ព័ត៌មាន
ក្រសួងការងារ បើកកិច្ចប្រជុំជាមួយតំណាងអង្គការ ILO ផ្ដោតលើវឌ្ឍនភាពវិស័យការងារនៅកម្ពុជា
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក Lars Johansen នាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួនទាក់ទងនឹងវឌ្ឍនភាពវិស័យការងារនៅកម្ពុជា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងសហប្រតិបត្តិការគាំពារពលករទេសន្តរប្រវេសន៍ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្រោយចប់កិច្ចប្រជុំនេះ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការ ILO កន្លងមក ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យមានវឌ្ឍនភាពវិស័យការងារនៅកម្ពុជា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលជាតួអង្គសំខាន់ក្នុងការផ្ដល់ឱកាសការងារជូនពលរដ្ឋទូទៅ និងយុវជន។ អ្វីដែលសំខាន់នាពេលនេះ គឺក្រសួងបានដាក់ពង្រាយទាំងឱកាសការងារ ទាំងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងសេវាគាំពារសង្គមនានា នៅមុខព្រំដែន ដើម្បីជួយផ្ដល់ឱកាសការងារជូនពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ក្រោយពីមានវិធានការរបស់ថៃដែលបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍពាក់ព័ន្ធ ជាពិសេសអង្គការ ILO ឱ្យបន្តសហការលើយន្តការគាំពារពលករចំណាកស្រុក និងលុបបំបាត់ពលករទេសន្តរប្រវេសន៍ ក្នុងវិស័យការងារដែលមិនមានសុវត្ថិភាព ដើម្បីលើកកម្ពស់ការគាំពារសិទ្ធិពលករ ការផ្ដល់ឱកាសឱ្យពួកគាត់ទទួលបានការងារសមរម្យ និងមានសុវត្ថិភាព។
ជាការឆ្លើយតប លោកនាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាសេនាធិការក្នុងការដោះស្រាយការប្រឈមនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ អង្គការ ILO នឹងបន្តគាំទ្រ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ