំការប្រឡងបាក់ឌុបសាកល្បងសម្រាប់សិស្សថ្នាក់ទី១២ ទូទាំងរាជធានី
មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសាកល្បងសម្រាប់សិស្សថ្នាក់ទី១២ ទូទាំងរាជធានី។ ការប្រឡងសាកល្បងនេះ រៀបចំឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយសិស្សត្រូវប្រឡង ៧មុខវិជ្ជាដូចទៅនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពិតប្រាកដ។
នាព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥នេះ គ្រប់សាលាវិទ្យាល័យនៅរាជធានីភ្នំពេញ បានរៀបចំការប្រឡងបាក់ឌុបសាកល្បង ដោយដំណើរការគ្រប់យ៉ាងរៀបចំដូចទៅនឹងការប្រឡងថ្នាក់ជាតិពិតប្រាកដ។ សម្រាប់វិទ្យាល័យជាស៊ីមសាមគ្គី បានចាប់ផ្ដើមសកម្មភាពដំបូងនៅថ្ងៃប្រឡងទី១នេះ ពីការឆែកឆេរសំណៅឯកសារនៅច្រកចូល មុនតម្រូវឱ្យសិស្សចូលទៅក្នុងបន្ទប់ប្រឡង និងការកាត់វិញ្ញាសា ក្រោមការពិនិត្យផ្ទាល់ដោយសិស្ស និងលោកគ្រូ អ្នកគ្រូ ដែលទទួលខុសត្រូវត្រួតពិនិត្យដំណើរការប្រឡងនៅបន្ទប់នីមួយៗ។
លោកគ្រូ ផាន់ ណិល ជានាយកវិទ្យាល័យជាស៊ីមសាមគ្គីលើកឡើងថា ការប្រឡងសាកល្បងនាពេលនេះ ពិតជាសំខាន់។ ភាពសំខាន់គឺថា សាលានឹងអាចដឹងពីសមត្ថពិតប្រាកដរបស់សិស្ស មុនការប្រឡងថ្នាក់ជាតិពិតប្រាកដចូលមកដល់។ សាលានឹងរៀបចំថ្នាក់ពិសេសសម្រាប់បំប៉នចំពោះសិស្សដែលទទួលបានលទ្ធផលមិនល្អសម្រាប់ការប្រឡងសាកល្បងនាពេលនេះ។ គោលដៅ គឺធ្វើឱ្យពួកគេអាចពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរ សម្រាប់ការប្រឡងពិតប្រាកដនៅខែ សីហាខាងមុខ។
សម្រាប់សិស្ស ក៏បង្ហាញការមើលឃើញដែរថា ការប្រឡងសាកល្បងនាពេលនេះ ជាការប្រឡងសំខាន់ ព្រោះពួកគេនឹងអាចដឹងពីសមត្ថភាពរបស់ខ្លួន ដឹងពីមុខវិជ្ជាដែលខ្លួនអាចធ្វើបានល្អ ដឹងពីមុខវិជ្ជាដែលខ្លួនធ្វើមិនបានល្អ។ ការដឹងពីសមត្ថភាពមុនការប្រឡងនេះ គឺពួកគេនៅមានពេលវេលាសម្រាប់ពង្រឹងសមត្ថភាព រៀនសូត្របន្ថែម ដើម្បីការប្រឡងថ្នាក់ជាតិពិតប្រាកដ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ខិតកាលបរិច្ឆេទការប្រឡងឱ្យដូចទៅនឹងសម័យប្រឡងដែលរៀបចំឡើង មុនមានវត្តមានជំងឺរាតត្បាតកូវីដ-១៩។ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៥នេះ នឹងប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ១៨ ថ្ងៃទី ១៩ ខែសីហា ដែលសិស្សថ្នាក់វិទ្យាសាស្ត្រសង្គម និងសិស្សថ្នាក់វិទ្យាសាស្ត្រពិត ត្រូវប្រឡងលើ ៧មុខវិជ្ជា៕ អត្ថបទ៖ គឹមហុក












-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន