ព័ត៌មាន
មញ្ជូសាសម្ដេច ជា ស៊ីម និងភរិយា ត្រូវបានដង្ហែពីភ្នំពេញមកតម្កល់ធ្វើបុណ្យ៣ថ្ងៃ នៅស្រុកកំណើត ស្រុកកំចាយមារ ខេត្តព្រៃវែង
មញ្ជូសាសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម ត្រូវបានក្រុមគ្រួសារ និងសាច់ញាតិ ដង្ហែចេញពីចេតិយ វត្តមុនីប្រសិទ្ធីវង្ស រាជធានីភ្នំពេញ ឆ្ពោះមកកាន់ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។

ពិធីដង្ហែមញ្ជូសា សម្ដេច ជា ស៊ីម និងលោកជំទាវ បានប្រព្រឹត្តទៅនាម៉ោង៦ព្រឹក តម្រាយតាមផ្លូវជាតិលេខ៦A ឆ្លងស្ពានព្រែកតាមាក់ ឆ្ពោះមកដល់ទឹកដីឃុំក្របៅ ស្រុកកំចាយមារ នាម៉ោង៩ព្រឹក ដោយមានការអញ្ជើញដឹកនាំក្បួនដង្ហែ ពីលោកជំទាវ ញ៉ែម សាខន សម្ដេចក្រឡាហោម ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិកក្រុមគ្រួសារ និងសាច់ញាតិជាច្រើនរូបទៀត។

នៅឃុំក្របៅ ទឹកដីកំណើត និងការតស៊ូ ក្រុមគ្រួសារបានរៀបចំពិធីបុណ្យពុទ្ធាភិសេក ឆ្លងសារមន្ទីរ ពិស្ដារប្រាំពីរចប់ គម្រប់ខួប១០ឆ្នាំ និង១៦ឆ្នាំ ដើម្បីឧទ្ទិសកុសលជូន សម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ បន្តរហូតថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងអំឡុងនៃពិធីបុណ្យ ក៏មានកម្មវិធីជយតុរូបសំណាកសម្ដេចធម្មពោធិសាល តម្កល់ក្នុងបរិវេណសាកលវិទ្យាល័យជាស៊ីមកំចាយមារផងដែរ។
ពិធីបុណ្យនេះ ក៏នឹងមានការយាង និងអញ្ជើញចូលរួមពីឥស្សរជនជាតិកំពូលៗ ថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងតុលាការ ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គទូតនៃប្រទេសជាមិត្តប្រចាំនៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយស និងមហាជនជាច្រើនរូបទៀត។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃរដ្ឋបាលខេត្តព្រះវិហារកាលពីពេលថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា សម្ដេច និងឥស្សរជនជាតិកំពូលៗ រួមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអញ្ជើញចូលរួមពិធីបុណ្យ សម្ដេច ជា ស៊ីម និងលោកជំទាវ នាថ្ងៃទី២ ខែកក្កដា។
សម្ដេចតេជោ បានមានប្រសាសន៍ថា វត្តមាននៃការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំជាតិ និងគណបក្សប្រជាជនកម្ពុជា គឺជាការបង្ហាញឱ្យឃើញនូវស្មារតីសាមគ្គីរឹងមាំជាអមតៈ ដោយសម្ដេចបានសង្កត់ធ្ងន់ទៀតថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាពុំដែលចោលគ្នានោះឡើយ ហើយស្មារតីនេះ ជាលំអានដ៏ឧត្តុង្គឧត្តមសម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយៗ។
សូមបញ្ជាក់ថា សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បានទទួលអនិច្ចកម្ម កាលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ៨៣ឆ្នាំ ចំណែកលោកជំទាវ ញ៉ែម សឿន ជា ស៊ីម បានទទួលអនិច្ចកម្មកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៩។ សម្ដេចធម្មពោធិសាល ជា ស៊ីម ជាសហស្ថាបនិករណសិរ្ស២ធ្នូ ដែលដឹកនាំការវាយផ្ដួលរំលំរបបខ្មែរក្រហមដោយជោគជ័យ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
សម្ដេចធម្មពោធិសាល ជា ស៊ីម ធ្លាប់កាន់មុខតំណែង និងតួនាទីជាអនុប្រធានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានសភាប្រជាជន ជាប្រធានក្រុមប្រឹក្សារដ្ឋ ជាអ្នកតំណាងរាស្ត្រ ជាប្រធានរដ្ឋសភា ជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា រហូតដល់ថ្ងៃទទួលអនិច្ចកម្ម។
សម្ដេចទទួលការប្រោសព្រះរាជប្រទាន គោរមងារពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាសម្តេចអគ្គមហាធម្មពោធិសាល កាលពីអំឡុងឆ្នាំ២០០៧ និងតែងតាំងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ កាលពីខែធ្នូ ឆ្នាំ២០០៩ ជាមួយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕


-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន7 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ