ព័ត៌មាន
សម្តេចប្រធានរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ សភាតំណាងប្រជាជនចិនខេត្តក្វាងទុង ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភា និងជំរុញការវិនិយោគបន្ថែមទៀត
សម្តេចមហារដ្ឋសភាធការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាតំណាងប្រជាជនចិនខេត្តក្វាងទុងនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម លីវ យេសេង ( Lyu Yesheng) សមាជិកគណៈកម្មាធិការនៃគណបក្សកុម្មុយនីស្តចិន និងជាអនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍នៃសភាតំណាងប្រជាជនចិនខេត្តក្វាងទុង នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់ ឯកឧត្តម លីវ យេសេង និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា គឺជាផ្នែកសំខាន់មួយ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដែកថែបនៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ទំនាក់ទំនងជាប្រវត្តិសាស្រ្តកម្ពុជានិងចិន កាន់តែមានលក្ខណៈស៊ីជម្រៅខ្លាំងឡើង ដោយថ្នាក់ដឹកនាំបច្ចុប្បន្ន ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងថ្នាក់ដឹកនាំបន្តវេន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិន រួមមាន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និងឯកឧត្តមនាយករដ្ឋមន្រ្តីចិន ដែលបានឯកភាពគ្នាដាក់ចេញនូវ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងផែនការសកម្មភាព ២០២៤-២០២៨” ដែលជាចក្ខុវិស័យ និងជាការប្តេជ្ញាចិត្តថ្មីមួយទៀតរវាងកម្ពុជា-ចិន ឆ្ពោះទៅការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងកម្រិតថ្មីមួយទៀត សំដៅសម្រេចបានការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
រដ្ឋសភាកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការតម្កល់ការអភិវឌ្ឍ និងផ្តោតលើប្រជាជនជាអាទិភាព ព្រមទាំងការជំរុញការតភ្ជាប់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា និងធ្វើឱ្យស៊ីជម្រៅនូវការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ។
ឯកឧត្តម លីវ យេសេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៅក្នុងឱកាសនេះ។ ឯកឧត្តមប្រធានគណៈប្រតិភូ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាអំពីគោលបំណងក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាតំណាងប្រជាជនចិនខេត្តក្វាងទុង និង រដ្ឋសភាកម្ពុជា ក៏ដូចជាដើម្បីជំរុញការវិនិយោគរវាងកម្ពុជានិងខេត្តក្វាងទុងឱ្យកាន់តែរីកចម្រើនឡើង។
ឯកឧត្តម បានយល់ស្របចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ដែលបានបញ្ជាក់យ៉ាងច្បាស់ពីចំណងមិត្តភាពដ៏ល្អនិងរឹងមាំរវាងកម្ពុជានិងចិន ដែលមានតំាងពីយូរលង់មកហើយ។ ចំណងមិត្តភាពនេះបានពូនជ្រំឥតឈប់ឈរដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់។ ឯកឧត្តមបាន ក៏បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ នៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។ ជាពិសេសសម្តេចបានបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីឆ្នាំកន្លងមក ទទួលបានផ្លែផ្ការជាទីមោទនៈនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងប្រទេសទំាងពីរ។
ឯកឧត្តម លីវ យេសេង បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ខេត្តក្វាងទុង ជាខេត្តមួយដែលមានអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា ជាច្រើនវិស័យ ពិសេសនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ ទំហំនៃការវិយោគរបស់ខេត្តក្វាងទុងនៅកម្ពុជា មានការកើនឡើងប្រមាណជា៣០% នៅក្នុងរយៈពេលចុងក្រោយនេះ។
ឯកឧត្តមប្រធានគណៈប្រតិភូបានលើកឡើងថា ខេត្តក្វាងទុង ជាខេត្តមួយដែលមានការរីកចម្រើននាំមុខគេរបស់ប្រទេសចិន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានគោរពញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូរដ្ឋសភាបំពេញទស្សនកិច្ចនៅខេត្តក្វាងទុង នាពេលខាងមុខ តាមពេលវេលាសមស្របណាមួយ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលយកការគោរពអញ្ជើញរបស់ ឯកឧត្តមប្រធានគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់អំពីការរីចម្រើនយ៉ាងខ្លំាងរបស់ខេត្តក្វាងទុង។ ខេត្តក្វាងទុង គឺជាខេត្តដែលសម្តេចប្រធានរដ្ឋសភា បានឈប់សម្រាក ពេលឆ្លងកាត់ផ្លាស់ប្តូរជើងយន្តហោះកាលពីពេលធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងឆ្នាំកន្លងទៅ។
ក្រៅពីការជំរុញការវិនិយោគនិងការទាក់ទាញអ្នកទេសចរពីខេត្តក្វាងទុងមកកម្ពុជាឱ្យកាន់តែច្រើនឡើង សម្តេចប្រធានរដ្ឋសភា មានសុទិដ្ឋិនិយមថា សភាតំណាងប្រជាជនចិនខេត្តក្វាងទុងនិងគំាទ្រកម្ពុជាបន្ថែមទៀតលើវិស័យអប់រំ បណ្តុះបណ្តាលធនធាមនុស្ស និងវិស័យសុខាភិបាល ដោយហេតុថា វិស័យទំាងពីរនេះ សុទ្ធសឹងជាវិស័យអាទិភាព ជួយដល់ប្រជាពលរដ្ឋ ពីព្រោះថាទំាងការអប់រំ និងសុខភាពជាកត្តាចំបងក្នុងការជំរុញគោលដៅអភិវឌ្ឍន៍របស់កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕





-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា