Connect with us

ព័ត៌មាន

កម្ពុជា ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវឱសថ កាបូតេក្រាវៀ (Cabotegravir) ចាក់ សម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឱសថឈ្មោះកាបូតេក្រាវៀ (Cabotegravir) ដែលជាប្រភេទ ឱសថចាក់ មានសកម្មភាពយូរ សម្រាប់បង្ការមុនពេលប្រឈម នឹងការឆ្លងមេរោគអេដស៍ ខេប-ព្រឹប(CAB-PrEP) ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ។

ការប្រកាសដាក់ឱ្យប្រើប្រាស់ ខេប-ព្រឹប (CAB-PrEP) នេះ គឺជាផ្តល់ជាជម្រើសថ្មីមួយ ប្រកបដោយនវានុវត្តន៍សម្រាប់ក្រុមប្រជាជនប្រឈមមុខ ដើម្បីជ្រើសរើសក្នុងការបង្ការខ្លួនពីការឆ្លងមេរោគអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព ហើយប្រទេសកម្ពុជា ក៏ជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលបានដាក់ឱ្យប្រើប្រាស់ CAB-PrEP នេះជាវិធីសាស្ត្រមួយ នៃយុទ្ធសាស្ត្របង្ការមេរោគអេដស៍ដែលមានលក្ខណៈរួមបញ្ចូលគ្នា និងផ្តល់ជម្រើសច្រើនក្នុងការបង្ការ។ ឱសថ CAB-PrEP នេះ ត្រូវចាក់រៀងរាល់ពីរខែម្តង ផ្តល់នូវជម្រើសមួយងាយស្រួល មានឯកជនភាព បន្ថែមលើជម្រើស PrEP លេប មានប្រសិទ្ធភាពខ្ពស់រហូតដល់ 95% ក្នុងការបង្ការមេរោគអេដស៍។

ប្រទេសកម្ពុជា បានដាក់ឱ្យប្រើប្រាស់ថ្នាំលេបសម្រាប់បង្ការមុនពេលប្រព្រឹត្តប្រឈម នឹងការឆ្លងមេរោគអេដស៍ (PrEP) ចាប់តាំងពីឆ្នាំ២០១៩។ ការផ្តល់ថ្នាំព្រឹបលេបបានជំរុញឱ្យប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីកលទ្ធភាពទទួលបានសេវាថ្នាំ PrEP លេប ជាពិសេសក្នុងចំណោមប្រជាជនដែលមានការប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ព្រមជាមួយនឹងវិធីសាស្ត្របង្កើនការយល់ដឹងពីតម្រូវការ ការគ្របដណ្តប់លើសេវា PrEP លេប និងសេវាធ្វើតេស្តរកមេរោគអេដស៍  បានក្លាយជាផ្នែកមួយដ៏សំខាន់ នៃការឆ្លើយតបនឹងមេរោគអេដស៍របស់ប្រទេសកម្ពុជា ដោយដាក់មូលដ្ឋានគ្រឹះសម្រាប់ការដាក់ឱ្យប្រើប្រាស់មធ្យោបាយបង្ការតាមបែបជីវវេជ្ជសាស្ត្រដទៃទៀត ដូចជា CAB-PrEP។ ក្នុងជំហានដំបូង ក្រសួងសុខាភិបាល នឹងដាក់ឱ្យប្រើប្រាស់ថ្នាំ CAB-PrEP នេះនៅគ្លីនិកជាតិព្យាបាលជំងឺអេដស៍ សើស្បែក និងកាមរោគ ( ART-1 and ART-2) គ្លីនិកជាតិទីតាំងទី២ នៅទួលគោក(NCHADS-AHF ART-3) មណ្ឌលសុខភាពទួលគោក និងសមាគមឈូកស (គ្លីនិកឈូកស)។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងថា៖ តាមរយៈការដាក់ឱ្យប្រើប្រាស់ឱសថ CAB-PrEP យើងកំពុងផ្តល់នូវជម្រើសថ្មីមួយទៀត នៃការបង្ការដែលមានសម្រាប់សហគមន៍របស់យើង ជាពិសេសក្រុមដែលប្រឈមមុខខ្ពស់បំផុតនឹងការឆ្លងមេរោគអេដស៍ ដើម្បីជំរុញការឈានទៅសម្រេចបានគោលដៅ ៩៥-៩៥-៩៥ នាឆ្នាំ២០២៥នេះ។ ការដាក់ឱ្យប្រើប្រាស់សេវា CAB-PrEP នេះ ធ្វើឡើងបន្ទាប់ពីវគ្គបណ្តុះបណ្តាលប្រកបដោយជោគជ័យ សម្រាប់អ្នកផ្តល់សេវាថែទាំសុខភាព ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) ក្នុងខែមេសា ឆ្នាំ២០២៥ ដោយមានការគាំទ្រពី UNAIDS និងការផ្តល់មូលនិធិពីក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសអូស្ត្រាលី(DFAT)។ វគ្គបណ្តុះបណ្តាលនេះបានបំពាក់បំប៉ន់សមត្ថភាពអ្នកផ្តល់សេវា និងបុគ្គលិកសហគមន៍ ចំនួន៥០រូប ជាមួយនឹងចំណេះដឹង និងជំនាញ ដើម្បីផ្តល់សេវា CAB-PrEP និងគាំទ្រការបង្កើតតម្រូវការសម្រាប់សេវានេះ។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បន្តថា៖ ការអនុវត្តជាដំណាក់កាល នៃ CAB-PrEP ត្រូវបានគាំទ្រដោយ UNAIDS, WHO និងដៃគូសំខាន់ៗផ្សេងទៀតជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិសកល និងរដ្ឋាភិបាលអូស្ត្រាលី។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបញ្ចប់ការចម្លងមេរោគអេដស៍នៅកម្ពុជា។

បន្ថែមពីលើ CAB-PrEP ក្រសួងសុខាភិបាល ក៏កំពុងរៀបចំដាក់ឱ្យប្រើប្រាស់នូវការប្រើកងមានជាតិថ្នាំដាពីវីរីន(Dapivirine) ដាក់ក្នុងទ្វារមាស ដើម្បីបង្ការការឆ្លងមេរោគអេដស៍ ដើម្បីពង្រីកបន្ថែមទៀតនូវកញ្ចប់មធ្យោបាយបង្ការមេរោគអេដស៍របស់ប្រទេសកម្ពុជា។

ទន្ទឹមគ្នានោះដែរ លោកស្រី Patricia Ongpin នាយិការបស់អង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី មានប្រសាសន៍ថា៖ គំនិតផ្តួចផ្តើមនេះគូសបញ្ជាក់ពីភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាចំពោះការបង្កើតថ្មីក្នុងវិស័យសុខភាពសាធារណៈ។ វាគឺជាគំរូមួយសម្រាប់តំបន់ និងជាសញ្ញានៃក្តីសង្ឃឹមសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយមេរោគអេដស៍។

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី ក៏សូមអំពាវឱ្យប្រជាជន ក្រុមប្រជាជនប្រឈមមុខខ្ពស់ នឹងការឆ្លងមេរោគអេដស៍ យុវវ័យ ត្រូវប្រកាន់ភ្ជាប់នូវផ្នត់គំនិត និងឥរិយាបថវិជ្ជមាន ក្នុងការបង្ការការចម្លងមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង គ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើងពីការរីករាល នៃមេរោគអេដស៍ ព្រោះថា «យើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ» និងបើបានប្រព្រឹត្ត ឬសង្ស័យថាខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ ចូលប្រញាប់រួសរាន់ទៅស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ដែលអាចប្រើប្រាស់ ក្នុងការសម្រេចចិត្ត ទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា៕

អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia