ព័ត៌មាន
ពលករខ្មែរមកពីថៃថ្លែងអំណរគុណអភិបាលខេត្តប៉ៃលិនចំពោះការយកចិត្តទុកដាក់លើសុខភាពពួកគេ
(ប៉ៃលិន)៖ ក្រោយពីទាហានប្រទេសថៃ បានបិទច្រកទ្វាព្រំដែននានា ដែលជាប់ជាមួយកម្ពុជា ជាឯកតោភាគីរួចមក គេសង្កេតឃើញប្រជាពលករខ្មែរជាច្រើននាក់ បានសម្រុកធ្វើដំណើរចូលក្នុងប្រទេសកម្ពុជាវិញ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនោះក៏មានពលករខ្មែរខ្លះមានជំងឺប្រចាំកាយ និងខ្លះទៀតខ្វះខាតសោហ៊ុយធ្វើដំណើរទៅស្រុកកំណើត ប៉ុន្តែទាំងនេះមិនចោទជាបញ្ហានោះទេ ដោយសារខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន តែងតែចុះជួបផ្ទាល់ ឬចាត់មន្ត្រីជំនាញចុះដោះស្រាយបញ្ហាទាំងនេះផងដែរ។
នៅថ្ងៃទី២៥ ខែមិថុនា នេះ ពលករខ្មែរដែលធ្លាប់បានធ្វើការនៅប្រទេសថៃ បានសម្តែងនូវការដឹង គុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបានជួយសម្របសម្រួល និងរ៉ាប់រងការចំណាយការព្យាបាលជំងឺរបស់ខ្លួនរហូតជាសះស្បើយ។
ពលករខ្មែរ ឈ្មោះ និត ស្រីនាង ភេទស្រី អាយុ១៩ឆ្នាំ មានស្រុកកំណើតភូមិអង្រ្គង ឃុំជ្រៃ ស្រុក មោងឫស្សី ខេត្តបាត់ដំបង ដែលមានអាការៈឈឺពោះសម្រាលកូន (ជាកូនទី២ក្នុងផ្ទៃ និងធ្លាប់វះកូនទីមួយ ម្តងរួចហើយ) ត្រូវបានរថយន្តសង្គ្រោះមណ្ឌលសុខភាពព្រំ បញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកអ្នកជំងឺម្នាក់ទៀតឈ្មោះ សេន មករា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិសារិកាកែវ ឃុំជើងរស់ ស្រុកមុន្នីជ័យ ខេត្តកំពង់ស្ពឺ មានជំងឺរលាកខ្នែងពោះវៀន ត្រូវបានគ្រូពេទ្យធ្វើការវះកាត់រួចរាល់ ហើយការវះកាត់ និងសម្រាលកូននេះគឺមិនមានការគិតថ្លៃនោះទេ។
ក្រោយទទួលបានដំណឹងអំពីស្ថានភាព របស់លោក សេន មករា និងឈ្មោះ និត ស្រីនាង ភ្លាមលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់មន្ត្រីជំនាញ ឱ្យចុះទៅសួរសុខទុក្ខ និងជួយសម្រួល ដល់ការសម្រាកព្យាបាល របស់អ្នកទាំងពីរនៅមន្ទីរពេទ្យ។ មិនតែប៉ុណ្ណោះ លោកស្រីអភិបាលខេត្ត ក៍បានបញ្ចេញថវិកាផ្ទាល់ខ្លួន ដើម្បីរ៉ាប់រងថ្លៃព្យាបាលទាំងស្រុង រហូតទាល់តែជាសះស្បើយ ហើយអាចត្រឡប់ទៅផ្ទះវិញបាន។
លោក សេន មករា បានថ្លែងទាំងទឹកមុខរំភើបថា៖ «ខ្ញុំពិតជាអរគុណលោកស្រី បាន ស្រីមុំ ខ្លាំងណាស់ ដែលបានជួយខ្ញុំ នៅគ្រាលំបាកបំផុត។ បើគ្មានការជួយជ្រោមជ្រែងពីលោកស្រីទេ ខ្ញុំមិនដឹងជាមានវាសនាបែបណាទេ។ ខ្ញុំសូមបួងសួងឱ្យលោកស្រីអភិបាលខេត្ត និងក្រុមគ្រួសារមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច»។
សកម្មភាពមនុស្សធម៌នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ របស់រដ្ឋបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្តប៉ៃលិន ចំពោះសុខុមាលភាព របស់ប្រជាពលរដ្ឋ ជាពិសេសពលករ ដែលបានលះបង់កម្លាំងកាយចិត្ត ទៅរកចំណូលទ្រទ្រង់គ្រួសារ និងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ៕








-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន7 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ