Connect with us

ព័ត៌មាន

ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត៖ កាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ធ្វើឡើងតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េតអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានអៈអាងថា កាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ធ្វើឡើងតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៥ ពិភាក្សាលើការអនុវត្ត“សារាចរអន្តរក្រសួងស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាននៃមូលនិធិក្រុង ស្រុក និងមូលនិធិ ឃុំ សង្កាត់”, នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំ”ខ” នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំនេះត្រូវអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារក្រុមប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត តាមរយៈចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញចំនួនសរុបប្រមាណ៧០នាក់។

ឯកឧត្តមបណ្ឌិត បានថ្លែងថា ចាប់តាំងពីមានការរាតត្បាតនៅឆ្នាំ១៩៩១មក ប្រទេសកម្ពុជាបានទទួលជោគជ័យត្រចះត្រចង់ក្នុងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ដោយទទួលបាននូវការទទួលស្គាល់ពីអង្គការសហប្រជាជាតិ ដែលជាកេរមរតកដ៏មានតម្លៃពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្តដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ មោះមុតនិងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំ២០២៤ កម្ពុជាសម្រេចបាន ៩២-១០០-៩៨ នៃគោលដៅ៩៥-៩៥-៩៥ ដែលអត្រាខ្ពស់ធៀបតំបន់និងពិភពលោក។ ករណីឆ្លងថ្មីនៃមេរោគអេដស៍មានចំនួន១.២០០ ចំនួនអ្នកស្លាប់បណ្តាលពីមេរោគអេដស៍មានប្រមាន១.០០០ករណី អត្រាប្រេវ៉ាឡង់មេរោគអេដស៍ក្នុងចំណោមប្រជាជនទូទៅមានប្រមាណ ០,៥ %។ ទន្ទឹមនឹងភាពជោគជ័យ យើងក៏កំពុងជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការធ្លាក់ចុះហិរញ្ញប្បទានខាងក្រៅ ការឆ្លងថ្មីនៅមិនទាន់ថយចុះតាមការកំណត់ជាពិសេសក្នុងចំណោមប្រជាជនគន្លឹះ និងយុវវ័យដែលអាយុពី១៥ទៅ២៤ឆ្នាំ។ ក្នុងតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានកំពុងយកចិត្តដាក់ខ្ពស់ក្នុងការដឹកនាំ សម្របសម្រួលឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យ តាមរយៈការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចកម្មវត្ថុចំនួនបី គឺ៖ ទី១ ការឆ្លងថ្មីនៃមេរោគអេដស៍តិចជាង១នាក់/ថ្ងៃ ឬក្នុងរង្វង់ជាង២០០នាក់/ឆ្នាំ, ទី២ កាត់បន្ថយការស្លាប់ដោយសារអេដស៍តិចជាង២០០នាក់/ឆ្នាំ, និងទី៣ លុបបំបាត់ការរើសអើង និងការមាក់ងាយអ្នកផ្ទុកមេរោគអេដស៍។

ជាមួយគ្នានោះដែរ លោក ម៉ុង ស៊ីតាណា តំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើបទបង្ហាញជម្រាបជូន ដែលផ្តោតលើ៖ ១)- ទិដ្ឋភាពទូទៅ នៃការគ្រប់គ្រងមូលនិធិក្រុង ស្រុក និងមូលនិធិ ឃុំ សង្កាត់ ២)- សមាសភាគនៃមូលនិធិ ក្រុង ស្រុក ឃុំ សង្កាត់ ៣)- ការរៀបចំ ការអនុម័ត និងការអនុវត្ត ៤)- គម្រោង ឫសកម្មភាពសេវាសង្គម និងអនាម័យបរិស្ថាន ៥)- គម្រោង ឬសកម្មភាព និងមាតិកាថវិកា និង៦)- ទិសដៅបន្តនៃការគ្រប់គ្រងមូលនិធិក្រុង ស្រុក និងមូលនិធិ ឃុំ សង្កាត់។ ការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាន នៃមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ អនុលោមទៅនឹង ១) អនុក្រឹតិ្យលេខ ១៥២ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ស្តីពី ការផ្ទេរធនធានពីថវិការដ្ឋជូនមូលនិធិក្រុង ស្រុក ២) អនុក្រឹតិ្យលេខ ១៥៣ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ស្តីពី ការផ្ទេរធនធានពីថវិការដ្ឋជូនមូលនិធិឃុំ សង្កាត់ និង៣) ចំណាយលើសេវាសង្គម និងអនាម័យបរិស្ថាន ជាផ្នែកមួយនៃចំណាយរបស់ធនធានមូលនិធិក្រុង ស្រុក និងឃុំ សង្កាត់។ ធនធានមូលនិធិក្រុង ស្រុក ឃុំ សង្កាត់ ត្រូវចែកចេញជា៣ សមាសភាគដូចជា៖ ១) សមាសភាគរដ្ឋបាលទូទៅ ២) សមាសភាគសេវាសង្គម និងអនាម័យបរិស្ថាន និង៣) សមាសភាគអភិវឌ្ឍន៍មូលដ្ឋាន ដោយប្រើប្រាស់នូវប៉ារ៉ាម៉ែត្រចំណាយសម្រាប់សមាសភាគសេវាសង្គម និងអនាម័យបរិស្ថាន។មុខសញ្ញាចំណាយគម្រោង ឬសកម្មភាពសេវាសង្គម និងអនាម័យបរិស្ថាន អាចធ្វើបច្ចុប្បនភាព តាមការចំបាច់ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គមសេដ្ឋកិច្ចនិងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ដែលរួមមាន ១១ គម្រោង (សេវាសង្គម ចំនួន៨ និង បរិស្ថាន ចំនួន ៣) ក្នុងនោះមាន៖១) ការលើកកម្ពស់សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ ២) ពង្រឹង និងពង្រីកការអប់រំកុមារតូច ៣) ការលើកកម្ពស់គុណភាពអប់រំបឋមសិក្សា និងមធម្យសិក្សា ៤) កិច្ចការពារស្ត្រី និងកុមារ ៥) ការលើកកម្ពស់សមភាពយេនឌ័រ ៦) កិច្ចអន្តរាគមន៍គាំទ្រ និងជំរុញការអនុវត្តកិច្ចគាំពារសង្គម ៧) ពង្រឹងការយល់ដឹង និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លង និងជំងឺមិនឆ្លង ៨) ការលើកកម្ពស់គណនេយ្យភាពសង្គម ៩) ទឹកស្អាត និងអនាម័យ ១០) ការគ្រប់គ្រងសំណល់រឹង រាវ និង១១) ការប្រែប្រួលអាកាសធាតុ។

ក្រោយកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុលពីសមាជិក សមាជិកានៃកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានមានប្រសាសន៍ថា កាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាធ្វើឡើងតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។ ក្នុងគោលបំណងមោះមុតឆ្ពោះទៅបញ្ចប់អេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈ រាជរដ្ឋាភិបាលបានបង្កើនថវិកាសម្រាប់កម្មវិធីអេដស៍ពីមួយឆ្នាំទៅមួយឆ្នាំ។ វិធាន និងនីតិវិធីនៃការអនុវត្តថវិកាត្រូវបានកែសម្រួលនិងបង្កើតថ្មីដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សារាចរអន្តរក្រសួងស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកា សេវាសង្គម និងអនាម័យបរិស្ថាននៃមូលនិធិក្រុង ស្រុក និងមូលនិធិ ឃុំ សង្កាត់ គឺឧបករណ៍ថ្មីមួយទៀត សម្រួលដល់រដ្ឋបាលក្រុង ស្រុង និងឃុំ សង្កាត់ក្នុងផ្តល់សេវាសង្គម និងអនាម័យបរិស្ថាន រួមជាមួយសកម្មភាពឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅមូលដ្ឋានផងដែរ៕

អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia