ព័ត៌មាន
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា
នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ដែលទិវានេះរៀបចំឡើងនៅសាលមហោស្រពកោះពេជ្យ។

ក្នុងទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៨ មានការអញ្ជើញចូលរួមពី សមាជិករាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ជារដ្ឋមន្រ្តីក្រសួង-ស្ថាប័ន, អភិបាលរាជធានី-ខេត្ត ជាប្រធានកិត្តិយស ស.អ.ក, ស្នងការនគរបាលរាជធានី-ខេត្ត និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ជាប្រធាន ស.អ.ក ខេត្ត និងបងប្អូនអតីតយុទ្ធជន សរុបចំនួនជាង២ពាន់នាក់។

ក្នុងរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងថា ផ្អែកលើគុណបំណាច់ខាងលើរបស់បងប្អូនអតីតយុទ្ធ និងបងប្អូនអតីតមន្ត្រីរាជការស៊ីវិល រាជរដ្ឋាភិបាលត្រូវបានយកចិត្តទុកដាក់គិតគូរដោះស្រាយតាមរយះការកែសម្រួលបន្ថែមរបបសន្តិសុខសង្គមជាបន្តបន្ទាប់ផ្អែកតាម ស្ថានភាពវិវឌ្ឍនសេដ្ឋកិច្ចជាតិ ស្របតាមគុណបំណាច់របស់បងប្អូនចំពោះជាតិមាតុភូមិ។ មកដល់បច្ចុប្បន្នបងប្អូនអតីតមន្ត្រី រាជការស៊ីវិល និងអតីតយុទ្ធជន បានទទួលរបបសន្តិសុខសង្គមប្រចាំខែ ទាបបំផុតត្រឹម ៨៤ម៉ឺន ៥ពាន់ រៀល ព្រមទាំងបានដំឡើងប្រាក់វិភាជន៍គ្រួសារផងដែរ។
ឯកឧត្តម ជាសុមេធី ថ្លែងទៀតថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការត្រៀមថវិកាបម្រុងសម្រាប់ដោះស្រាយប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារ សពនិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងប្រាក់ឧបត្ថម្ភបូជាសព ប្រាក់ឧបត្ថម្ភមួយលើកជូនគ្រួសារ សពជនពិការជាអតីតយុទ្ធជនដែលទទួលមរណភាព។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ថ្លែងថា ការរៀបចំទិវាអតីតយុទ្ធជន ពិតជាមានសារៈសំខាន់ ក្នុងការរំលឹកដល់ការពលី និងលះបង់របស់អតីតយុទ្ធជនគ្រប់រូបដែលបានតស៊ូគ្រប់ដំណាក់កាលរហូតធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងការអភិវឌ្ឍរីកចម្រើន។

ក្នុងនោះដែរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ថ្លែងថា ក្នុងចំណោមសមាជិកនៃអតីតយុទ្ធជនសរុបចំនួនជិត១០ម៉ឺននាក់ ត្រូវបានរាជរដ្ឋាភិបាលចាប់តាំងពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១នៃសមាគមអតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់ដល់អតីតយុទ្ធជនជាប់ជាប្រចាំ តាមរយៈការផ្តល់គោលនយោបាយ រួមមាន ការផ្តល់ដីសម្បទានសង្គមកិច្ច, ការសាងសង់ផ្ទះ, ការរៀបចំភូមិលំនៅដ្ឋានជូនអតីតយុទ្ធជន ការតម្លើងប្រាក់សោធននិវត្តន៍, ការផ្តល់ប្រាក់បេឡាមរណជូនអតីតយុទ្ធជន និងគ្រួសារ និងការផ្តល់ប័ណ្ណសមធម៌ ដែលទាំងអស់នេះលើកកម្ពស់ការរស់នៅ និងជីវភាពរបស់អតីតយុទ្ធជនឱ្យកាន់តែប្រសើរជាបន្តបន្ទាប់។

ក្នុងឱកាសទិវានោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា យោងលើប្រវត្តិហែលឆ្លងយ៉ាងច្រើនដំណាក់កាល ជាមួយនឹងការបូជាលះបង់ឥតគណនារបស់បងប្អូនអតីតយុទ្ធជននាពេលកន្លងមក បន្ថែមពីលើគោលនយោបាយគិតគូរល្អិតល្អន់ចំពោះអតីតយុទ្ធជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាក៏បានកំណត់យកថ្ងៃ ២១ មិថុនា ជារៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជនកម្ពុជាដែលនេះជាវេទិកាដ៏មានអត្ថន័យ និងសារៈសំខាន់សម្រាប់អតីតយុទ្ធជន។
តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ទៀតថា ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា គឺជាទិវាដ៏មានតម្លៃនិងប្រវត្តិសាស្ត្រ ដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ធំធេងមិនអាចកាត់ថ្លៃបានរបស់វីរយុទ្ធជន វីរយុទ្ធនារី ដែលជាអតីតកងកម្លាំងប្រដាប់អាវុធប្រកបដោយមនសិការស្នេហាជាតិ និងការលះបង់ដ៏ខ្ពស់បំផុត។

បន្ថែមលើនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន លើកឡើងថា អត្ថន័យដ៏សំខាន់នៃទិវាអតីតយុទ្ធជនកម្ពុជា ក៏ជាសារមួយ បង្ហាញទៅដល់យុវជន យុវនារី ជាពិសេសអ្នកបន្តវេនជំនាន់ក្រោយទាំងអស់ឲ្យចងចាំ ដឹងគុណ និងអនុវត្តតាមគំរូវីរភាពរបស់អតីតយុទ្ធជន និងត្រូវចូលរួមគ្រប់សកម្មភាព និងរូបភាពនានា ធ្វើយ៉ាងណាតម្កល់ផលប្រយោជន៍ កិត្តិយស និងឱកាសជូនដល់អតីតយុទ្ធជន ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ ដែលពួកគាត់ពិតជាបានលះបង់ច្រើនណាស់ចំពោះយុវជនជំនាន់ក្រោយ៕






-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប