ព័ត៌មាន
នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្របពេលខួប៦០ឆ្នាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទសទាំងពីរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ។ ដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនេះ ជាការបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ដែលមានអាយុគម្រប់៦០ឆ្នាំនៅឆ្នាំ២០២៥នេះ។
ឯកឧត្តម នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ប្រទេសសិង្ហបុរី បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ ៨៖៤០នាទី។ ជាមួយដំណើរអញ្ជើញដល់របស់លោកនាយករដ្ឋមន្ត្រី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងនោះរួមមានឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ឈិត កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិកាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ, ឯកឧត្តម អ៊ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជានៅព្រឹកនេះ ឯកឧត្តម ឡរ៉េន វ៉ុង បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី ក៏នឹងមានព្រះរាជសាវនាការជាមួយព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង, មានជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។
ឯកឧត្តម នាយករដ្ឋមន្រ្ដីសិង្ហបុរី ក៏នឹងមានជំនួបទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើការពិភាក្សាស៊ីជម្រៅបន្ថែមទៀត លើទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងសិង្ហបុរី។
កម្ពុជា និងសិង្ហបុរី បានភ្ជាប់ទំនាក់ទំនងផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឡរ៉េន វ៉ុង កើតឡើងស្របពេលនៃការប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងសិង្ហបុរី ដែលជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរីផងដែរ។ ដំណើរទស្សនកិច្ចនាពេលនោះក៏ទទួលបានលទ្ធផលល្អប្រសើរជាច្រើនដែលជាការបោះជំហានថ្មីមួយទៀតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន